A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 21 December 2014

Prince Sirirath is a frontline prince ព្រះ​អង្គម្ចាស់ សិរីរ័ត្ន ជា​រាជវង្ស​ចេញ​ច្បាំង​នៅ​សមរភូមិ

ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ពេល​ផ្តល់​បទ​សម្ភាស​ដល់ កម្ពុជា​ចុង​សប្តាហ៍ ក្នុង​សប្តាហ៍​នេះ។
ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ពេល​ផ្តល់​បទ​សម្ភាស​ដល់ កម្ពុជា​ចុង​សប្តាហ៍ ក្នុង​សប្តាហ៍​នេះ។  ស្រេង ម៉េងស្រ៊ុន
ទោះ​បី​ជា​មិន​មាន​ការ​លំបាក ដូច​ប្រជា​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​កាល​ពី​វ័យ​កុមារ​ក៏​ដោយ​តែ​នៅ​ពេល​ពេញ​វ័យ ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន ដែល​ជា​បុត្រា ព្រះ​អង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ កាល​ពី​សម័យ​សង្គម​រាស្រ្ត​និយម បាន​លះបង់​កម្លាំង​កាយ​ជា​ច្រើន​ឆ្នាំ នៅ​ក្នុង​សង្រ្គាម​ជាមួយ​ទាហាន​អាមេរិកាំង ដើម្បី​តស៊ូ​ប្រឆាំង វៀត​កុង និង វៀតណាម​ខាង​ជើង នៅ​ក្នុង​អំឡុង​ទសវត្សរ៍ ១៩៧០។
ព្រះ​អង្គ​ម្ចាស់ បាន​ទៅ​រៀន​នៅ ស្រុក​បារាំង តាំង​ពី​ព្រះជន្ម ១២​ឆ្នាំ ដោយ​រៀន​នៅ​ទី​នោះ បាន​ពីរ​ឆ្នាំ​ទើប​បន្ត​ទៅ​រៀន​នៅ ប្រទេស​អង់គ្លេស ៨ ឆ្នាំ​ទៀត។ នៅ​ពេល​អាយុ ២០​ឆ្នាំ ទើប​ព្រះ​អង្គ​ម្ចាស់​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ធ្វើ​ទាហាន ខណៈ​ដែល​ស្រុក​កំពុង​មាន​សង្រ្គាម។
ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា៖ «ពេល​ស្រុក​មាន​សង្រ្គាម ក៏​ត្រឡប់​មក​ធ្វើ​ទាហាន ពេល​នោះ​កូន​ខ្មែរ​អាយុ​ចាប់​ពី ១៨ ទៅ ៤០ ឆ្នាំ​ត្រូវ​ចូល​បម្រើ​យោធា​ដោយ​សារ​យើង​មាន​សង្រ្គាម​ជាមួយ វៀតកុង និង យួន នៅ ឆ្នាំ​១៩៧០»។
ព្រះ​អង្គ​ម្ចាស់​បាន​ចូល​ហាត់​ទាហាន នៅ​សាលា​យោធា​ក្នុង ខេត្ត​កំពង់ឆ្នាំង និង ខេត្ត​កំពង់ស្ពឺ អស់​រយៈ​ពេល​មួយ​ឆ្នាំ មុន​ពេល​ចេញ​ទៅ​ច្បាំង​នៅ​សមរភូមិ។ ព្រះ​អង្គ​ម្ចាស់ បាន​មាន​បន្ទូល​បញ្ជាក់​ថា បើ​ទោះ​បី​ព្រះ​អង្គ ជា​សមាជិក​រាជ​វង្សានុវង្ស​ក៏​ដោយ ក៏​ត្រូវ​តែ​ចូល​ធ្វើ​ទាហាន​ដូច​កូន​រាស្រ្ត​ដទៃ​ទៀត​ដែរ។
ព្រះ​អង្គ​ម្ចាស់​បាន​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ធ្វើ​សង្រ្គាម​ដូច​គេ​ឯង​គ្រប់​ទី​កន្លែង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្រុក​យួន គឺ​យួន​ខាង​ត្បូង ជិត​មួយ​ឆ្នាំ នៅ​ជាមួយ​កង​ទ័ព​ឆត្រ​យោង​ពិសេស​ដែល​គេ​ហៅ​ថា មូលដ្ឋាន​ឡាំសឺង នៅ​ជើង​ភ្នំ​ខាង​ជើង យ៉ាត្រាំង»។

ព្រះ​អង្គ​ម្ចាស់ មាន​បន្ទូល​ទៀត​ថា នៅ​ក្នុង​មូលដ្ឋាន​យោធា​នៅ​ទី​នោះ មាន​កូរ៉េ​ខាង​ត្បូង និង​អាមេរិក ដែល​ជា​អ្នក​ផ្ដល់​ការ​ហ្វឹក​ហ្វឺន។ ពេល​នោះ​ហើយ ដែល​អាមេរិកាំង​បាន​ផ្លាស់​ប្ដូរ​កាំភ្លើង​ទាំង​អស់​ដែល​ទាហាន​ខ្មែរ​កាន់​គឺ​អាកា ៤៧ ដោយ​សារ​សង្រ្គាម​ជាមួយ វៀត​កុង និង យួន​ខាង​ជើង នា​ពេល​នោះ អាមេរិកាំង​គេ​តម្រូវ​ឲ្យ​ប្រើ​កាំភ្លើង​គេ​ដូច​គ្នា​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ចែក​ចាយ​គ្រាប់​រំសេវ។ នៅ​ទី​នោះ មាន​ការ​ហាត់​លម្អិត​ណាស់​មាន​ទាំង​លោត​ឆត្រ ដែល​បង្រៀន​ដោយ​យួន​ខាង​ត្បូង និង​អាមេរិកាំង គឺ​កង​ទ័ព​ពិសេស។
ព្រះ​អង្គ​ម្ចាស់​បញ្ជាក់​ថា ក្រោយ​ពី​អាមេរិកាំង​ដក​ទាហាន​វៀតណាម​ទាំង​អស់​ទៅ​ច្បាំង​នៅ ឡាវ យ៉ាង​ហោច​ណាស់​មាន​ទាហាន​ខ្មែរ​ប្រហែល​ជា ៥០០០ នាក់​នៅ​ក្នុង​បន្ទាយ។
ព្រះ​អង្គ​ម្ចាស់​បន្ត​ថា៖ «ខ្ញុំ​បាន​ចូល​រួម​ប្រយុទ្ធ​ប្រហែល​ជា ១៤ សមរភូមិ ដែល​សមរភូមិ​ខ្ញុំ​ចុង​ក្រោយ​បង្អស់ គឺ​វ៉ៃ​នៅ តាំងគោក ខេត្ត​កំពង់ធំ ពិបាក​មែន​ទែន ដោយ​សារ​ពេល​នោះ​ទ័ព យៀក​កុង គេ​យក​រទេះ​តង់​មក​ប្រើ​លើ​ទ័ព​ខ្មែរ។ ខ្ញុំ​ចាំ​ថា ប្រហែល​ជា ឆ្នាំ​១៩៧៣ យើង​មាន​ការ​បាក់​ទ័ព​ធំ​ណាស់»។
នៅ​ពេល​នោះ​គេ​ហៅ​ថា ការ​បើក​មូលដ្ឋាន​យោធា អាគីនេត មហា​បដិវត្តន៍​របស់​លោក​សេនា​ប្រមុខ លន់ នល់ «គឺ​យើង​វ៉ៃ​ទ្រង់​ទ្រាយ​ធំ​មែន​ទែន នៅ​ព្រំ​ប្រទល់ កំពង់ធំ និង​កំពង់ចាម»។
ព្រះ​អង្គ​បាន​បញ្ជាក់​ថា រហូត​ដល់​ចុង ឆ្នាំ​១៩៧៣ ពេល​នោះ​ប្រធានា​ធិបតី​អាមេរិក Richard Nixon បាន​បញ្ចប់​ការ​ទម្លាក់​គ្រាប់​បែក​ដោយ​សារ​មាន​កិច្ច​ព្រម​ព្រៀង​ពី​ភាគី​យួន​ខាង​ជើង និង​យួន​ខាង​ត្បូង យួន​វៀត​កុង និង​អាមេរិកាំង ដែល​ពេល​នោះ​ហើយ​ដែល​បេ ៥២ របស់​អាមេរិកាំង​ក៏​ឈប់​ជួយ​គាំទ្រ​នៅ​លើ​សមរភូមិ​នៅ​កម្ពុជា​ដែរ។
ព្រះ​អង្គ​ម្ចាស់​បន្ត​ថា៖ «ខ្ញុំ​គិត​ថា បើ​កូន​ខ្មែរ​មិន​ការពារ​កម្ពុជា​តើ​ពី​ណា​មក​ការ​ពារ​ឲ្យ​ការ​ច្បាំង​គ្នា​គឺ​ភាគ​ច្រើន​ងាប់​ដោយ​សារ​កាំភ្លើង​ធំ​កាំភ្លើង​ត្បាល់»។
នៅ ឆ្នាំ​១៩៧៤ ព្រះ​អង្គ​ម្ចាស់ ត្រូវ​បាន​នាយ​ទាហាន​អាមេរិក​បញ្ជូន​ទៅ​សហរដ្ឋ​អាមេរិក ដើម្បី​បន្ត​ហ្វឹក​ហ្វឺន​ក្បួន​យុទ្ធសាស្ត្រ​ថែម​ទៀត រៀន​ធ្វើ​ជា​មេ​បញ្ជាការ​នៅ រដ្ឋ​ជ័រចា នៃ កូឡាំបឺស ជា​សាលា​កង​ទ័ព​ពិសេស។ នៅ ឆ្នាំ​១៩៧៥ ខ្មែរ​ក្រហម​បាន​ឡើង​កាន់​អំណាច ពេល​នោះ​មេ​បញ្ជាការ​អាមេរិក ហៅ​ទាហាន​ខ្មែរ​ទាំង​អស់ ទៅ​សួរ ថា​តើ​ចង់​ទៅ​រស់​នៅ​ប្រទេស​ណា​គេ​នឹង​ជួយ តែ​ខ្មែរ​ទាំង​អស់​គ្នា សម្រេច​នៅ​អាមេរិក​ជា​ជន​ភៀស​ខ្លួន។
ព្រះ​អង្គ​ម្ចាស់​បញ្ជាក់​ថា៖ «ខ្ញុំ​ក៏​ទៅ​រស់​នៅ រដ្ឋ​ខាលីហ្វ័រនីញ៉ា ពេល​នោះ​គេ​រើស​អ្នក​ចេះ​ភាសារ​អង់គ្លេស​ឲ្យ​ជួយ​មើល​ជន​ភៀស​ខ្លួន​ខ្មែរ​មក​ពី ថៃ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ធ្វើ​ការ​ជាមួយ​អង្គការ កាតូលិក នៅ ទីក្រុង​ឡូសអេនជឺលេស»។
ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន (ឆ្វេង) ចាប់​ដៃ​ស្វាគមន៍​សំណេះ​សំណាល ជាមួយ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង ភរិយា នៅ​ក្រៅ​ពិធី​មួយ​កាល​ពី​ពេល​កន្លង​មក។
ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន (ឆ្វេង) ចាប់​ដៃ​ស្វាគមន៍​សំណេះ​សំណាល ជាមួយ​មេ​បក្ស​ប្រឆាំង លោក សម រង្ស៊ី និង ភរិយា នៅ​ក្រៅ​ពិធី​មួយ​កាល​ពី​ពេល​កន្លង​មក។ហេង ជីវ័ន
ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ទៀត​ថា នៅ​ថ្ងៃ ទី៧ មករា ឆ្នាំ​១៩៧៩ ទ្រង់​បាន​ទៅ​ថ្វាយ​បង្គំ​ព្រះ​ករុណា អតីត​ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្តម សីហនុ នៅ ញូវយ៉ក ដើម្បី​ជួយ​ព្រះ​អង្គ​ទាមទារ​អាសនៈ​ខ្មែរ​ពី​រដ្ឋាភិបាល​ដែល​មាន វៀតណាម ធ្វើ​ជា​ខ្នង​បង្អែក។
«ពិត​មែន​តែ​កៅអី​នោះ ជា​របស់​ខ្មែរ​ក្រហម ដែល​មាន​ឈ្មោះ​ថា កម្ពុជា​ប្រជាធិបតេយ្យ តែ​ត្រូវ​ទាម​ទារ​កៅអី​នេះ​ទុក​ឲ្យ​មក​ខ្មែរ គឺ​មិន​ឲ្យ​ទៅ​រដ្ឋាភិបាល​ដែល​មាន​បង្អែក​ដោយ​កង​ទ័ព​បរទេស​នោះ​ទេ ហើយ​កៅអី​នេះ វៀតណាម តែង​តែ​ជួយ​ទាមទារ​យក​មក​ឲ្យ​រដ្ឋាភិបាល ក្រុង​ភ្នំពេញ ប៉ុន្តែ មិន​បាន​សម្រេច»។
រហូត​ដល់​ថ្ងៃ ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ទើប​មាន​ការ​ចុះ​កិច្ច​ព្រម​ព្រៀង រវាង​គូ​បក្ខដិបក្ខ​ខ្មែរ ទាំង​បួន​ភាគី ដែល​មាន​ខ្មែរ​ក្រហម រដ្ឋ​កម្ពុជា លោក តា សឺន សាន និង​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ។
នៅ​ថ្ងៃ ទី១៤ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ លោក ហ៊ុន សែន និង​ភរិយា លោក​ស្រី ប៊ុន រ៉ានី បាន​យាង​អតីត​ព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហនុ និង​សម្ដេច ម៉ែ យាង​និវត្តន៍​ចូល​មាតុ​ប្រទេស​វិញ។
តាំង​ពី​ពេល​នោះ​មក​មាន​ការ​ផ្សះ​ផ្សា​ជាតិ​ជា​បន្ត​បន្ទាប់។ «ខ្ញុំ​មាន​មោទន​ភាព​ណាស់​ដែល​បាន​បម្រើ​អតីត​ព្រះ​មហាក្សត្រ​រហូត​ដល់ ៣៣ ឆ្នាំ​គឺ​តាំង​ពី ឆ្នាំ​១៩៧៩ ក្នុង​ការ​ទាម​ទារ​ឯករាជ្យ​ជា​លើក​ទី​ពីរ​ពី​យួន​ឈ្លាន​ពាន​ប្រទេស​ជាតិ​ខ្មែរ​ដោយ​ខុស​ច្បាប់ ដែល​នេះ​បាន​បង្ហាញ​ពី​មោទនភាព​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ថា អតីត​ព្រះ​មហាក្សត្រ ព្រះ​បាទ នរោត្តម សីហនុ បាន​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ការពារ​អធិបតេយ្យ​ជាតិ»។
ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន មាន​បន្ទូល​ទៀត​ថា៖ «យួន បាន​ឯករាជ្យ​ក៏​ដោយ​សារ​មាន​ការ​គាំទ្រ​ពី​ខ្មែរ​ដែរ តែ​នៅ​ពេល​ដែល​យួន​បាន​ឯករាជ្យ បែរ​ជា​មក​ឈ្លាន​ពាន​ខ្មែរ​ទៅ​វិញ»។
នៅ​ក្នុង ឆ្នាំ​១៩៩៣ ព្រះ​អង្គ​ម្ចាស់ សិរីរ័ត្ន បាន​វិល​ត្រឡប់​មក​ស្រុក​ខ្មែរ​តាម​រយៈ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ហើយ​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​ដែល​រៀបចំ​ឡើង​ដោយ​អង្គការ​សហ​ប្រជាជាតិ ហៅ​កាត់ អ៊ុនតាក់។ ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា៖ «ខ្ញុំ​បាន​ឈរ​ឈ្មោះ​បោះ​ឆ្នោត តំណាង​ឲ្យ ហ៊្វុន​ស៊ិន​ប៉ិច នៅ ខេត្ត​កំពង់ស្ពឺ ដែល ហ៊្វុន​ស៊ិន​ប៉ិច ពេល​នោះ​ឈ្នះ​បាន ៣ ក្នុង​ចំណោម​កៅអី​សរុប​ចំនួន ៦ នៅ​ក្នុង​ខេត្ត​នេះ»។
ព្រះ​អង្គ​ម្ចាស់ បាន​ធ្វើ​ជា​អ្នក​តំណាង​រាស្ត្រ​បាន​តែ ៦​ខែ ប៉ុណ្ណោះ ដោយ​សារ​តែ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ដែល​កាល​នោះ​ជា​នាយក​រដ្ឋ​មន្ត្រី​ទី​មួយ បាន​តែង​តាំង​ព្រះ​អង្គ ឲ្យ​ទៅ​ធ្វើ​ជា​ឯក​អគ្គ​រាជ​ទូត​កម្ពុជា ប្រចាំ​អង្គការ​សហ​ប្រជាជាតិ​នៅ ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។
«ការ​តែង​តាំង​នេះ ដោយ​សារ​ខ្ញុំ​ធ្លាប់​ជា​អនុ​ប្រធាន​បេសកកម្ម​អចិន្រៃ្តយ៍​នៅ​អង្គការ​សហ​ប្រជាជាតិ កាល​ដែល​អតីត​ព្រះ​មហាក្សត្រ​គង់​នៅ ញូវយ៉ក»។ ព្រះ​អង្គ​ម្ចាស់ សិរីរ័ត្ន បាន​ធ្វើ​ជា​ឯក​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​អង្គការ​សហ​ប្រជាជាតិ ចាប់​ពី ឆ្នាំ​១៩៩៣ ដល់ ឆ្នាំ​១៩៩៧។ ព្រះ​អង្គ​ម្ចាស់​បាន​សម្រេច​ចិត្ត​ឈប់​ពី​តំណែង បន្ទាប់​ពី​ព្រឹត្តិការណ៍​ផ្ទុះ​អាវុធ​ដ៏​បង្ហូរ​ឈាម នៅ​កណ្តាល ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ ទី​៥-៦ កក្កដា ឆ្នាំ​១៩៩៧ ដែល​កង​កម្លាំង​ស្មោះ​ត្រង់​ជាមួយ​លោក ហ៊ុន សែន ដែល​កាល​នោះ ជា​នាយក​រដ្ឋ​មន្ត្រី​ទី​ពីរ បាន​បណ្តេញ​ព្រះ​អង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ចេញ​ពី​អំណាច។
ព្រះ​អង្គ​ម្ចាស់​បាន​បញ្ជាក់​ថា៖ «សម្ដេច​ក្រុម​ព្រះ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​នាយក​រដ្ឋ​មន្រ្តី​ទី​មួយ ដោយ​ខុស​ច្បាប់​នា​ពេល​នោះ​ខ្ញុំ​ក៏​សម្រេច​ចិត្ត​ឈប់​ពី​តំណែង​ដែរ តែ​ត្រូវ​ព្យួរ​ចោល​កៅអី​នៅ​អង្គការ​សហ​ប្រជាជាតិ»។
ព្រះ​អង្គ​ម្ចាស់​មាន​បន្ទូល​ថា ជា​ធម្មតា​ឲ្យ​តែ​មាន​ការ​ផ្លាស់​ប្ដូរ​រដ្ឋាភិបាល គេ​មិន​ដែល​ទុក​កៅអី​ឲ្យ​ព្យួរ​ចោល​ទេ តែ​ដោយ​សារ​តែ​ករណី​កម្ពុជា ជា​រដ្ឋាភិបាល​ចម្រុះ កើត​ចេញ​ពី​ការ​បោះ​ឆ្នោត ទើប​អង្គការ​សហ​ប្រជាជាតិ​ទុក​កៅអី​ឲ្យ​នៅ​ទំនេរ រហូត​ដល់​មាន​ការ​ព្រម​ព្រៀង​បោះ​ឆ្នោត​សា​ជា​ថ្មី​នៅ ឆ្នាំ​១៩៩៨។
ក្រោយ​ការ​បោះ​ឆ្នោត​អាណត្តិ​ទីពីរ​ព្រះ​អង្គ​ម្ចាស់ ត្រូវ​បាន​តែង​តាំង​ជា​សហរដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ពី ឆ្នាំ​១៩៩៨ ដល់ ២០០៤។ «ខ្ញុំ​រាប់​អាន​ស្រឡាញ់​លោក​តា ទៀ បាញ់ មិន​មាន​បញ្ហា​អ្វី​ទេ នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ​នា​ពេល​នោះ។ គាត់​ជា​មិត្តភក្តិ​ដ៏​ល្អ។ កាល​ដែល​ខ្ញុំ​ជា​សហ​រដ្ឋ​មន្រ្តី​នា​ពេល​នោះ កង​កម្លាំង​ទាំង​អស់ មិន​មាន​ប្រទូសរ៉ាយ​អ្វី​ទេ»។
ព្រះ​អង្គ​ម្ចាស់ សិរីរ័ត្ន ក៏​ធ្លាប់​ធ្វើ​ជា​សមាជិក​ព្រឹទ្ធសភា ២ ឆ្នាំ​ផង​ដែរ។
ព្រះ​អង្គ​ម្ចាស់ បាន​មាន​បន្ទូល​បន្ថែម​ទៀត​ថា៖ «បើ​ខ្មែរ​មិន​ស្រឡាញ់​គ្នា គឺ​បរទេស​លូក​ដៃ​ហើយ»។
ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន បាន​ធ្វើ​ការ​រយៈ​ពេល ១៦​ឆ្នាំ ដើម្បី​ការពារ​អាសនៈ​កម្ពុជា នៅ​អង្គការ​សហ​ប្រជាជាតិ ការពារ​ការ​ចោទ​ប្រកាន់​នានា​ដោយ​គាំទ្រ​ជំហរ​រដ្ឋាភិបាល ដោយ​សារ​តែ​ព្រះ​អង្គ​ជា​តំណាង​របស់​រដ្ឋាភិបាល។ «បច្ចុប្បន្ន​ខ្ញុំ​ជា​ទី​ប្រឹក្សា ព្រះ​មហាក្សត្រ ដែល​បន្ត​មក​ពី​ទី​ប្រឹក្សា​អតីត ព្រះ​មហាក្សត្រ ហើយ​ខ្ញុំ​នៅ​បម្រើ ហ៊្វុន​ស៊ិន​ប៉ិច ជា​សមាជិក​ធម្មតា»។ បិតា​ព្រះ​អង្គ​ម្ចាស់ សិរីរ័ត្ន គឺ​ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ និង​មាតា ឈ្មោះ នរោត្តម កេតនារី។
ព្រះ​អង្គ​មាន​បន្ទូល​ថា៖ «ខ្ញុំ​កើត​នៅ ស្រុក​កំពង់សៀម ខេត្ត​កំពង់ចាម ក្នុង ឆ្នាំ​១៩៤៦។ ពេល​នោះ​ឪពុក​ខ្ញុំ ជា​ភូឈួយ​រង ខេត្ត​កំពង់ចាម។ ខ្ញុំ​រៀន​នៅ​សាលា​បារាំង លិសេដេកាត»។ ក្នុង ឆ្នាំ​១៩៥៣ នៅ​ពេល​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពេញ​លេញ​ពី​បារាំង ព្រះ​អង្គ​ម្ចាស់ សិរិមតៈ ត្រូវ​បាន​តែង​តាំង​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ​អស់​ពេល​ប្រមាណ​ពីរ​ឆ្នាំ។ នៅ​ពេល​ក្រោយ​មក ព្រះ​អង្គ​ម្ចាស់ សិរិមតៈ បាន​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ការ​បរទេស ហើយ​នៅ​ពេល​ក្រោយ​មក​ទៀត​បាន​ធ្វើ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ។
ព្រះ​អង្គ​ម្ចាស់ សិរីរ័ត្ន បាន​ចេញ​ទៅ​សិក្សា​នៅ ប្រទេស​បារាំង ក្នុង ឆ្នាំ​១៩៥៨ នៅ​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់​មាន​ព្រះជន្ម​ប្រហែល ១២ ឆ្នាំ។ ព្រះ​អង្គ​ម្ចាស់​បន្ថែម​ថា៖ «ដោយ​សារ​តែ​ឪពុក​ខ្ញុំ លោក​ធ្លាប់​ស្គាល់​នាយ​ទាហាន​បារាំង ក៏​បាន​ផ្ញើ​គេ​នៅ​ទី​នោះ ឲ្យ​ខ្ញុំ​បាន​រៀន​សូត្រ រហូត​ដល់ ឆ្នាំ​១៩៦០ ទើប​ចេញ​ទៅ​រៀន​នៅ ប្រទេស​អង់គ្លេស ៨ ឆ្នាំ​ទៀត»។
ក្នុង ឆ្នាំ​១៩៦៦ ទើប​ព្រះ​អង្គ​ម្ចាស់​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ចូល​ធ្វើ​ការ​ជាមួយ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន លោក ជា សាន។ ព្រះ​អង្គ​ម្ចាស់​បញ្ជាក់​ថា៖ «ខ្ញុំ​ធ្វើ​ការ​ផង រៀន​ផង បាន​ប្រហែល​ជា​មួយ​ឆ្នាំ​ជាង​ទើប​ទៅ​ជប៉ុន ជាមួយ​ឪពុក​ខ្ញុំ ដែល​ពេល​នោះ​គាត់​ត្រូវ​បាន​តែង​តាំង​ជា​ឯក​អគ្គ​រាជ​ទូត​ប្រចាំ​នៅ​ជប៉ុន»។
ព្រះ​អង្គ​ម្ចាស់ សិរីរ័ត្ន បាន​បន្ត​ការ សិក្សា​ផ្នែក​កិច្ចការ​បរទេស​បាន​ប្រមាណ ៤ ឆ្នាំ ទើប​ព្រះ​អង្គ​ម្ចាស់ បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ នៅ​ពេល​ដែល​បិតា​ព្រះ​អង្គ​ម្ចាស់ ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​លោក សេនា​ប្រមុខ លន់ នល់។
ព្រះ​អង្គ​ម្ចាស់ សិរីរ័ត្ន មាន​បង​ប្អូន ៦​នាក់ ប្រុស​បី​នាក់ ហើយ​ពីរ​នាក់​បាន​ស្លាប់​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។ ព្រះ​អង្គ​ម្ចាស់​បាន​រៀបរាប់​ថា៖ «បង​គេ​ទ្រង់ ស៊ីសុវត្ថិ ចរិយា នៅ​ខុទ្ទកាល័យ​ព្រះ​មហាក្សត្រ បង​ទី​ពីរ ស៊ីសុវត្ថិ សន្តា ចូល​និវត្តន៍ សព្វ​ថ្ងៃ​រស់​នៅ​អាមេរិក និង​បង​ស្រី ស៊ីសុវត្ថិ ឧឡារី នៅ​អាមេរិក»។ ព្រះ​អង្គ​ម្ចាស់ ស៊ីសុវត្ថិ សិរីរ័ត្ន រៀបការ​នៅ ឆ្នាំ​១៩៧០ នៅ​សហរដ្ឋ​អាមេរិក​មាន​បុត្រ ៦ អង្គ​បុត្រា ៤​អង្គ។ ព្រះ​អង្គ​ម្ចាស់​មាន​សញ្ជាតិ​អាមេរិក​អាច​និយាយ​ភាសា​អង់គ្លេស និង​បារាំង​បាន៕

No comments: