ភ្នំពេញៈ បន្ទាប់ពីគណបក្សហ៊្វុនស៊ិនប៉ិចបានធ្វើរដ្ឋប្រហារបណ្តេញចេញពីបក្សកាលពី ៩ ឆ្នាំមុន ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលជាអតីតព្រះប្រធានបក្សនេះ បានប្រកាសជាផ្លូវការថា ព្រះអង្គយាងមកធ្វើជាប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ជាថ្មីម្តងទៀត ដោយចាប់ផ្តើមរៀបយុទ្ធសាស្ត្រជាថ្មីប្រមែប្រមូលអ្នករាជានិយម និងអ្នកសីហនុនិយម ដើម្បីដោះស្រាយបញ្ហាជាតិនោះ ព្រះអង្គបានផ្តល់បទសម្ភាសដល់អ្នកយកព័ត៌មានកាសែតភ្នំពេញ ប៉ុស្តិ៍ដូចខាងក្រោម៖
តើមានកត្តាអ្វីខ្លះបានជាព្រះអង្គសម្រេចព្រះទ័យយាងត្រឡប់មកធ្វើជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច វិញ?
ទិសដៅចម្បងគឺតាមព្រះរាជឱវាទឪពុករបស់ខ្ញុំនាថ្ងៃទី ៣០ ខែ តុលា ២០១១ ព្រោះព្រះអង្គទតឃើញហើយបានមានព្រះរាជបន្ទូលថា លោកបិទភ្នែកជិតគឺប្រមែប្រមូលអ្នករាជានិយមនិងអ្នកសីហនុនិយមនិងអ្នកស្នេហាជាតិទាំងអស់ជាកម្លាំងនយោបាយជាតិបូកនិងកម្លាំងជាតិដោះស្រាយបញ្ហាជាតិ ហើយលោកមិនបានមានព្រះរាជបន្ទូលសោះពីគណបក្សសង្គ្រោះជាតិ ពីឯឧត្តម សមរង្ស៊ី នោះទេ លោកមានព្រះរាជបន្ទូលថា កម្លាំងជាតិនេះគឺ កម្លាំងគណបក្សប្រជាជនហើយលោកបញ្ជាក់ទៀតថា CPP ដឹកនាំដោយសម្ដេច ហ៊ុន សែន គឺកម្លាំងពីររួបរួមជាកម្លាំង បើយើងធ្វើអ៊ីចឹងហើយយើងមានលទ្ធភាពដោះស្រាយបញ្ហាជាតិហ្នឹងជាមូលហេតុចម្បងបំផុត មូលហេតុទីពីរវានៅតែមូលហេតុទីមួយដដែល ខ្ញុំឃើញថា វារហេមរហាមពេកដែលគេមើលមកឃើញគណបក្សរាជានិយមមួយពីរ គណបក្ស ហ៊្វុនស៊ិនប៉ិច និងគណបក្សសង្គមរាស្រ្តប្រជាធិបតេយ្យ បើយើងហើយចង់ប្រមែប្រមូលកម្លាំងរាជានិយមឲ្យទៅជាកម្លាំងធំមួយថ្មីទាល់តែយើងមានតែមួយគត់ ហើយក៏គ្មានអ្វីក្រៅពីគណបក្ស ហ៊្វុនស៊ិនប៉ិច ទេព្រោះជាស្នាប្រហស្តសម្ដេចតានិងតាទួតដែលព្រះអង្គប្រទានឲ្យខ្ញុំតាំងពីឆ្នាំ ១៩៩១ មកម្ល៉េះ។
តើព្រះអង្គមានយុទ្ធសាស្រ្តរបៀបណា ក្នុងការបង្រួបបង្រួមអ្នករាជានិយមឡើងវិញ?
យុទ្ធសាស្រ្តរបស់ខ្ញុំៗសុំជម្រាបថា មិនបាច់និយាយច្រើនទេគណបក្ស ហ៊្វុនស៊ិនប៉ិច ក្តី ន.រ ក្ដីគណបក្សសង្គមរាស្រ្តរាជាធិបតេយ្យក្ដីវាមានមូលដ្ឋានរួចអស់ទៅហើយ មានគ្រប់ខេត្តទាំងអស់ ពេលដែលខ្ញុំបង្កើតគណបក្សថ្មីនេះ ពេលដែលខ្ញុំត្រូវការជូនក្រសួងមហាផ្ទៃតែ ៤០០០ សំឡេងទេ តែខ្ញុំប្រមូលបាន ៧៤០០ សំឡេងជាង សំឡេងនេះមិនមែនត្រឹមតែផ្ដិតមេដៃទេតែសុំចូលជាសមាជិក ដូច្នេះហើយយុទ្ធសាស្រ្តធំមួយប្រមែប្រមូលសំឡេងដែលខ្ញុំមាន ខ្ញុំឆ្លៀតឱកាសនេះថា អ្នកដែលចូលចិត្តនិយាយថា ខ្ញុំមកបំបែកបំបាក់សំឡេងអ្នកប្រជាធិបតេយ្យ ខ្ញុំមិនមានគោលដៅបំបែកបំបាក់សំឡេងអ្នកប្រជាធិបតេយ្យទេ ទិសដៅធំបំផុតរបស់ខ្ញុំគឺប្រមែប្រមូលដែលខ្ញុំនរោត្តម រណឫទ្ធិរបស់សម្ដេចតាដែលលោកមានហើយ គ្រាន់តែឲ្យទៅជាការរួបរួមគ្នាជាកម្លាំងជាតិដើម្បីនិងដោះស្រាយបញ្ហាជាតិ ទីពីរ យុទ្ធសាស្រ្តវាខុសគ្នា ថ្វីដ្បិតតែគណបក្សសង្គ្រោះជាតិយល់ថាកម្ពុជាត្រូវដោះស្រាយបញ្ហា ក ខ គ ឃ ង តែទម្លាប់របស់គាត់គឺប្រើនូវកម្លាំងរបស់រាស្រ្ត ឈាមរបស់រាស្រ្តយកមកដោះស្រាយបញ្ហា ហើយបញ្ហាដែលគាត់ចង់ដោះស្រាយនេះ ខ្ញុំសូមជម្រាបវាមិនមែនត្រឹមតែដោះស្រាយបញ្ហាជាតិ ខ្ញុំសុំទះដៃជូន តែគាត់ដោះស្រាយបញ្ហាធំបំផុតគឺអំណាចរបស់គាត់ ប្រើឈាមរាស្រ្តដើម្បីអំណាចរបស់គាត់។
ខ្ញុំខុសគ្នា ប្រហែលគ្នាបញ្ហាព្រំដែន អធិបតេយ្យ បញ្ហាឯករាជ្យជាតិ បញ្ហាបង្រួបបង្រួមជាតិ បញ្ហាដីធ្លី បញ្ហាអយុត្តិធម៌ បញ្ហាតុលាការមិនឯករាជ្យដែលបានចែងក្នុងរដ្ឋធម្មនុញ្ញខ្មែរច្បាស់ណាស់ បញ្ហាជនអន្តោប្រវេសន៍ ខ្ញុំសុំបង្កើតក្រសួងអន្តោប្រវេសន៍មួយយូរណាស់ហើយ មិនទាន់បានទេ យូរណាស់ហើយ ដូច្នេះហើយខ្ញុំចង់ដោះស្រាយបញ្ហានេះ ដោយធ្វើតាមឪពុកខ្ញុំ វាខុសគ្នាត្រង់ហ្នឹង មិនធ្វើបាតុកម្មឲ្យមនុស្សជាប់គុក និងឲ្យមនុស្សស្លាប់នោះទេ ខ្ញុំសុខចិត្តធ្វើជាដៃគូពិតប្រាកដ មិនដូចមុនទេ (នៅក្នុងរដ្ឋាភិបាលចម្រុះ) ដើម្បីដោះស្រាយបញ្ហា វាខុសគ្នាត្រង់ហ្នឹង ថាមួយប្រើឈាមខ្មែរមួយមិនប្រើឈាមខ្មែរ ខ្ញុំធ្វើជាដៃគូជាមួយបក្សកាន់អំណាច ពួកបារាំងគេចូលចិត្តនិយាយពីសម្ដេចហ៊ុនសែនមុន ខ្ញុំក្រោយ ពីរនាក់ចាប់ដៃគ្នាដើម្បីនាំមកវិញនូវរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញរហូតដល់សព្វថ្ងៃនេះ ហើយខ្ញុំមានជំនឿថា ខ្ញុំឃើញសម្ដេចហ៊ុនសែនលោកសន្យាជាមួយសពឪពុកខ្ញុំថា លោក និងថែរក្សារបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឲ្យបានគង់វង្ស ជានិរន្តរភាពរបបនេះសម្រាប់ជូនជាតិ ខ្ញុំក៏មានគោលដៅដូចគ្នាដែរ ដូច្នេះគោលដៅដូចគ្នាវានឹងជាប់ទៅជាមួយគ្នា។
ខួប៧មករា ឆ្នាំ១៩៧៩កាលពីថ្ងៃ៧មករា ឆ្នាំ២០១៥កន្លងទៅនេះបានបង្ហាញការកាន់កាប់តំណែងនាយករដ្ឋមន្រ្តីយ៉ាងស្ងប់ស្ងាត់របស់លោក ហ៊ុន សែន ជាង ៣០ ឆ្នាំ តើព្រះអង្គយល់ឃើញយ៉ាងណាដែរនៅពេលព្រះអង្គយាងត្រឡប់មកវិញនេះ?
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាន់អំណាចយូរឬឆាប់ វាស្រេចតែប្រជាពលរដ្ឋខ្មែរ បន្តិចទៀតដល់ពេលដែលលោកសម្រេចហើយក្នុងការបោះឆ្នោតនាពេលខាងមុខនេះអ្នកដែលនិយាយថា គាត់កាន់អំណាចយូរមិនត្រឹមត្រូវទេ ខ្ញុំថាបើខ្មែរយើងចង់ជួយជាតិពិតប្រាកដ ណា វាមានផ្លូវចេញតែមួយគត់គឺរួបរួមគ្នាធ្វើឲ្យ គ.ជ.ប មានភាពអព្យាក្រឹតរបស់ប្រជាពលរដ្ឋខ្មែរពិតប្រាកដ បើ គ.ជ.ប វាកណ្ដាលហើយ បើគេរើសសម្ដេចហ៊ុនសែនកាន់អំណាចទៀត នេះមិនដឹងធ្វើម៉េច ពីព្រោះប្រជារាស្រ្តលោកសម្រេចឆ្លងតាម គ.ជ.ប ដ៏ត្រឹមត្រូវខ្ញុំត្រៀមទទួល។ ខ្ញុំមិនរិះគន់សម្ដេចនាយករដ្ឋមន្រ្តីទេ។ ខ្ញុំធ្លាប់និយាយជាមួយនាយករដ្ឋមន្រ្តីថា ត្រូវតែមានការកែទម្រង់ពិតប្រាកដ ហើយលោកប្រាប់ខ្ញុំថា ចង់បានដៃគូមួយ កាន់អំណាច ឬមិនកាន់អំណាច តែគឺជាភាគីមួយជំរុញដោះស្រាយបញ្ហាជូនជាតិ នេះគឺគាត់ចង់បាន និងត្រូវការ។
កង្វល់ដដែលៗដូចជាអំពើពុករលួយ បំផ្លាញធនធានធម្មជាតិ ជម្លោះដីធ្លី តើបញ្ហាទាំងអស់នេះ តើព្រះអង្គអាចនឹងដោះស្រាយបានទេ ដើម្បីដណ្តើមយកប្រជាប្រិយភាពនាពេលបោះឆ្នោតខាងមុខ?
បញ្ហាបរិស្ថាន ក្រសួងបរិស្ថានសព្វថ្ងៃនេះ តាំងពីឆ្នាំ ១៩៩៣ មកម្ល៉េះ ខ្ញុំរវល់ណាស់ កាលជំនាន់ឪពុក ខ្ញុំទំហំព្រៃឈើមាន ៧៣ ភាគរយ ឥឡូវមិនបាន ២០ ភាគរយទេ ហើយមិនមែនតែស្រុកយើងទេ និយាយពីជនអន្តោប្រវេសន៍ ខ្ញុំសុំម្ដងហើយម្ដងទៀតមិនដែលបានទេការបង្កើតនូវក្រសួងអន្តោប្រវេសន៍ នេះហើយដែលខ្ញុំត្រូវត្រឡប់មកវិញដើម្បីដោះស្រាយរឿងដដែលៗនេះ ព្រោះរឿងទាំងអស់នេះនរោត្តម រណឫទ្វិបានធ្វើរួចអស់ហើយ ណាក្រសួងអភិវឌ្ឍជនបទ ទឹកស្អាត ក្រសួងការងារ បើយើងដោះស្រាយបានបងប្អូនខ្មែរយើងនឹងមិនរហេមរហាមក្នុងការរកការងារធ្វើទេ ថៃគេយកខ្មែរទៅធ្វើទេសចរ ខ្ញុំបានឯកភាពជាមួយឪពុកខ្ញុំ ត្រឡប់មកដោះស្រាយបញ្ហាទាំងអស់នេះ។ ខ្ញុំសង្ឃឹមថា កម្លាំងមួយបូកនិងកម្លាំងមួយ ថែរក្សានិរន្តរភាពរបបរាជានិយម ដោះស្រាយបញ្ហារួមគ្នា។
តើព្រះអង្គមានសុទិដ្ឋិនិយមក្នុងការបោះឆ្នោតនៅពេលខាងមុខនេះទេ?
កុំសួរខ្ញុំពីចំនួនអាសនៈទុកជូនប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យ ខ្ញុំនៅមើលឃើញអ្នកបោះឆ្នោតដែលគាំទ្ររាជានិយមនៅមានច្រើនណាស់ យើងនិយាយពីមនុស្ស ៣ លាននាក់ដែលអនុបវាទមិនបានទៅបោះឆ្នោតមូលហេតុអ្វី ហើយបើខ្ញុំបានតែ ៥០០ ០០០ លើ ៣ លានក៏គ្រាន់បើដែរ ហើយ ៦០ ភាគរយនៃអ្នកបោះឆ្នោតខាងមុខនេះគឺជាយុវជននិងយុវនារី ដូច្នេះយើងត្រូវគិតពីអនាគតអ្នក ៦០ ភាគរយនេះ បើយើងធ្វើឲ្យអ្នក ៣ លានអញ្ជើញទៅបោះឆ្នោតបានក៏យើងបានច្រើនគ្រាន់បើដែរ។
តើព្រះអង្គមានការវាយតម្លៃយ៉ាងណាពីស្ថានភាព ហ៊្វុនស៊ិនប៉ិច នាពេលបច្ចុប្បន្ននេះ?
ហ៊្វុនស៊ិនប៉ិច ថាសូន្យហើយ យកស្អីមកចែកក៏សូន្យដែរ ខ្ញុំមកដឹកនាំឡើងវិញ គឺជាគណបក្សរាជានិយមពិតប្រាកដ បង្កើតដោយសម្ដេចតា តាទួត គ្មានពីណាស្នេហាជាតិជាងព្រះអង្គ។ យើងនៅសល់ពីរឆ្នាំទៀតបានបោះឆ្នោត។ ហើយខ្ញុំក៏បានត្រៀមរួចរាល់អស់ហើយ៕
2 comments:
This Khmer parasite was a big liar like his father . he know how to lie from inside his mother womb . Right now the shameless , gutless , womanize craving come out to destroy our Khmer social fabric to please the traitor regime strategy so call divide for concur . Did Khmer still believe him again ?
A pongkdar you are not different from you devil sihanouk prett.
Post a Comment