A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 18 January 2015

Phnom Kheav Water Falls in Pailin is described as an unpolished gem ទឹកជ្រោះ​ភ្នំ​ខៀវនៅ​ ប៉ៃលិន ​បីដូច​ត្បូងពេជ្រ​តែ​មិន​ទាន់​ច្នៃ

Content image - Phnom Penh Post
ស្នូរ​ទឹកជ្រោះ​ដ៏ត្រជាក់​ពណ៌​សក្បុស​ត្រដុស​ផ្ទាំង​ថ្ម​ជាច្រើន​ជាន់ បន្ទរ​សូរសៀង​បក្សាបក្សី​ខ្ញៀវខ្ញារ​ពី​ព្រៃព្រឹក្សា បាន​ប្រគំ​ជា​តន្ត្រី​ធម្មជាតិ​ដែល​ធ្វើឲ្យ​បរិយាកាស​អាហារ​ថ្ងៃត្រង់​ក្រោម​ដំបូល​ក្យូស​ប្រក់​ស្បូវ​ដ៏ស្ងប់ស្ងាត់​ពោរពេញ​ទៅ​ដោយ​សំណើច និង​ស្នាម​ញញឹម។ ទេសភាព​ដ៏ស្រស់ត្រកាល​នៃ​ភ្នំខៀវ​ស្ថិត​នៅ​មិន​ឆ្ងាយ​ពី​ទីរួមខេត្ត​ប៉ៃលិន​ឡើយ ប៉ុន្តែ​ដំណើរ​ផ្លូវ​ឆ្ពោះ​ទៅកាន់​ទឹក ជ្រោះ ទាមទារ​ភាព​អំណត់ និង​ថាមពល​រាងកាយ​ច្រើន​គួរសម។
ចេញ​ពី​ទីប្រជុំជន​ចម្ងាយ មិន​ដល់​ ៧ ​គីឡូម៉ែត្រ​ផង រថយន្ត​បាន​ទៅ​ដល់​មាត់​ច្រក​រមណីយដ្ឋាន​ទឹកជ្រោះ​ភ្នំ​ខៀវ ស្ថិត​ក្នុង​សង្កាត់​អូរតាវៅ ខណ្ឌ​ប៉ៃលិន មុន​នឹង​បន្ត​បរ​សន្សឹមៗ​លើ​ផ្លូវ​ជង្ហុក​អង្រួន​អស់​ប្រាណ​ដែល​ព័ទ្ធ​ដោយ​ចម្ការ​ចេក អំពៅ ខ្នុរ ស្វាយ និង​ដំឡូង​ជា​ហូរហែ។
ដោយ​ចំ​វេលា​អ្នកចម្ការ​ប្រមូលផល​ដំណាំ រថយន្ត​បាន​សំចត​ឲ្យ​ភ្ញៀវ​ចុះ​ឈប់​មើល​សកម្មភាព​ប្រមូលផល ខ្លះ​ទៀត​ក៏​សាកល្បង​រៀន​ដក​មើម​រុក្ខជាតិ​នេះ និង​ខ្លះ​ទៀត​ដើរ​ថតរូប​លេង​។
ក្រោយពី​នាំ​គ្នា​ឡើង​ជិះរថយន្ត​មិន​យូរ​ប៉ុន្មាន ឡាន​ក៏​ទៅ​ដល់​កន្លែង​លក់​សំបុត្រ​ចូល​រមណីយដ្ឋាន​ភ្នំ​ខៀវ។ ច្រក​ផ្លូវ​កាន់តែ​មាន​សភាព​រួម​តូច រហូត​ដល់​ភ្ញៀវ​ត្រូវ​ចុះ​ដើរ​ឆ្ពោះ​ទៅ​រក​កន្លែង​ទឹកធ្លាក់​ដែល​ត្រូវ​ចំណាយ​ថិរវេលា​ល្បាក់​២​ម៉ោង​។ ធ្វើ​ដំណើរ​ថ្នើរ​ជើងកាត់​វាលស្មៅ​កន្ទុយ​សេះ​បក់បោយ​ល្វតល្វន់​តាម​វាយោ មុន​នឹង​ដល់​ព្រៃព្រឹក្សា​មាន​រុក្ខជាតិ​ធំៗ​វល្លិ​ពត់ពេន​ផង​នោះ តាម​ផ្លូវ​ឡើង​ទៅ​លើ​ភ្នំ​គឺ​មាន​អាកាសធាតុ​ត្រជាក់ ខ្យល់​អាកាស​បរិសុទ្ធ​លាយ​នឹង​ក្លិន​បុប្ផា​ព្រៃ​ក្រអូប ព្រមទាំង​សំឡេង​សត្វ​ល្វើយៗ។

ក្យូស​នៅ​ក្បែរ​ទឹកជ្រោះ​ភ្នំខៀវ ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏ស្រស់ស្អាត​ប្រចាំ​ខេត្ត​ប៉ៃលិន​។
ក្យូស​នៅ​ក្បែរ​ទឹកជ្រោះ​ភ្នំខៀវ ដែល​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ដ៏ស្រស់ស្អាត​ប្រចាំ​ខេត្ត​ប៉ៃលិន​។ រូបថត ឈឹម ស្រីនាង ឈឹម ស្រីនាង
ថ្វីដ្បិត​តែ​ការ​ដើរ​នាំ​មក​នូវ​ភាព​ហត់នឿយ​ក៏ពិតមែន ក៏​អ្នក​ដំណើរ​ទាំងឡាយ​ស្រាប់តែ​មាន​ថាមពល​ស្រស់ស្រាយ​វិញ​ដោយ​រំភើប​នឹង​ទស្សនីយភាព​ទឹកជ្រោះ​ដ៏ធំ​ហូរ​កាត់​ផ្ទាំង​ថ្ម។ ក្បែរ​មាត់ជ្រោះ​មាន​ក្យូស​សសរ​ខ្ពស់ និង​ទាប​សង់​ត្រៀបត្រា​ស្វាគមន៍​អ្នក​ដំណើរ​មក​លម្ហែ និង​ញ៉ាំ​អាហារ​បែប​ស្រុកស្រែ​ចម្ការ។
ក្នុង​បរិយាកាស​ស្ទើរ​ស្ងាត់​ជ្រងំ​ព្រោះ​មិនមែន​ជា​ថ្ងៃ​ឈប់​សម្រាក​ចុងសប្ដាហ៍​នោះ អ្នកស្រី សោម សារ៉ន ហៅ ផារ៉ុន ជា​អាជីវករ​លក់ដូរ​ប្រចាំ​ក្យូស​បាន​អះអាង​ពី​សុវត្ថិភាព​ដើម្បី​កុំ​ឲ្យ​ភ្ញៀវ​មាន​អារម្មណ៍​ល្អក់កករ​ក្នុង​ចិត្ត​។
ក្នុង​សំនៀង​រួសរាយ​រាក់ទាក់ អ្នកស្រី ផារ៉ុន និយាយ​ថា៖ «​ខ្ញុំ​មក​លក់ដូរ​នៅ​ទី​នេះ​តាំងពី​ឆ្នាំ​២០១០​ម្ល៉េះ។ ទី​នេះ​គឺ​មិន​ដែល​មាន​រឿង​អី​កើតឡើង​ទេ។ ចំពោះ​សន្តិសុខ​វិញ​គឺ​មាន​អ្នក​យាម​គាត់​មក​ល្បាត​ជា​រៀងរាល់​ថ្ងៃ»។
ប៉ុន្តែ​ ខេត្ត​សម្បូរ​រតនសម្បត្តិ​ ក្រោម​ដី​មួយ​នេះ​ក៏​ចៀស​ពុំ​រួច​ពី​សំណល់​នៃ​សង្គ្រាម​ដ៏រ៉ាំរ៉ៃ ប៉ុន្មាន​ទសវត្សរ៍​កន្លង​ទៅ​នេះ​ដែរ។ លោកស្រី ស្រ៊ី ឌី អនុប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​ប៉ៃលិន ទទួល​ស្គាល់​ថា ការ​អភិវឌ្ឍ​នៅលើ​ភ្នំខៀវ​ចាំបាច់​ត្រូវ​សម្អាត​គ្រាប់មីន​ឲ្យ​អស់​ជា​ស្ថាពរ​សិន​។
លោកស្រី​ក៏​បាន​ឲ្យ​ដឹង​ថា៖ «រមណីយដ្ឋាន​ភ្នំខៀវ​គឺ​យើង​មិន​ទាន់​ឮ​ថា​មាន​ក្រុមហ៊ុន​ណា​គេ​មក​អភិវឌ្ឍ​នោះ​ទេ ពីព្រោះ​ថា​នៅលើ​ភ្នំ​ខៀវ​នេះ​កាល​ជំនាន់​សង្គ្រាម​គឺ​នៅ​សម្បូរ​ចម្ការ​មីន​ច្រើន។ អ៊ីចឹង​ហើយ​យើង​ត្រូវការ​ក្រុម​មក​ដោះមីន​ជា​មុន​សិន​ទើប​ដំណើរការ​ផ្លូវ​នេះ​បាន»។
Content image - Phnom Penh Post
កន្លងមក​មជ្ឈមណ្ឌល​កំចាត់មីន​កម្ពុជា​ធ្លាប់​ធ្វើការ​សិក្សា​ស្រាវជ្រាវ តែ​មិន​ទាន់​ចាត់ទុក​តំបន់​កំពូល​ភ្នំ​ខៀវ​ជា​អាទិភាព​ទេ ខណៈ​បេសកកម្ម​រំដោះមីន​តាម​ភូមិ​គឺជា​តំបន់​អាទិភាព​ទី​មួយ។
លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​នេះ​បាន​ពន្យល់​ថា​៖ «​នៅលើ​កំពូល​ភ្នំ​ដែល​មិនទាន់​ប្រើប្រាស់​គឺ​យើង​មិនទាន់​ចាត់ទុក​ជា​អាទិភាព​ខ្ពស់​ទេ។ ក៏​ប៉ុន្តែ​ប្រសិន​ជា​ខាង​មន្ទីរ​ខេត្ត​ប៉ៃលិន​បាន​ធ្វើ​ឲ្យ​ភ្នំខៀវ​នេះ​ក្លាយ​ជា​តំបន់​ទេសចរណ៍​គឺ​ខាង​គាត់​អាច​ដាក់​ចូល​ផែនការ​ស្នើសុំ​បោសសម្អាត​មីន​បាន»។
តាម​សម្ដី​លោក ស្ថានភាព​នៅលើ​ភ្នំ​ខៀវ​នៅ​មាន​មីន​ច្រើន​គ្រាន់​បើ​ដែរ ប៉ុន្តែ​លោក​មិន​ដែល​បាន​ទទួល​សំណើ​ពី​ខាង​មន្ទីរ​ឲ្យ​ទៅ​បោសសម្អាត​មីន​នៅ​ឡើយ។
លោក ហេង រតនា បញ្ចេញ​មតិ​ថា៖ «​បញ្ហា​នេះ​គឺ​វា​ប៉ះពាល់​ខ្លះ​ដែរ​ដល់​អ្នក​ទេសចរ អ៊ីចឹង​ខាង​មន្ទីរ​ទេសចរណ៍​គួរតែ​ដាក់​សំណើ​នេះ​ឡើង»។
ទោះ​ជា​យ៉ាងណា​ក្ដី ការ​កម្សាន្ត​នៅ​ទឹកជ្រោះ​ភ្នំខៀវ​ត្រូវ​បាន​លោកស្រី​អនុប្រធាន​មន្ទីរទេសចរណ៍​ខេត្ត​បៃលិន​អះអាង​មាន​សុវត្ថិភាព​ពេញលេញ​។
លោកស្រី​និយាយ​ថា​៖ «សព្វថ្ងៃ​មាន​អ្នកភូមិ​គាត់​ឈូសឆាយ​តាម​ផ្លូវ​ខ្លះៗ​ដែរ ហើយ​គាត់​ធ្វើ​ចម្ការ​នៅលើ​នោះ។ ចំពោះ​ភ្ញៀវទេសចរ​ដែល​គាត់​ឡើង​ទៅ​កម្សាន្ត​មើល​ទេសភាព និង​ទឹក​ធ្លាក់​នៅលើ​ភ្នំខៀវ​នេះ​គឺ​អត់​មាន​បញ្ហា​អី​ទេ​»។
ទឹកជ្រោះ​ភ្នំខៀវ​ទទួល​បាន​ភ្ញៀវ​ជាតិ​មកពី​ខេត្ត​នានា​ភាគច្រើន​នៅ​ថ្ងៃ​បុណ្យ និង​ថ្ងៃ​សម្រាក​ចុងសប្ដាហ៍ ខណៈ​ថ្ងៃ​ចន្ទ​ដល់​សុក្រ​មាន​ភាព​ស្ងប់ស្ងាត់​បន្តិច។ ក្នុង​ចំណោម​ភ្ញៀវ​អន្តរជាតិ​គឺ​សម្បូរ​ជនជាតិ​ថៃ​ជាង​គេ។
Content image - Phnom Penh Post
លោកស្រី​បាន​រំឭក​ទៀត​ថា៖ «ជំនាន់​មុន​ហ្នឹង​គឺ​មាន​ជនជាតិ​កូឡា​គាត់​រស់នៅ​ច្រើន តែ​ឥឡូវ​នេះ​គឺ​មិន​សូវ​មាន​ពួកគាត់​រស់នៅ​ទេ គឺ​គាត់​ផ្លាស់ប្តូរ​លំនៅ​ទៅ​តាម​តំបន់​ឆ្ងាយៗ​ផ្សេង​ទៀត។ នៅ​តាម​វត្ត​នៅ​មាន​អក្សរ​កូឡា​អ៊ីចឹង​ហើយ​បាន​ជា​មាន​ភ្ញៀវ​ថៃ​គាត់​ចង់​មក​យល់ដឹង​ឲ្យ​បាន​ច្រើន»​។
លោកស្រី​បញ្ជាក់​ទៀត​ថា៖ «សម្រាប់​ខ្ញុំ​គឺ​មិន​ទាន់​ឮ​ថា​មាន​គេ​លក់​សំបុត្រ​អី​ទេ ក៏​ប៉ុន្តែ​ចំពោះ​ការ​ផ្ញើ​ម៉ូតូ​ឡាន​គឺ​អ្នកភូមិ​នៅ​ទី​នោះ​កំណត់​យក​ខ្លួន​ឯង»​។
ភ្ញៀវ​មក​លេង​នៅ​ទី​នេះ​ច្រើន​តែ​ទៅ​មុជ​លេង​ទឹកជ្រោះ​នៅ​ជាន់​ទី​ ៥ និង​ទី​ ៦​ ដែល​មាន​ក្យូស​សម្រាប់​អង្គុយ​លេង ស្រួល​ចុះ​ងូតទឹក​កម្សាន្ត​។ ដោយឡែក​ទឹកជ្រោះ​នៅ​ជាន់​ទី​៧​ក្សត់​ភ្ញៀវ​ខ្មែរ​ព្រោះ​វា​ទាមទារ​ដំណើរ​ដើរ​កាត់​ព្រៃ​ជ្រៅ​ប្រមាណ​២​ម៉ោង​ទើប​ទៅ​ដល់​។
អ្នកស្រី ផារ៉ុន អ្នកលក់​ម្ហូបម្ហា​នៅ​ទឹកដី​សម្បូរ​ត្បូង​មាន​តម្លៃ​រូប​នេះ​បាន​រៀបរាប់​លម្អិត​ថា៖ «ចំពោះ​ជនជាតិ​បរទេស​និយម​ការ​ផ្សងព្រេង ដែល​មក​ជា​ក្រុម​បាន​ឡើង​ទៅលើ​ភ្នំ​ខៀវ​មើល​ទេសភាព ងូត​ទឹកលេង និង​ដើរ​ចូល​ព្រៃ​លុះ​ដល់​ល្ងាច​ទើប​ចុះ​មក​វិញ​បោះតង់​សម្រាក​មួយ​យប់​នៅ​ទី​នេះ​តែ​ម្ដង»។
ដោយឡែក​ចំពោះ​ទេសចរ​ខ្មែរ​វិញ ម្ចាស់​ក្យូស​រូប​នេះ​សម្គាល់​ឃើញ​ថា៖ «ភ្ញៀវ​ខ្មែរ​យើង​ដែល​គាត់​មក​លេង​នៅ​ទី​នេះ​ច្រើន​តែ​កុម្ម៉ង់​ម្ហូប​ពី​កន្លែង​ខ្ញុំ​ដែល​មាន​ដូចជា មាន់ដុត ត្រីដុត និង​ភេសជ្ជៈ​ញ៉ាំ។ បន្ទាប់មក​គាត់​ងូតទឹក​ជ្រោះ​ហើយ​ថតរូប​លេង​ប្រហែល​ជា​កន្លះ​ថ្ងៃ​គឺ​គាត់​នាំ​គ្នា​ត្រឡប់​ទៅផ្ទះ​វិញ​ហើយ»​៕

No comments: