A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 4 January 2015

Border villagers accused authority of not stopping illegal transportation of timber to Vietnam ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​អះអាង​ថា​សមត្ថកិច្ច​មិន​ទប់ស្កាត់​សកម្មភាព​ដឹក​ឈើ​ទៅ​វៀតណាម

ពលរដ្ឋ​រស់នៅ​ក្បែរ​ព្រំដែន​កម្ពុជា និង​វៀតណាម ឋិត​នៅ​ឃុំ​ជាំក្រវៀន ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ដឹង​ថា សកម្មភាព​ដឹក​ឈើ​ប្រណីត​ចេញ​តាម​ច្រក​ព្រំដែន​ប្រព្រឹត្ត​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ហាក់​មិន​មាន​អាជ្ញាធរ​ណា​ចាត់​វិធានការ​ឡើយ។ ផ្ទុយ​ពី​នេះ អាជ្ញាធរ​ព្រំដែន​បញ្ជាក់​ថា គ្មាន​ឈើ​ប្រណីត​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម ដូច​ការ​លើក​ឡើង​ទេ។
ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ពលរដ្ឋ​រស់នៅ​ជាប់​ព្រំដែន​ក្នុង​ឃុំ​ជាំក្រវៀន បាន​ឃើញ​សកម្មភាព​ដឹក​ឈើ​ប្រណីត​ប្រភេទ​ធ្នង់ សុក្រំ បេង នាងនួន យ៉ាង​ច្រើន​ជា​រៀង​រាល់​ថ្ងៃ ពិសេស​ពេល​យប់​តែ​ម្តង។ អ្នក​ស្រុក​ថា រថយន្ត​ដឹក​ឈើ​ម៉ាក​យីឌុប​ធំៗ ពេល​ខ្លះ​គ្រប​តង់​បិទ​ជិត ហើយ​ពេល​ខ្លះ​ចំហ​តែ​ម្តង ដោយ​ដឹក​ឈើ​ចេញ​ពី​ដី​ខ្មែរ​តាម​ច្រក​ព្រំដែន​ទន្លេ​ចាម យក​ទៅ​ស្តុក​ទុក​នៅ​ខាង​ដី​វៀតណាម។ ពលរដ្ឋ​ថា សកម្មភាព​នោះ​មាន​ជា​យូរ​ណាស់​មក​ហើយ ប៉ុន្តែ​មិន​ឃើញ​សមត្ថកិច្ច​ណា​ហ៊ាន​ចេញ​មុខ​បង្ក្រាប​ទេ បើ​ទោះ​ជា​ពេល​ខ្លះ ឡាន​ដឹក​ឈើ​ទាំង​នោះ​ក្រឡាប់​ចេញ​ឈើ​ប្រណីត​ពេញ​ដី ក៏​គ្មាន​អាជ្ញាធរ​ណា​ហ៊ាន​ទៅ​ក្បែរ​ដែរ។
ពលរដ្ឋ​នៅ​ឃុំ​ជាំក្រវៀន ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា បើ​ពលរដ្ឋ​ឆ្លង​កាត់​ទៅ​ខាង​វៀតណាម នោះ គេ​នឹង​ឃើញ​គំនរ​ឈើ​ប្រណីត​យ៉ាង​ច្រើន​ដែល​នាំ​ចូល​ពី​ខ្មែរ​ទៅ។ លោក​ថា ទាំង​រថយន្ត និង​គំនរ​ឈើ គឺ​មិន​មាន​ពលរដ្ឋ​ណា​ដឹង​ច្បាស់​ថា​ម្ចាស់​ជា​នរណា​ទេ។ លោក​បញ្ជាក់​ថា រថយន្ត​ដឹក​ឈើ​ទាំង​ថ្ងៃ​ទាំង​យប់​នោះ គឺ​បើក​លឿនៗ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​ដែល​រស់នៅ​ជាប់​ដង​ផ្លូវ​ទៀត​ផង៖ «បាទ! ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​ថា ថ្ងៃ​មុខ​ថា​ក្នុង​ចិត្ត​ខ្ញុំ​ព្យាករ​ថា​មិន​ដល់​ពីរ​ឆ្នាំ​ទៀត​ទេ ព្រៃ​ឈើ​ស្រុក​ខ្មែរ​យើង​នឹង​រលាយ ព្រោះ​ថា យើង​ទៅ​មើល​ស្ថានភាព​ឈើ​នៅ​ទឹក​ដី​វៀតណាម ឈើ​ហ្នឹង​ហួស​ហេតុ​ពេក»

ប្រភព​ដដែល​ហាក់​ងឿង​ឆ្ងល់​ទៅ​វិញ​ថា ហេតុ​អ្វី​បាន​ជា​ឈ្មួញ​ដឹក​ឈើ​ប្រណីត​រក​ស៊ី​យ៉ាង​កក្រើក​ទឹក​កក្រើក​ដី អាជ្ញាធរ​មិន​ចាត់​វិធានការ ប៉ុន្តែ​សម្រាប់​ពលរដ្ឋ​ដែល​មាន​ឈើ​បន្តិចបន្តួច​សម្រាប់​ធ្វើ​ផ្ទះ អាជ្ញាធរ​មិន​ដែល​ឱ្យ​រួច​ខ្លួន​នោះ​ទេ។ បញ្ហា​នេះ លោក​យល់​ថា គឺ​ជា​រឿង​អយុត្តិធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​សម្រាប់​ពលរដ្ឋ​ដែល​មិន​មាន​អំណាច។
ទាក់ទង​ការ​លើក​ឡើង​របស់​ពលរដ្ឋ​នេះ នាយ​ប៉ុស្តិ៍​ព្រំដែន​ទន្លេ​ចាម លោក ស៊ុំ សែន ហៅ​ស្បៃ មាន​ប្រសាសន៍​បដិសេធ​ថា មិន​មាន​ឈើ​ប្រណីត​អ្វី​ឆ្លង​កាត់​នៅ​ទីនោះ​ឡើយ៖ «ហ្អេ! មិន​ដែល​មាន​ឈើ​ផង»
យ៉ាង​ណា នៅ​ពេល​ថ្មីៗ​នេះ​មាន​រថយន្ត​ដឹក​ឈើ​ប្រណីត​ធំៗ​បម្រុង​ចេញ​ទៅ​វៀតណាម តាម​ច្រក​ព្រំដែន​ទន្លេ​ចាម ហើយ​មាន​ឡាន​ខ្លះ​ក្រឡាប់​ចេញ​ឈើ​ប្រណីត​ជា​បន្តបន្ទាប់ ប៉ុន្តែ​គ្មាន​សមត្ថកិច្ច​ហ៊ាន​ចេញ​មុខ​ទៅ​សួរ​នាំ​ទេ។
ដោយ​ឡែក​មន្ត្រី​នៅ​មូលដ្ឋាន​ឃុំ​ជាំក្រវៀន សុំ​មិន​ឱ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា រឿង​ឈើ​ប្រណីត​ឆ្លង​កាត់​នៅ​ទីនោះ​ពិត​ជា​មាន​មែន ប៉ុន្តែ​រឿង​នេះ​អាច​គេ​រៀបចំ​ជា​ប្រព័ន្ធ ទើប​សមត្ថកិច្ច​ទាំង​នោះ​មិន​ដែល​និយាយ​ថា​មាន​ឈើ​ប្រណីត​ម្តង​ណា​ឡើយ បើ​ទោះ​បី​ជា​គំនរ​ឈើ​នៅ​នឹង​មុខ​ខ្លួន​ក៏ដោយ៖ «ខ្ញុំ​សូម​សំណូមពរ​ដល់​រាជ​រដ្ឋាភិបាល ពិសេស​សម្ដេច​តេជោ ហ៊ុន សែន ដែល​លោក​ធ្លាប់​សន្យា​ថា​បើ​លោក​បិទ​ព្រៃ​ឈើ​មិន​ជាប់ លោក​សុខ​ចិត្ត​កាត់​ក​របស់​លោក។ តែ​ឥឡូវ​យើង​មិន​ចង់​ឱ្យ​គាត់​កាត់​ក​ទេ សូម​ឱ្យ​តែ​លោក​គោរព​តាម​អ្វី​ដែល​សន្យា​ជាមួយ​ពលរដ្ឋ​បង»
រីឯ​សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា នៅ​ស្រុក​មេមត់ មាន​ច្រក​មួយ​ចំនួន​នាំ​ឈើ​ចេញ​យ៉ាង​អនាធិបតេយ្យ រួម​មាន​ច្រក​ច័ន្ទ​មូល ច្រក​ទន្លេ​ចាម ច្រក​ដូង ៧​ដើម ច្រក​ដូន​រត្ន ជាដើម។ លោក​ថា មូលហេតុ​ដែល​ឈ្មួញ​ជ្រើស​រើស​ច្រក​ទាំង​នោះ​ដើម្បី​ចេញ​ឈើ​ប្រណីត​របស់​ខ្លួន ពីព្រោះ​ជា​ច្រក​ដែល​ឋិត​នៅ​ជិត​បំផុត​សម្រាប់​នាំ​ឈើ​មក​ពី​តំបន់​ផ្សេងៗ ដូចជា​មក​ខេត្ត​មណ្ឌលគិរី ខេត្ត​ស្ទឹងត្រែង ខេត្ត​ក្រចេះ និង​មក​ពី​តំបន់​ព្រៃ​ឡង់ ចេញ​ទៅ​ប្រទេស​វៀតណាម។ លោក​បន្ថែម​ថា ឈើ​ទាំង​នោះ​ជា​របស់​ឧកញ៉ា​មាន​ឥទ្ធិពល និង​មាន​មន្ត្រី​រាជ​រដ្ឋាភិបាល​នៅ​កាង​ពី​ក្រោយ៖ «លឹម ប៊ុនណា! គ្រាន់​តែ​ជា​អ្នក​កាង​ឈើ​ដឹក​ឈើ​នៅ​ក្នុង​តំបន់​ខេត្ត​កំពង់ចាម ទេ ប៉ុន្តែ​នៅ​ក្រោយ លឹម ប៊ុនណា ក៏​មាន​ថ្នាក់​នៅ​កំពូល​ដែរ។ អ៊ីចឹង លឹម ប៊ុនណា គាត់​រក​លុយ​ដើម្បី​ចែក​បន្ត​ទៀត មិន​មែន​គាត់​ធ្វើ​តែ​ម្នាក់​គាត់​ទេ»
សកម្មជន​ព្រៃ​ឈើ​ដដែល​ហាក់​មិន​មាន​ជំនឿ​ថា រាជ​រដ្ឋាភិបាល​អាច​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​ទាំង​នោះ​បាន​ទេ ប៉ុន្តែ​លោក​មាន​ជំនឿ​វិញ​ថា វាសនា​ឈើ​ប្រណីត និង​ឈើ​មាន​តម្លៃ​ផ្សេង​ទៀត នឹង​ត្រូវ​វិនាស​នៅ​ក្នុង​អំឡុង​ឆ្នាំ​២០១៥ នេះ៕

No comments: