Read the article in English here.
ដោយ៖ ទូច សុខា | ថ្ងៃចន្ទ ទី26 មករា 2015,
អង្គការសិទ្ធិមនុស្សអន្តរជាតិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក(Human Rights Watch) បានអំពាវនាវឲ្យម្ចាស់ជំនួញរបស់កម្ពុជាជួយជំរុញរាជរដ្ឋាភិបាលដកតំណែងមេបញ្ជាការកងរាជអាវុធហត្ថ លោក សៅ សុខា ពីកម្លាំងសន្តិសុខជាតិ ទាក់ទងនឹងការថ្លែងថាលោករៀនតាមហ៊ីត្លែរ។
គួររំឮកថា កាលពីថ្ងៃទី១៥ខែមករា លោក សៅ សុខា បានថ្លែងថា«ទីមួយខ្ញុំរៀនតាមហ៊ីត្លែរ និយាយឲ្យត្រង់ ហ៊ីត្លែរ ក្រោយពេលអាល្លឺម៉ង់ ក្រោយសង្គ្រាមលោកលើកទី១មក គឺសហគមន៍អន្តរជាតិ កាលហ្នឹងអត់មានអង្គការសហប្រជាជាតិទេ គេអត់ឲ្យមានកងទ័ពលើសពី ១០ម៉ឺននាក់ទេ។ ហ៊ីត្លែរ ធ្វើម៉េច? ណាហ្ស៊ីធ្វើម៉េច? ដើម្បីរៀបចំកងទ័ពធ្វើសង្គ្រាមលោកលើកទី២បាន។ ទី២ គឺខ្ញុំរៀនតាមសង្គ្រាមឈ្លបវៀតណាម តែម្តង គឺយកអាតិចវាយអាច្រើន ប៉ុន្តែតិចវាយអាច្រើនអត់ឈ្នះទេ បានតែសម្លាប់គេទេ បានតែបំផ្លាញគេទេ តែបើចង់ឈ្នះ ត្រូវយកអាច្រើនវាយអាច្រើនដែរ យកអាច្រើនវាយអាតិចបានឈ្នះ»។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី២៥ខែមករា ឲ្យដឹងថា លោក សៅ សុខា បានសរសើរចំពោះការប្រើកម្លាំង ដើម្បីបង្ក្រាបទៅលើកក្រុមបាតុករប្រឆាំងរដ្ឋាភិបាលដោយបាញ់ប្រហារ។ សេចក្តីប្រកាសបន្តថាលោក សៅ សុខា បានពិពណ៌នាថាបាតុកម្មប្រឆាំងទាំងនោះ គឺជាកលល្បិចរបស់អ្នកបំផ្លាញ ដែលមានចេតនាចង់រុញច្រានប្រទេសកម្ពុជាឲ្យធ្លាក់ទៅក្នុងភាពវឹកវរ និងនាំឲ្យមានការផ្លាស់ប្តូររបបនយោបាយ ជាពិសេសគឺផ្តួលរំលំការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។
តាមសេចក្តីប្រកាសព័ត៌មានដដែលនេះលើកឡើងថា លោក សៅ សុខា បាននិយាយពីការរៀនសូត្រវិធីសាស្រ្តទាំងនេះពីលោកហ៊ីត្លែរ។
នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំតំបន់អាស៊ី លោក ប្រ៊ែដ អាដាម (Brad Adams) មានប្រសាសន៍នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះថា លោក សៅ សុខា បានធ្វើប្រទូសរ៉ាយទៅលើក្រុមនយោបាយប្រឆាំង គឺបង្កើតជាកង្វល់កាន់តែច្រើនតាមរយៈមេរៀនពីហ៊ីត្លែរនេះ។ លោក ប្រ៊ែដ អាដាម បន្តទៀតថា លោក សៅ សុខា គឺជាមនុស្សដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អាស្រ័យលើក្នុងការរក្សាអំណាចនៅកម្ពុជាជាង៣០កន្លងមកនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មាននេះបញ្ជាក់ថា លោក សៅ សុខា សព្វថ្ងៃ នេះគ្រប់គ្រងទៅលើកកងម្លាំងរាជអាវុធហត្ថចំនួន១ម៉ឺននាក់ និងជាមនុស្សស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា។
ទាក់ទងនឹងការលើកឡើងរបស់អង្គការសិទ្ធិមនុស្សអន្តរជាតិ លោក សៅ សុខា ប្រាប់VODនៅថ្ងៃចន្ទនេះថាលោកមិនមានពេលទំនេរសម្រាប់ឆ្លើយតបត ឬអត្ថាធិប្បាយទៅនឹងការលើកឡើងរបស់អង្គការអន្តរជាតិនេះ ដោយលោកថាលោកទុកពេលដ៏មានតម្លៃរបស់លោកទៅបំរើប្រជាពលរដ្ឋវិញ។ លោកបញ្ជាក់ថា«ខ្ញុំអត់មានអ្វីនិយាយអ្វីទៀតផង ព្រោះអ្វីត្រូវនិយាយៗអស់ហើយ គេដឹងឮគ្រប់គ្នាអស់ហើយ មិនដឹងនិយាយអ្វីទៀត វាជារឿងដដែល ជារឿងតែមួយ... បើគាត់ចង់អំពាវនាវឲ្យពីណាទៅសង្កត់ពីណា ខ្ញុំក៏មិនដឹងដែរ...អាក្រក់ល្អសខ្មៅអីយើងដឹងឮទាំងអស់គ្នាហើយ និយាយអ្វីទៀត»។
កន្លងទៅ លោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ធ្លាប់អះអាងថាសម្តីរបស់មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសលោក នាយឧត្តមសេនីយ៍ លោក សៅ សុខា ត្រូវបានបំភ្លៃ ដែលបណ្តាលឲ្យមានការរិះគន់ជាបន្តបន្ទាប់។ លោកនាយករដ្ឋមន្រ្តីថ្លែងថា«សូម្បី សម្តីសៅ សុខា ត្រូវគេបំភ្លៃពេញទឹក ពេញដីទាំងអស់ថាឲ្យរៀនតាមហ៊ីត្លែរ ក្នុងពេលគេថាអ្ហែងកុំធ្វើតាមហ៊ីត្លែរ។ អាហ្នឹង...បំភ្លៃបានទៅអញ្ចឹងទៅទៀត»។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍រួមរបស់អង្គការសង្គមស៊ីវិលចំនួន២២ ចុះថ្ងៃទី ២២ ខែមករា លើកឡើងថាការថ្លែងរបស់លោក សៅ សុខា បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់កងកម្លាំងប្រដាប់អាវុធជាតិ ដែលជាស្ថាប័នឯករាជ្យ និងជាអ្នកការពារសន្តិសុខ សន្តិភាពជូនប្រជាពលរដ្ឋ ជាពិសេសប្រមាថដល់ក្រុមបាតុកម្មអហិង្សា៕
សរសេរមកកាន់ លោក ទូច សុខា តាមរយៈsokha@vodhotnews.com
1 comment:
Khmerization my not want any body post their comments ,because every times I post my comment I never seen my comments at all.
Post a Comment