A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 21 December 2014

Who is Nhiek Bun Chhay? តើ​លោក ញឹក ប៊ុនឆៃ ជា​នរណា?

លោកញឹក ប៊ុនឆៃ ពេលកំពុងបំពេញការងារ នៅក្នុងទសវត្សរ៍ទី៨០។
លោកញឹក ប៊ុនឆៃ ពេលកំពុងបំពេញការងារ នៅក្នុងទសវត្សរ៍ទី៨០។ រូបថត សហការី
ក្នុង​កិច្ច​សម្ភាស​មួយ​ក្នុង​ផ្ទះ​ស្ថិត​នៅ​ក្នុង​សង្កាត់ ជ្រោយចង្វារ ខណ្ឌ ឫស្សីកែវ លោក ញ៉ឹក ប៊ុនឆៃ បាន​និទាន​ដំណើរ​ជីវិត​របស់​លោក «ជា​អ្នក​រំដោះ​ប្រទេស​ចេញ​ពី​របប ប៉ុល ពត និង​ការ​ឈ្លាន​ពាន​ពី វៀតណាម មក​លើ កម្ពុជា»។
លោក ញ៉ឹក ប៊ុនឆៃ កើត​នៅ​ថ្ងៃ ទី៧ ខែ កុម្ភៈ ឆ្នាំ ១៩៥៨ ក្នុង​គ្រួសារ​កសិករ​មួយ នៅ​ក្នុង​ភូមិ តា​អុង​ខាង​លិច ឃុំ ស្វាយ​ចេក ស្រុក ថ្មពួក ខេត្ត បន្ទាយ​មាន​ជ័យ។ មាន​ឪពុក​ជា​ជាង​ឈើ និង​ម្ដាយ​ជា​កសិករ។ លោក ប៊ុនឆៃ បាន​រៀបការ​ភរិយា ទី១ នៅ​ក្នុង​របប​ខ្មែរ​ក្រហម និង​មាន​កូន​ស្រី​ម្នាក់​ប្រពន្ធ​ដើម​ស្លាប់​ហើយ​បាន​រៀបការ​ភរិយា​ក្រោយ​ឆ្នាំ ១៩៧៩ និង​មាន​កូន​ស្រី​ម្នាក់​ទៀត។ លោក ប៊ុនឆៃ បាន​សិក្សា​ចប់​ត្រឹម​ថ្នាក់​ខ្ពស់​បំផុត​នៃ​ថ្នាក់​ទំនើប​ជាតិ នៅ​មុន​ឆ្នាំ ១៩៧៥។ លោក​ចូល​ចិត្ត​អាន​សៀវភៅ​ស្តី​ពី​របប​កុម្មុយនីស្ត តែ​គ្មាន​សុបិន​ចង់​ក្លាយ​ជា​អ្នក​នយោបាយ​ទេ ប៉ុន្តែ​កាលៈទេសៈ​បាន​ទាញ​លោក​ឲ្យ​ចូល​ពាក់ព័ន្ធ​នឹង​ដំណោះស្រាយ​វិបត្តិ​ប្រទេស​ជាតិ។
នៅ​អាយុ​រវាង ២០ឆ្នាំ លោក ប៊ុនឆៃ ចាប់​ផ្ដើម​ចូល​ធ្វើ​ទាហាន​របស់​ខ្មែរ​ក្រហម នៅ​ដើម​ឆ្នាំ ១៩៧៦ ដោយ​គ្មាន​ការ​បណ្ដុះ​បណ្ដាល​ទេ គឺ​គ្រាន់​តែ​បំពាក់​អាវុធ​ជាមួយ​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​បាន​ជ្រើសរើស ៥០០ នាក់​ទៀត នៅ​ក្នុង​ភូមិ​កំណើត​លោក​តែ​ប៉ុណ្ណោះ។
លោក​បាន​រត់​ចេញ​ពី​ភូមិ​កំណើត​នៅ​ឆ្នាំ​នោះ បន្ទាប់​ពី​បាន​ឃើញ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​យក​ទៅ​សម្លាប់។

នៅ​ចន្លោះ​ឆ្នាំ ១៩៧៦ និង​ឆ្នាំ ១៩៧៨ លោក​រស់​នៅ​ក្នុង​ចម្ការ​ដំឡូង​និង​មាន​ការ​បណ្ដុះ​បណ្ដាល​យោធា​នៅ​ប្រទេស ថៃ ពី​អ្នក​ជំនាញ បារាំង និង អង់គ្លេស។ នៅ​ពេល​នោះ លោក​បាន​ធ្វើ​ដំណើរ​ជាមួយ​យុទ្ធមិត្ត​ទៅ​កាន់​កន្លែង​ប្រយុទ្ធ​ចំនួន ២០ កន្លែង​ជាប់​ព្រំដែន​ប្រទេស ប៉ាគីស្ថាន និង​ប្រទេស អាហ្វហ្គានីស្ថាន និង​កង​កម្លាំង​តស៊ូ​ប្រដាប់​អាវុធ ការ៉ែន នៅ មីយ៉ាន់ម៉ា សម្រាប់​ជា​សមយុទ្ធ​ជាក់ស្ដែង​រយៈ​ពេល​ជាច្រើន​ខែ។ លោក​បាន​ត្រឡប់​មក​ព្រំដែន កម្ពុជា-ថៃ វិញ​នៅ​ថ្ងៃ ទី១ ខែ មករា ឆ្នាំ ១៩៧៩ ដើម្បី​បង្កើត​កង​កម្លាំង​តស៊ូ​ប្រដាប់​អាវុធ​ដើម្បី​វាយ​កងទ័ព វៀតណាម ដែល​កំពុង​ឈ្លាន​ពាន កម្ពុជា។ នៅ​ចន្លោះ​បង្គោល​ព្រំដែន​លេខ ៤៣-៤៤ លោក ប៊ុនឆៃ បាន​បោះ​ជំរំ មាន​ឈ្មោះ​ថា ជំរំ​ចាស់​នៅ​ខាង​លិច​ភូមិ យាង​ដង្គុំ នៅ​ក្នុង​ទឹក​ដី កម្ពុជា។ ក្រុម​តស៊ូ​ប្រដាប់​អាវុធ​នេះ បាន​ពង្រីក​ខ្លួន​កាន់​តែ​ធំ​ឡើង បន្ទាប់​ពី វៀតណាម បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​របប​ខែ្មរ​ក្រហម​ឲ្យ​រត់​ទៅ​កាន់​ព្រំដែន ហើយ​ក្រុម​តស៊ូ​បាន​រើស​យក​គ្រឿង​សព្វាវុធ​ជាច្រើន ដែល​ពួកគេ​បោះ​បង់​ចោល។ លោក ប៊ុនឆៃ ចាប់ផ្ដើម​ប្រមូល​យក​អាវុធ​ទាំង​អស់​ហើយ​បាន​ពង្រីក​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន។ ជនជាតិ ថៃ ម្នាក់​ជា​មិត្ត​របស់​លោក​បាន​ផ្គត់ផ្គង់​សព្វាវុធ​បន្ថែម​ដោយ​គេ​យក​អង្ករ​ទៅ​ដូរ​ជាមួយ​នឹង​ខ្មែរ​ក្រហម។
បន្ទាប់​ពី​ពង្រីក​កង​កម្លាំង​ប្រដាប់​អាវុធ​ហើយ លោក ប៊ុនឆៃ ចាប់ផ្ដើម​ទាក់​ទង​ជាមួយ​ពលរដ្ឋ កម្ពុជា នៅ​តាម​ជំរំ​ជន​ភៀស​ខ្លួន នៅ​ប្រទេស ថៃ។ បើ​ទោះ​បី​ជា​មិន​ស្ទាត់​ជំនាញ​លោក ប៊ុន​ឆៃ ចេះ​និយាយ​ភាសា ថៃ បារាំង និង អង់គ្លេស ហើយ​នៅ​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​លោក​បាន​ជាប់​ការ​ធ្វើ​តេស្ត​ជា​អ្នក​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​នៅ​ប្រទេស បារាំង និង អាមេរិក ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ទៅ​រស់​នៅ​ទី​នោះ​ទេ​ដោយ​សារ​តែ​មាន​សំណួរ​សើច​ចំអក​របស់​ជនជាតិ បារាំង ម្នាក់​នៅ​ក្នុង​ជំរំ​ថា៖ «ហេតុ​អ្វី​បាន​ជា​ខ្មែរ​បោះ​បង់​ចោល​ប្រទេស​ខ្លួន ទៅ​ធ្វើ​ជា​កញ្ជះ​បរទេស?»។ លោក ប៊ុនឆៃ ចុះ​ចេញ​ពី​រថយន្ត​ធំ ដែល​ដឹក​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ជំរំ​ទៅ​កាន់​ព្រលាន​យន្តហោះ​ក្រុង បាងកក ដើម្បី​ទៅ​រស់​នៅ​ប្រទេស ទី៣។ លោក​បាន​ត្រឡប់​ទៅ​ព្រំដែន ថៃ-កម្ពុជា វិញ​ហើយ​ចាប់​ផ្ដើម​ពង្រឹង​កង​កម្លាំង​ប្រដាប់​អាវុធ​និង​ពង្រីក​ទៅ​តាម​តំបន់​ជាច្រើន​ហើយ​អ្នក​កាសែត​ជាតិ បែលហ្ស៊ិក ពីរ​នាក់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​កាន់​ព្រំដែន​ដើម្បី​សរសេរ​ពី​ជីវិត​ពលរដ្ឋ​កម្ពុជា។ ពីរ​សប្ដាហ៍​បន្ទាប់​ពី​ផ្សាយ​អត្ថបទ​នេះ មាន​ទីភ្នាក់ងារ​សហគមន៍​អន្តរជាតិ​មួយ​ចំនួន​បាន​ផ្គត់ផ្គង់​អាហារ និង​ថ្នាំ​ពេទ្យ​ដល់​ពលរដ្ឋ​ខ្មែរ​នៅ​ទី​នោះ។
ព្រះ​អង្គម្ចាស់ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​បង្កើត​ចលនា​មួយ​ហៅ​ថា កាត់ ហ៊្វុន​ស៊ិន​ប៉ិច (រណសិរ្ស​បង្រួប​បង្រួម​ជាតិ​សម្រាប់​កម្ពុជា​ឯករាជ្យ អព្យាក្រឹត​សន្តិ​និង​សហ​ប្រតិបត្តិការ)។ កាល​ពី​ថ្ងៃ ទី២១ ខែ មីនា ឆ្នាំ ១៩៨១ លោក ប៊ុនឆៃ បាន​ផ្ញើ​លិខិត​ទៅ​សម្ដេច​ព្រះ នរោត្តម សីហនុ ពេល​នោះ ព្រះអង្គ​គង់​នៅ​ទីក្រុង ប៉េកាំង និង​ក្រុង ព្យុងយ៉ាង ដើម្បី​យាង​ទ្រង់​ធ្វើ​ជា​ប្រធាន​ចលនា​តស៊ូ ដែល​ព្រះអង្គ​ឲ្យ​ឈ្មោះ​ថា ហ៊្វុន​ស៊ិន​ប៉ិច។ សម្ដេច​ព្រះ នរោត្តម សីហនុ បាន​តែង​តាំង​បុត្រ​ព្រះអង្គ គឺ​ព្រះ​អង្គម្ចាស់ នរោត្តម រណឫទ្ធិ ឲ្យ​ធ្វើ​ជា​តំណាង​របស់​ព្រះអង្គ ដើម្បី​ដឹក​នាំ​រណសិរ្ស ហ៊្វុន​ស៊ិន​ប៉ិច នៅ​ឆ្នាំ ១៩៨៣ បន្ទាប់​មក​បាន​ធ្វើ​សមាជ​ធំ​មួយ​ដើម្បី​ប្តូរ​ចលនា​តស៊ូ​នេះ ទៅ​ជា​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច វិញ។
ហ៊្វុន​ស៊ិន​ប៉ិច បាន​ឈ្នះ​ការ​បោះឆ្នោត​រៀបចំ​ដោយ អ៊ុនតាក់ ឆ្នាំ ១៩៩៣ តែ​ដោយ​មាន​វិបត្តិ​នយោបាយ ទើប​បង្កើត​ឲ្យ​មាន​រដ្ឋាភិបាល​ចម្រុះ ដែល​ទ្រង់ រណឫទ្ធិ ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី ទី១ និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី ទី២ រហូត​ដល់​ឆ្នាំ ១៩៩៧ ទើប​ព្រះអង្គ​ម្ចាស់ រណឫទ្ធិ ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​រដ្ឋ​ប្រហារ ព្រោះ​តែ ហ៊្វុន​ស៊ិន​ប៉ិច ប្រើ​នយោបាយ​ធ្វើ​ឲ្យ​មាន​តុល្យភាព​កម្លាំង​ប្រដាប់​អាវុធ។ លោក ប៊ុនឆៃ បាន​ថ្លែង​ថា៖ «ខ្ញុំ​ត្រូវ​គេ​តែង​តាំង​ជា​អគ្គ​មេ​បញ្ជាការ​រង​ទី​មួយ នៃ​កង​យោធពល​ខេមរភូមិន្ទ ហើយ​វា​មិន​សម​បើ​ឲ្យ​ខ្ញុំ​មាន​តួនាទី​ខ្ពស់​នេះ​ទេ។ នៅ​ក្នុង​ជួរ​គណបក្ស ខ្ញុំ​មិន​ពាក់​ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏​ត្រូវ​បាន​តែង​តាំង​ជា​ប្រមុខ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច នៅ​ខេត្ត បាត់ដំបង ផង​ដែរ»។
លោក ប៊ុនឆៃ បាន​បណ្ដេញ​ទ្រង់ រណឫទ្ធិ ពី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច នៅ​ឆ្នាំ ២០០៦ ហើយ​បាន​ដាក់​សម្ពាធ​លើ​ព្រះអង្គ​ឲ្យ​លាលែង​ពី​នយោបាយ​នៅ​ឆ្នាំ ២០១២។ ឥឡូវ​នេះ ព្រះអង្គ​នៅ​ជា​ប្រធាន​នៃ​ឧត្ដម​ក្រុម​ប្រឹក្សា​រាជបល្ល័ង្ក​របស់​ព្រះ មហាក្សត្រ​នរោត្តម សីហមុនី។
លោក ប៊ុនឆៃ ដែល​នៅ​ពេល​នេះ មាន​អាយុ ៥៦ឆ្នាំ គឺជា​អគ្គ​លេខាធិការ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ដែល​គណបក្ស​នេះ មិន​ទទួល​បាន​អាសនៈ​ទេ នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ​កាល​ពី​ខែ កក្កដា ឆ្នាំ​មុន ប៉ុន្តែ​លោក​បាន​ធ្វើ​ជា​ទី​ប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​ឧប​នាយក​រដ្ឋ​មន្ត្រី។
លោក ប៊ុនឆៃ មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សោក​ស្ដាយ​ពី​ការ​បាត់បង់​តាំង​ពី​ឆ្នាំ ១៩៩៣ ខណៈ​មេ​ដឹក​នាំ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ជាច្រើន​នៅ​ពេល​នេះ​គ្មាន​យុទ្ធសាស្រ្ត​នយោបាយ​ច្បាស់​លាស់ និង​មាន​ការ​បែក​បាក់​ផ្ទៃ​ក្នុង និង​បក្ខពួក​និយម​អំពី​ការ​តែង​តាំង​មន្ត្រី​មាន​តួនាទី នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ជាមួយ​គណបក្ស ប្រជាជន និង​ការ​ដក​ចេញ​នូវ​រដ្ឋ​មន្ត្រី​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក សម រង្ស៊ី នៅ​សម័យ​នោះ និង​ការ​ដក​អភ័យ​ឯកសិទ្ធិ​របស់​គាត់​បាន​នាំ​ឲ្យ​មាន​ការ​សងសឹក​គ្នា រវាង​លោក រង្ស៊ី និង​ទ្រង់ រណឫទ្ធិ»។
លោក ប៊ុនឆៃ ដែល​ជា​អតីត​ឧប​នាយក​រដ្ឋ​មន្ត្រី ក្នុង​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​ប្រជាជន ជាច្រើន​អាណត្តិ​ហើយ​នោះ បាន​ថ្លែង​ថា គំនិត​ដំបូង​របស់​លោក គ្មាន​ការ​ចាប់​អារម្មណ៍​នឹង​កិច្ច​ការ​នយោបាយ​ទេ ហើយ​ក៏​មិន​ចូល​ចិត្ត​ពាក់​អាវ​ធំ​និង​ក្រវាត់​ក​ដែរ ប៉ុន្តែ​ជីវិត​របស់​លោក​បាន​ក្លាយ​ជា​អ្នក​នយោបាយ​ជា​រៀង​រហូត​មក៕ PN

No comments: