A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Tuesday 13 January 2015

Investigator from human rights group Adhoc suspected powerful people were behind the murder of a senior monk at Samakki Raingsey Pagoda មន្ត្រី​អាដហុក​សង្ស័យ​ករណី​ឃាតកម្ម​លើ​គ្រូសូត្រ​ឆ្វេង​វត្ត​សាមគ្គី​រង្សី​ថា​អ្នក​មានអំណាច​នៅ​ពីក្រោយ

Senior monks from Samakki Raingsey Pagoda also suspected the same.
សាកសព​​គ្រូ​សូត្រ​ឆ្វេង ថាច់ ខាន់ ៦២០
សាកសព​ព្រះ​គ្រូ​សូត្រ​ឆ្វេង ថាច់ ខាន់ ដែល​ត្រូវ​សាមណេរ លី ទ្វឹង ចាក់​ចំ​បំពង់ក បណ្ដាល​ឲ្យ​សុគត កាល​ពី​ព្រឹក​ថ្ងៃ​ទី ១២ មករា ២០១៥។
RFA/Brach Chev
ព្រះសង្ឃ​ខ្មែរ​ក្រោម​មួយ​អង្គ ដែល​ជា​ព្រះ​គ្រូសូត្រឆ្វេង​នៅ​វត្ត​សាមគ្គី​រង្សី ត្រូវ​ព្រះសង្ឃ​មួយទៀត​ចាក់​សម្លាប់ នៅ​ព្រឹក​ថ្ងៃ​ទី​១២​មករា​នេះ។ ក៏ប៉ុន្តែ​មន្ត្រី​សង្គម​ស៊ីវិល​សង្ស័យ​ថា ឃាតកម្ម​នេះ អាច​មន្ត្រី​មាន​អំណាច និង​ឈ្មួញ​រកស៊ី​ដី​នៅ​ពីក្រោយ​រឿង ហើយ​ជម្លោះ​រវាង​ព្រះសង្ឃ​ពីរ​អង្គ​នេះ រហូត​ដល់​មាន​ការ​ចាក់​សម្លាប់ គឺជា​រឿង​ដែល​គេ​បង្កើត​ឡើង។
ទន្ទឹម​នឹង​ការសង្ស័យ​ដូចនេះ មន្ត្រី​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ សមត្ថកិច្ច​ស្រាវជ្រាវ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​លាតត្រដាង ឲ្យ​មហាជន​បាន​ដឹង​ពី​ការពិត។ អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សិទ្ធិមនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ណៃ វង់ដា លើក​ឡើង​ថា អ្នក​មាន​អំណាច​មួយ​ចំនួន និង​ឈ្មួញ​រកស៊ី​ដីធ្លី មិន​ពេញចិត្ត​ចំពោះ សកម្មភាព​របស់​ព្រះ​សង្ឃ ថាច់ ខាន់ ដែល​សុគត​នោះ​ទេ ដូច្នេះ​គេ​ក៏​បង្កើត​ឲ្យ​មាន​រឿង​នេះ។ លោក​ថា ដើម្បី​ឲ្យ​សាធារណៈ​បាន​ដឹង​រឿង​កាន់​តែ​ច្បាស់ លោក​ស្នើ​ឲ្យ​សមត្ថកិច្ច បង្ហាញ​ការពិត​ដល់​សាធារណជន៖ «យើង​ដឹង​ច្បាស់​ហើយ​ថា ព្រះអង្គ​មាន​សកម្មភាព​ច្រើន​ក្នុង​បញ្ហា​ដីធ្លី​ដូច្នេះ អ្នកមាន​លុយ​និង​អ្នក​មាន​អំណាច​មិន​ពេញចិត្ត​ព្រះអង្គ​ទេ»។
ជម្លោះ​ពាក្យសំដី​ឈាន​ដល់​ការ​ចាក់​សម្លាប់​នេះ កើតឡើង ក្នុង​បរិវេណ​វត្ត​សាមគ្គី​រង្សី សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​ចំការមន។ សាក្សី​នៅ​កន្លែង​កើត​ហេតុ ព្រះ​តេជគុណ ថាច់ វណ្ណា ឲ្យ​ដឹង​ថា ជម្លោះ​នេះ​កើតឡើង នៅ​ពេល​ដែល​ព្រះសង្ឃ​ទាំងពីរ​អង្គ​ទាស់សំដី​គ្នា ដោយសារតែ​សាមណេរ​ព្រះនាម លី ទ្វឹង ហែក​ក្រដាស​បម្រាម​ក្នុង​វត្ត​ចោល ហើយ​ត្រូវ​បាន​ព្រះ​គ្រូសូត្រឆ្វេង ព្រះនាម ថាច់ ខាន់ ហៅ​ទៅ​សួរ​ណែនាំ ប៉ុន្តែ​សាមណេរ​មិន​ស្ដាប់​តាម ហើយ​សង្ឃ​ទាំងពីរ​អង្គ​ក៏​ប្រតាយប្រតប់​គ្នា និង​ចុងក្រោយ​សាមណេរ យក​កូនកាំបិត​ចេញពី​ក្នុង​ស្បង់ ចាក់​សម្លាប់​ព្រះ​គ្រូ​សូត្រ​ឆ្វេង​នោះ​ទៅ៖ «ឃើញ​ហូរ​ឈាម សាមណេរ (លី ទ្វឹង)ក៏​ទម្លាក់​កាំបិត​ហើយ​រត់ចេញ»។

ព្រះ​គ្រូសូត្រឆ្វេង​ព្រះនាម ថាច់ ខាន់ ត្រូវ​បាន​មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ព្រះអង្គ​មាន​សកម្មភាព​ច្រើន​ក្នុង​ការងារ​សង្គម​ដូចជា​ការចូលរួម​តវ៉ា​រឿង​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​ជាដើម​។
​ក្រោយពេល​កើតហេតុ​សង្ឃ​សាមណេរ​បាន​គេច​ចេញពី​កន្លែង​កើត​ហេតុ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចាប់​ឃាត់​បាន​នៅ​ថ្ងៃ​ដដែល។
ព្រះ​គ្រូ​សូត្រ​ស្ដាំ​វត្ត​សាមគ្គីរង្សី ព្រះតេជព្រះគុណ ថាច់ ហាំងសំអាង មាន​ថេរ​ដីកា​ថា ពី​មុន​មក​ព្រះសង្ឃ​ទាំងពីរ​អង្គ មិន​ដែល​មាន​ជម្លោះ​នឹង​គ្នា​ទេ។ ព្រះអង្គ​យល់ថា ករណី​នេះ​ជា​ការ​គិតទុក​ជាមុន ព្រោះ​សាមណេរ​បង្ក​រឿង មាន​កាំបិត​លាក់​ទុក​ក្នុង​ស្បង់​រួចជាស្រេច៖ «នៅ​ពេល​ប្រតាយប្រតប់​គ្នា​លោក(លី ទ្វឹង) យក​កាំបិត​ចេញ​ស្បង់ មានតែ​គាត់ (លី ទ្វឹង) គិតទុក​ជាមុន»។
គ្រូពេទ្យ​ដែល​ចុះ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព និយាយ​ថា​សព​នោះ ត្រូវ​របួស​នៅ​ខ្នង នៅ​កែងដៃ និង​របួស​ខ្លាំង​នៅ​ចំ​សរសៃ​ក ដែល​បណ្ដាល​ឲ្យ​ហូរ​ឈាម​រហូតដល់​បាត់បង់​ជីវិត។ វិទ្យុ​អាស៊ីសេរី​មិន​អាច សុំ​ការ​បំភ្លឺ ពី​លោក ជួន សុវណ្ណ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ និង​លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បានទេ​នៅ​ថ្ងៃ​ទី​១២ ខែ​មករា ទាក់ទង​ករណី​នេះ។ សមត្ថកិច្ច​ដែល​មាន​វត្តមាន​នៅ​ក្នុង​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា ក្រោយពេល​ចាប់ខ្លួន​សាមណេរ លី ទ្វឹង មន្ត្រី​ក្រសួង​ធម្មការ​បាន​ផ្សឹក​ព្រះអង្គ។ ចំណែក​សមត្ថកិច្ច ពួកគេ​កំពុង​កសាង​សំណុំរឿង​និង​បាន​ចោទប្រកាន់​ពី​បទ ហិង្សា​មាន​ស្ថាន​ទម្ងន់​ទោស​ដោយ​ចេតនា។ សាកសព​កំពុង​តម្កល់​ក្នុង​វត្ត​សាមគ្គីរង្សី ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី៕

No comments: