A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 8 December 2014

Land-grab victims in Kampong Speu regret the resignation of Hun Sen's sister អ្នក​មាន​បញ្ហា​ដី​នៅ​កំពង់ស្ពឺ​សោកស្ដាយ​ចំពោះ​ការ​លា​លែង​តំណែង​របស់​ប្អូនស្រី​លោក ហ៊ុន សែន

Read here why Hun Sen's sister, Hun Sinath, resigned.
៖ ប្អូនស្រីបង្កើតរបស់ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោកស្រី ហ៊ុន ស៊ីណាត

ដោយ ប្រាជ្ញ ចេវ

ជម្លោះ​ដី​កំពង់ស្ពឺ​៣០៥
២៧-កុម្ភៈ-១០: ប្រជាពលរដ្ឋ​នាំ​គ្នា​​​តវ៉ា​ប្រឆាំង​នឹង​ការ​ឈូស​ឆាយ​ដី​របស់​ក្រុមហ៊ុន​២​ដែល​ជា​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ស្ថិត​នៅ​ក្នុង​ឃុំ​អមលាំង ស្រុក​ថ្ពង ខេត្ត​កំពង់ស្ពឺ។ ប្រជាពលរដ្ឋ​បាន​អះអាង​ថា ការ​ឈូសឆាយ​ដី​របស់​ក្រុមហ៊ុន​អភិវឌ្ឍន៍​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់។
RFA/Sek Bandith
ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​បញ្ហា​ដីធ្លី សោកស្ដាយ​ចំពោះ​ការ​លា​លែង​ពី​តំណែង​របស់​ប្អូនស្រី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​អ្នកស្រី ហ៊ុន ស៊ីណាត។ ស្ត្រី​អតីត​អនុ​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋ​សភា ព្រឹទ្ធសភា និង​អធិការកិច្ច​រូប​នេះ បាន​ដាក់​ពាក្យ​លា​ឈប់​ពី​ការងារ​កាល​ពី​ដើម​ខែ​ធ្នូ បន្ទាប់ពី​បរាជ័យ​ក្នុង​ការ​ដោះស្រាយ​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ស្ពឺ និង​ឧកញ៉ា​ថៅកែ​បន​ល្បែង លោក លី យ៉ុងផាត់។
ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាមួយ​លោក​ឧកញ៉ា លី យ៉ុងផាត់ មិន​រំពឹង​ថា ដីធ្លី​របស់​ពួកគេ​នឹង​អាច​យក​ត្រឡប់​មក​វិញ​បាន​ទេ ក្រោយ​លា​ឈប់​ពី​ការងារ​របស់​អ្នកស្រី ហ៊ុន ស៊ីណាត។ លើស​ពី​សោកស្ដាយ ពលរដ្ឋ​សំណូម​ពរ​ឲ្យ​អ្នកស្រី​ត្រឡប់​ចូល​ធ្វើ​ការ​វិញ​ដើម្បី​បន្ត​ការងារ​នៅ​សេសសល់។
ទោះ​មិន​ដែល​បាន​ជួប​មុខ​អ្នកស្រី ហ៊ុន ស៊ីណាត ដោយ​ផ្ទាល់ លោក រឿន សារ៉េត ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ល្ងឹម ឃុំ​ត្រពាំងជោ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ អះអាង​ថា លោក​ស្គាល់​ឈ្មោះ​អ្នកស្រី ហ៊ុន ស៊ីណាត យ៉ាង​ច្បាស់ ដែល​ជា​មន្ត្រី​រដ្ឋាភិបាល​ធ្លាប់​ចុះ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ។ លោក​បន្ត​ថា លោក​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​លា​ឈប់​ពី​ការងារ​នេះ៖ «ខ្ញុំ​ដឹង​ថា គាត់​ដោះដូរ អា​នេះ​ទៅ​នេះ អា​នោះ​ទៅ​នោះ។ អត់​ចង់​ឲ្យ​គាត់​ឈប់​ទេ ចង់​ឲ្យ​គាត់​ធ្វើ​ការងារ​រហូត​ដល់​អាយុ​ចូល​និវត្តន៍​តែម្ដង​ទៅ»
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ៍ (Kampong Speu Sugar) អ្នក​ខ្លះ​ស្គាល់​ឈ្មោះ អ្នកស្រី ហ៊ុន ស៊ីណាត និង​អ្នក​ខ្លះ​ទៀត​ក៏​មិន​បាន​ស្គាល់​ឈ្មោះ​អ្នកស្រី​ដែរ។ ដូច​គ្នា​នេះ​ដែរ អ្នកស្រី ហ៊ុន ស៊ីណាត ឲ្យ​ដឹង​ថា ក្នុង​បេសកកម្ម​របស់​អ្នកស្រី​កន្លង​មក ភាគ​ច្រើន​ចុះ​អង្កេត​ករណី​ជម្លោះ​រវាង​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ជាមួយ​ក្រុមហ៊ុន​នានា។
ជម្លោះ​ដី លី យ៉ុងផាត់ ៦២០
ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ៍ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ នៅ​ខេត្ត​កំពង់ស្ពឺ ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០១៤។ RFA/Brach Chev 

ចំណែក​ឯ​ពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ដែរ​នោះ លោកស្រី ហ៊ុំ គឿន រៀបរាប់​ថា ដីស្រែ​របស់​គាត់​ទំហំ ៧​ហិកតារ ត្រូវ​បាន​ក្រុមហ៊ុន​បំពាន​យក​តាំងពី​ឆ្នាំ​២០១១។ លោកស្រី​បន្ត​ថា ប្រជាពលរដ្ឋ​បាន​ត្រឹមតែ​ដក​ដង្ហើម​ធំ​រង់ចាំ​ដំណោះស្រាយ​ដែល​នៅ​កាន់តែ​ឆ្ងាយ នៅ​ពេល​ដែល​ប្អូនស្រី​នាយករដ្ឋមន្ត្រី​សម្រេច​លាលែង​ពី​តំណែង៖ «សោកស្ដាយ​ណាស់! គាត់​ដោះស្រាយ​អត់​ទាន់​បាន​ឲ្យ​យើង​ផង គាត់​ឈប់​អ៊ីចឹង។ រាល់​ថ្ងៃ​នេះ​សង្ឃឹម​តិច​ណាស់»
ប្រជាពលរដ្ឋ​មួយ​រូប​ទៀត លោកស្រី ជឿម រុំ បាន​សំណូមពរ​សុំ​មិន​ឲ្យ​អ្នកស្រី ហ៊ុន ស៊ីណាត ឈប់​ពី​ការងារ ពីព្រោះ​លោកស្រី​យល់​ថា មាន​តែ​អ្នកស្រី ហ៊ុន ស៊ីណាត ទេ​ដែល​មាន​ឥទ្ធិពល​អាច​ជួយ​ប្រជាពលរដ្ឋ​បាន ហើយ​បើ​ទុក​ពលរដ្ឋ​តតាំង​នឹង​ឧកញ៉ា លី យ៉ុងផាត់ មិន​ខុស​អី​នឹង​យក​ពងមាន់​ទៅ​ជល់​នឹង​ថ្ម​ឡើយ៖ «ខ្ញុំ​ឆ្ងល់​តែម្ដង ហេតុ​អី​ដោះស្រាយ​មិន​ចេញ មូលហេតុ​ប្រជាពលរដ្ឋ ឬ​ដោយ​ក្រុមហ៊ុន? ប្រជាពលរដ្ឋ​នៅ​ភូមិ​នេះ​អត់​ដែល​ទាមទារ​តវ៉ា ស្លូត​ណាស់»

អ្នកស្រី ហ៊ុន ស៊ីណាត កើត​ក្នុង​ត្រកូល ហ៊ុន ដ៏​មាន​ឥទ្ធិពល​នៅ​ពេល​បច្ចុប្បន្ន និង​ជា​ប្អូនស្រី​ទី​៥ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ ជំនួស​មុខ​អោយ​រដ្ឋមន្ត្រី​ក្រសួង​អធិការកិច្ច អ្នកស្រី​បាន​ដឹកនាំ​ក្រុម​ការងារ​ដើម្បី​ស៊ើប​អង្កេត​ករណី​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ ដែល​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ក្នុង​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
​នៅ​ក្នុង​បេសកកម្ម​នោះ អ្នកស្រី​បាន​ចុះ​ដោះស្រាយ​បញ្ហា​នេះ​ជាមួយ​លោក លី យ៉ុងផាត់ បាន​ពីរ​ដង និង​ចុះ​ជួប​ពលរដ្ឋ​ដល់​មូលដ្ឋាន​បាន​ម្ដង​ដែរ។ អ្នកស្រី​បាន​រក​ឃើញ​ថា លោក​ឧកញ៉ា លី យ៉ុងផាត់ ធ្វើការ​ឈូស​ឆាយ​ដី​ពលរដ្ឋ​ទាំង​បំពាន។ ឈូស​ឆាយ​ដី​ដាំ​ដើម​ចំប៉ី​របស់​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ លី យីម អស់​ចំនួន ៦៦៦​ហិកតារ ដែល​គិត​ជា​ទឹកប្រាក់​អស់​ជាង ៣​លាន​ដុល្លារ។
ទោះ​អ្នកស្រី​លា​ឈប់​ពី​ការងារ​ក៏​ពិត​មែន ប៉ុន្តែ​ស្ត្រី​ខ្មែរ​ដែល​មាន​តួនាទី​ខ្ពស់​រូប​នេះ បាន​ស្រាវជ្រាវ និង​ប្រមូល​ឯកសារ​ជា​ច្រើន​ទាក់ទង​ការ​រំលោភ​បំពាន​ដីធ្លី​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ដាក់​ជួន​ក្រសួង។
ព្រះរាជក្រឹត្យ​ព្រះមហាក្សត្រ ចុះ​នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ បាន​ត្រាស់​បង្គាប់​បញ្ចប់​តួនាទី​របស់​អ្នកស្រី​តាម​ការ​ស្នើ​សុំ។ ទាំង​ក្នុង​ព្រះរាជក្រឹត្យ ទាំង​ការ​បញ្ជាក់​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា គឺ​សុទ្ធតែ​អះអាង​ថា អ្នកស្រី​លា​ឈប់​ពី​ការងារ​​ដោយ​បញ្ហា​សុខភាព។ ប៉ុន្តែ​ការ​បញ្ជាក់​ផ្ទាល់​របស់​អ្នកស្រី មិន​ដូច្នេះ​ទេ។
ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​កិច្ច​សម្ភាសន៍​ផ្ដាច់មុខ​មួយ​នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា អ្នកស្រី​ថា  ការ​លាលែង​ចេញពី​ការងារ​នេះ ដោយសារ​មិន​អាច​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​បាន។ អ្នកស្រី​បញ្ជាក់​ថា គេ​អាច​សម្លាប់​ជីវិត​អ្នកស្រី​បាន តែ​មិន​អាច​ប្រមាថ​អ្នកស្រី​បាន​ឡើយ។
អ្នកស្រី​ថ្លែង​ទាំង​អួល​ដើមក​ថា បន្ទាប់​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ ទិញ​ទឹក​ចិត្ត​អ្នកស្រី​មិន​បាន លោក​បាន​ប្រើ​ពាក្យ​សម្ដី​ប្រមាថ​មក​លើ​អ្នកស្រី​ជា​រឿយៗ ទោះ​ក្នុង​ពេល​អង្គប្រជុំ​ក្នុង​ចំណោម​មហាជន​ក្ដី៖ «គាត់​ចេះតែ​ជេរ​ខ្ញុំ ចេះ​តែ​ស្តី​ឲ្យ​ខ្ញុំ។ ខ្ញុំ​ស៊ូ​ឲ្យ​គេ​សម្លាប់​ខ្ញុំ តែ​មិន​ឲ្យ​គេ​ប្រមាថ​ទេ»
អ្នកស្រី​បន្ត​ថា អនុ​រដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច​ម្នាក់​ទៀត ឈ្មោះ យី ម៉ៅ ជា​អតីត​ក្មេង​វត្ត ក៏​ត្រូវ​បាន​គេ​ដក​តំណែង​មិន​ដឹង​មូលហេតុ ហើយ​ប្រការ​នេះ​ធ្វើ​ឲ្យ​អ្នកស្រី​កាន់តែ​លែង​ចង់​ធ្វើ​ការ​ត​ទៅ​ទៀត៖ «ដោះស្រាយ​ដី​នេះ​ជាមួយ​គ្នា តែ​ដក់​ឯកឧត្ដម យី ម៉ៅ ចោល អ៊ីចឹង​ខ្ញុំ​ជិះ​ទូក​ជាមួយ​គ្នា តើ​អាច​ឲ្យ​ខ្ញុំ​ឈរ​មើល​បាន​ទេ? ខ្ញុំ​ត្រូវ​តែ​ឈប់»
វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​លោក​ឧកញ៉ា លី យ៉ុងផាត់ ចំពោះ​ការ​ចោទ​ប្រកាន់​របស់​អ្នកស្រី ហ៊ុន ស៊ីណាត បាន​ទេ នៅ​ថ្ងៃ​ទី​៥ ខែ​វិច្ឆិកា។ លោក លី យ៉ុងផាត់ ជា​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ចំនួន ៩​ពាន់​ហិកតារ នៅ​ស្រុក​ថ្ពង ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០១០។
ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ៍ របស់​អ្នកស្រី គឹម ហៀង ភរិយា​របស់​លោក លី យ៉ុងផាត់ ក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៩​ពាន់​ហិកតារ​នៅ​ស្រុក​ឱរ៉ាល់ និង​ផ្ទៃដី​អភិវឌ្ឍន៍​សត្វព្រៃ​ចំនួន ៤.៧០០​ហិកតារ​បន្ថែម​ទៀត។ បច្ចុប្បន្ន​ក្រុមហ៊ុន​គ្រួសារ​មួយ​នេះ មាន​ផ្ទៃដី​សរុប​ចំនួន ២.៣​ម៉ឺន​ហិកតារ ដែល​ជា​ទំហំ​លើស​ពី​ច្បាប់​អនុញ្ញាត។ សង្គម​ស៊ីវិល​និង​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដីធ្លី​បាន​ប្រសិទ្ធិនាម​ក្រុមហ៊ុន​ស្ករ​អំពៅ​របស់​ឧកញ៉ា លី យ៉ុងផាត់ ថា​ជា​ក្រុមហ៊ុន​ផលិត "ស្ករ​ឈាម"។
ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ក្រៅ​ពី​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ ក៏​មាន​ប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ចិន ដែល​វិនិយោគ​ដាំ​ដើម​ចំប៉ី​ដែរ។
តាម​ការ​បញ្ជាក់​របស់​អ្នកស្រី ហ៊ុន ស៊ីណាត លោក​ឧកញ៉ា លី យ៉ុងផាត់ ខឹង​អ្នកស្រី ហ៊ុន ស៊ីណាត ខ្លាំង​បំផុត ក៏​ព្រោះតែ​អ្នកស្រី​ចុះ​អន្តរាគមន៍​រឿង​ក្រុមហ៊ុន​លោក​ឧកញ៉ា លី យ៉ុងផាត់ ឈូស​ឆាយ​ដី កាប់​ដើម​ចំប៉ី​របស់​ក្រុមហ៊ុន​ចិន៖ «តើ​ខ្ញុំ​ខុស​អី? យើង​ខ្មែរ​ទៅ​ឈូស​ឆាយ​ដី​របស់​គេ​អស់​នេះ។ ប៉ុន្មាន​ថ្ងៃ​នេះ គេ​ប្រមាថ​ខ្ញុំ​សព្វ​បែប​សព្វ​យ៉ាង ថា​ខ្ញុំ​ហែក​ទ្រូង​ឲ្យ​ក្អែក​ចឹក ប៉ុន្តែ​ខ្ញុំ​ធ្វើ​នេះ​ជា​កំណែទម្រង់​ស៊ី​ជម្រៅ»
ទោះ​បែប​ណា​ក្តី អ្នកស្រី ហ៊ុន ស៊ីណាត នឹង​ត្រូវ​គ្រប់​អាយុ​ចូល​និវត្តន៍ នៅ​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៥៕

No comments: