ដោយ៖ ទូច សុខា | ថ្ងៃចន្ទ ទី12 មករា 2015,
មន្ត្រីអាជ្ញាធរជាតិអប្សរាឲ្យដឹងថា ចំណូលបានពីការលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទអង្គរក្នុងឆ្នាំ២០១៤បានជិត៦០លានដុល្លារ កើនឡើង២,៨៨ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ២០១៣ ខណៈចំនួនភ្ញៀវបរទេសចូលទស្សនាមានការកើនឡើង១,៨៨ភាគរយ ។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា អ្នកស្រី ចៅស៊ុន កិរិយា ប្រាប់VODនៅរសៀលថ្ងៃសុក្រនេះថា ចំណូលដុលដែលបានពីការលក់សំបុត្រឲ្យភ្ញៀវបរទេសចូលទស្សនាអង្គរសម្រាប់ឆ្នាំ២០១៤មានចំនួន ៥៩ ៣៤២ ០០០ ដុល្លារ កើនឡើងជាង១,៦លានដុល្លារលើសឆ្នាំ២០១៣ ដែលបានលក់បាន ៥៧ ៦៨៧ ៦៨០ដុល្លារ ។ អ្នកស្រីឲ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទអង្គរវត្តក្នុងឆ្នាំ២០១៤ មានចំនួន ២ ០៥៩ ៧២០នាក់ កើនឡើងជិត៤ម៉ឺននាក់ បើធៀបជាមួយឆ្នាំ២០១៣ ដែលមានភ្ញៀវមកទស្សនាចំនួន ២ ០២១ ៧១៥ នាក់ ។
អ្នកស្រី ចៅស៊ុន កិរិយា ឲ្យដឹងទៀតថា ភ្ញៀវបរទេសដែលចូលទស្សនាអង្គរភាគច្រើនទិញសំបុត្រចូលទសស្សនាអង្គររយៈពេល១ថ្ងៃក្នុងតម្លៃ២០ដុល្លារ ។ អ្នកស្រីថា ភ្ញៀវភាគច្រើនជាជនជាតិអាស៊ី ហើយភ្ញៀវទាំងនោះមិនសូវចំណាយពេលយូរក្នុងការទស្សនានោះទេ ។ អ្នកស្រីបន្តថា «វាមាន (ប្រភេទសំបុត្រចូលទស្សនាអង្គរ)១ថ្ងៃ ៣ថ្ងៃ និង៧ថ្ងៃ អាច្រើនជាងគេគឺ១ថ្ងៃ ដូចក្មួយឯងដឹងស្រាប់ហើយ ទេសចរពីអាស៊ីយើងគាត់មិនសូវនៅយូរនោះទេ តិចបំផុតសំបុត្រ៧ថ្ងៃ មានតិចណាស់អ្នកណាដែលនៅអង្គរ៧ថ្ងៃ» ។
អ្នកស្រី ចៅស៊ុន កិរិយា ឲ្យដឹងថា ភ្ញៀវដែលមកទស្សនាអង្គរច្រើនជាងគេគឺទី១មកពីប្រទេសវៀតណាម ទី២ កូរ៉េខាងត្បូង និងទី៣មកពីប្រទេសចិន ។
ទាក់ទិននឹងបញ្ហាចំណូល និងចំនួនភ្ញៀវទិញប័ណ្ណចូលទស្សនាអង្គរនេះ កន្លងទៅអនុប្រធានគណៈកម្មការហិរញ្ញវត្ថុ ធនាគារ និង សវនកម្មនៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានលើកឡើងថា ភ្ញៀវទេសចរដែលចូលទស្សនាអង្គរក្នុងឆ្នាំ២០១៤មានប្រហែលជា៣លាននាក់ ហើយភ្ញៀវភាគច្រើនទិញប័ណ្ណចូលទស្សនារយៈពេល៣ថ្ងៃ ក្នុងតម្លៃ៤០ដុល្លារ តែការលើកឡើងនេះត្រូវបានអាជ្ញាធរជាតិអប្សរាបានបដិសេធចោល និងបានចាត់ទុកថាជាការនិយាយភូតកុហកសាធារណៈជន ។
អ្នកសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយ្យភាពសង្គមនៅអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក សន ជ័យ យល់ថា ការខ្វែងគំនិតគ្នាទៅលើតួលេខនេះគួរតែត្រូវលើកជារបៀបវារៈក្នុងការប្រជុំបើកចំហមួយដោយមានការចូលរួមពីបក្សប្រឆាំង សង្គមស៊ីវិល ប្រជាពលរដ្ឋ និងអាជ្ញាធរអប្សរាជាដើម ដើម្បីជៀសវាង ការចោទប្រកាន់គ្នាទៅវិញទៅមក ។
លោក សន ជ័យ បន្ថែមថា «ការបង្ហាញព័ត៌មានគ្នាទៅវិញទៅមក ជាពិសេសគឺការជួបប្រជុំគ្នាណាមួយនោះ គឺនឹងបានទទួលមតិយោបល់ត្រឡប់ពីសង្គមស៊ីវិល ប្រជាពលរដ្ឋ ពីរដ្ឋាភិបាល ពីវិស័យផ្សេងៗដែលជាប់ពាក់ព័ន្ធហ្នឹង...វាជារបៀបដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណូលពីអង្គរវត្ត» ។
លោក សន ជ័យ បន្ថែមថា «ការបង្ហាញព័ត៌មានគ្នាទៅវិញទៅមក ជាពិសេសគឺការជួបប្រជុំគ្នាណាមួយនោះ គឺនឹងបានទទួលមតិយោបល់ត្រឡប់ពីសង្គមស៊ីវិល ប្រជាពលរដ្ឋ ពីរដ្ឋាភិបាល ពីវិស័យផ្សេងៗដែលជាប់ពាក់ព័ន្ធហ្នឹង...វាជារបៀបដើម្បីធ្វើឲ្យប្រសើរឡើងនូវចំណូលពីអង្គរវត្ត» ។
លោក សន ជ័យ យល់ថា ចំណូលពីអង្គរគឺជាចំណូលដ៏ស្ងាត់ស្ងៀមតាំងពីដើមមក ដែលមិនងាយនឹងមាននរណាម្នាក់បានទទួលព័ត៌មាន ហើយលោកជម្រុញឲ្យគ្រប់ភាគីចាប់ផ្តើមប្រើប្រាស់យន្តការតម្លាភាពចាប់ពីពេលនេះតទៅ ។
កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានឲ្យដឹងថា ក្រសួងប៉ាន់ប្រមាណថាក្នុងឆ្នាំ២០១៥ ប្រទេសកម្ពុជាអាចទទួលភ្ញៀវទេសចរណ៍ចំនួន៤លាន៥សែននាក់ ដែលភាគច្រើនមកពីតំបន់អាស៊ីអាគ្នយ៍ ៕
សូមសរសេរមកកាន់លោក ទូច សុខា តាមរយៈ sokha@vodhotnews
No comments:
Post a Comment