A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 16 January 2015

Brad Adams: Hun Sen cannot use developments to hide his crimes លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន មិន​អាច​យក​ការ​អភិវឌ្ឍ​មក​លុប​បំបាត់​ឧក្រិដ្ឋកម្ម​បាន​ទេ

ប៊្រែដ អាដាម (Brad Adams) ៦១០
នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ប៊្រែដ អាដាម (Brad Adams) ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នា​ទីក្រុង​វ៉ាស៊ីនតោន (Washington DC) សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ទី២៨ ខែ​មិថុនា ឆ្នាំ​២០១៣។
Photo: RFA
មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បន្ត​ទទូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី ក្នុង​រយៈពេល ៣០​ឆ្នាំ ដែល​លោក​បាន​កាន់​កាប់​អំណាច។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន បដិសេធ​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ស្រុង។
ទោះ​បី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ មករា ជា​ថ្ងៃ​ខួប ៣០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​មិន​ទទួល​ស្គាល់​សមិទ្ធផល​នៃ​អំពើ​ឃាតកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ករណី​ក៏ដោយ ក៏​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន មិន​អាច​យក​ការ​អភិវឌ្ឍ​ប្រទេស​មក​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ទាំង​នោះ​បាន​ទេ។
លោក ប្រ៊ែដ អាដាម ថ្លែង​ថា «លោក ហ៊ុន សែន ជា​ញឹកញាប់​តែង​តែ​ប្រកាស​ពី​ការ​ជោគជ័យ​ផ្នែក​សេដ្ឋកិច្ច ប៉ុន្តែ​ប្រទេស​កម្ពុជា ជា​ប្រទេស​ពុក​រលួយ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​មួយ​ក្នុង​ពិភពលោក។ ធនធាន​សម្បត្តិ​រដ្ឋ​ជាច្រើន ត្រូវ​បាន​លួច​កិបកេង​ដាក់​ក្នុង​ហោប៉ៅ​ផ្ទាល់​ខ្លួន​របស់​លោក និង​មន្ត្រី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត ជា​ជាង​ដាក់​ប្រាក់​ចំណូល​ទាំង​នោះ​ក្នុង​សេដ្ឋកិច្ច​ជាតិ និង​សម្រាប់​ជួយ​ពលរដ្ឋ​ក្រីក្រ»

លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ មករា បញ្ជាក់​ថា លោក​កសាង​សមិទ្ធផល​ជាច្រើន​សម្រាប់​ប្រទេស​ជាតិ ដូចជា​ចូលរួម​បង្កើត​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ការ​បំបាត់​សង្គ្រាម​ស៊ីវិល បង្កើន​សេដ្ឋកិច្ច​ជាតិ។ លោក ហ៊ុន សែន មិន​បាន​បកស្រាយ​ហេតុផល​លម្អិត​របស់​របាយការណ៍​អង្គការ​យូមែន រ៉ៃត៍ វ៉ច្ឆ ទេ ប៉ុន្តែ​បាន​បដិសេធ​របាយការណ៍​នោះ​ទាំង​ស្រុង។ លោក​គ្រាន់​តែ​ទទួល​ស្គាល់​ថា ក្រោម​ការ​ដឹក​នាំ​របស់​លោក​ក្នុង​រយៈពេល ៣០​ឆ្នាំ​កន្លង​មក ពិត​ជា​មាន​កំហុស​ខ្លះៗ​ហើយ។
ទោះ​ជា​យ៉ាង​ណា លោក ប៊្រែដ អាដាម បន្ថែម​ទៀត​ថា គុណ​សម្បត្តិ​របស់ លោក ហ៊ុន សែន មិន​មែន​ជា​អភ័យ​ឯកសិទ្ធិ​ឲ្យ​លោក​រួច​ខ្លួន​ពី​ការ​ទទួល​ខុស​ត្រូវ និង​តុលាការ​កាត់​ទោស​ឡើយ៖ «ប្រសិន​បើ លោក ហ៊ុន សែន អះអាង​ថា លោក​អាច​រំលោភ​សិទ្ធិ​មនុស្ស​បាន ដោយសារ​តែ​លោក​បាន​ធ្វើ​ល្អ​កាល​ពី​ពេល​កន្លង​មក​នោះ។ នេះ​មិន​មែន​ជា​ហេតុផល​សមស្រប​មួយ​សម្រាប់​ការពារ​ក្តី​លោក​នៅ​តុលាការ​ទេ។ គាត់​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​រាល់​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​ឡាយ ដែល​គាត់​បាន​បញ្ជា ឬ​ក៏​នៅ​ពី​ក្រោយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ»
ទោះ​បី​មាន​ការ​រិះគន់​ថា រយៈពេល ៣០​ឆ្នាំ​ក្រោម​ការ​គ្រប់គ្រង​របស់ លោក ហ៊ុន សែន ពោរពេញ​ដោយ​អំពើ​ហិង្សា ការ​គាប​សង្កត់ និង​អំពើ​ពុក​រលួយ​ក៏ដោយ ក៏ លោក ហ៊ុន សែន បញ្ជាក់​ថា លោក​នឹង​បន្ត​កាន់​តំណែង​រហូត​ដល់​ចប់​អាណត្តិ ហើយ​អាច​នឹង​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​ទៀត ប្រសិន​បើ​ពលរដ្ឋ​បោះ​ឆ្នោត​ឲ្យ។ លោក ហ៊ុន សែន ធ្លាប់​ប្រកាស​បន្ត​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​រហូត​ដល់​អាយុ ៩០​ឆ្នាំ។
ពាក់ព័ន្ធ​ទៅ​នឹង​ការ​លើក​ឡើង​នេះ​ដែរ លោក ប៊្រែដ អាដាម បញ្ជាក់​ថា ពលរដ្ឋ​កម្ពុជា ត្រូវ​ការ​ជ្រើស​រើស​មេ​ដឹក​នាំ​ដោយ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ប៉ុន្តែ​ក្នុង​រយៈពេល​កាន់​អំណាច ៣០​ឆ្នាំ​នេះ លោក ហ៊ុន សែន បាន​ទទួល​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​មិន​ស្រប​តាម​គោលការណ៍​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ៖ «នៅ​ក្នុង​ប្រវត្តិ​ប្រជាធិបតេយ្យ គ្មាន​បុគ្គល​ណា​ម្នាក់​ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី​រយៈពេល ៣០​ឆ្នាំ តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។ ករណី​នេះ​គ្មាន​ទេ​នៅ​លើ​លោក​យើង​នេះ»
លោក​បន្ត​ថា លោក ហ៊ុន សែន ត្រូវ​ប្រទេស​វៀតណាម បាន​លើក​បន្តុប​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស បន្ទាប់​ពី​ការ​ឈ្លាន​ពាន​របស់​វៀតណាម នៅ​ឆ្នាំ​១៩៧៩ ហើយ​ត្រូវ​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​១៩៨៥ ហើយ​បន្ត​រក្សា​តំណែង​រហូត​ដល់​បោះ​ឆ្នោត​នៅ​ឆ្នាំ​១៩៩៣។ ឆ្នាំ​១៩៩៧ លោក ហ៊ុន សែន បាន​ធ្វើ​រដ្ឋ​ប្រហារ​ដើម្បី​រក្សា​អំណាច។ ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្តរជាតិ​អង្កេត​ឃើញ​ថា ការ​បោះ​ឆ្នោត​មិន​ដែល​មាន​ភាព​សេរី និង​យុត្តិធម៌​ឡើយ។
លោក ប៊្រែដ អាដាម ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា រៀបចំ​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ ហើយ​ប្រសិន​បើ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នោះ លោក​នឹង​រង់ចាំ​មើល​វាសនា​របស់ លោក ហ៊ុន សែន៕

1 comment:

Anonymous said...

Brad Adam you are simply the true Guardian Angel of Cambodia.We Cambodian feel deep gratitude toward your tireless work.

True Khmer