អង្គការសង្គមស៊ីវិល ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ប្ដឹងករណីទាហានថៃ បាញ់សម្លាប់ពលរដ្ឋខ្មែរឆ្លងព្រំដែនខ្មែរ-ថៃ ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ អាយ.ស៊ី.ស៊ី (ICC) ដើម្បីបញ្ឈប់ការបាញ់សម្លាប់នេះទៅថ្ងៃអនាគត។
មន្ត្រីរដ្ឋាភិបាលកម្ពុជា ឲ្យដឹងថា ចាប់តាំងពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០១៤ នេះ ទាហានថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែរចំនួន ៥នាក់។
ប្រធានផ្នែកអង្កេតសមាគមអាដហុក (adhoc) លោក នី ចរិយា ស្នើឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តគោលការណ៍ច្បាប់អន្តរជាតិ ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះកម្ពុជា ដែលទាហានថៃ បាញ់សម្លាប់ជាបន្តបន្ទាប់នោះ។ លោកបន្តថា កម្ពុជា ជាប្រទេសសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ ដូច្នោះ កម្ពុជា អាចប្រើប្រាស់យន្តការនេះទាមទារឲ្យតុលាការកាត់ទោសទាហានថៃ ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ។
លោក នី ចរិយា៖ «កម្ពុជា យើងមិនព្រមអនុវត្តយន្តការអន្តរជាតិ ដោយសារតែកម្ពុជា ជាប្រទេសសមាជិកតុលាការព្រហ្មទណ្ឌអន្តរជាតិ។ យើងឃើញថា អ្វីដែលថៃ បាញ់មកលើពលរដ្ឋកម្ពុជា អាចជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ គឺដោយសារតែឆ្លងដែនបាញ់ស្រេចតែចិត្តទៅគ្មានចាត់វិធានការអ្វីទាល់តែសោះ»។
សំណើរបស់ លោក នី ចរិយា ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសកម្ពុជា ផ្ញើលិខិតតវ៉ាការទូតទៅកាន់ស្ថានទូតថៃ ប្រចាំនៅប្រទេសកម្ពុជា ប្រឆាំងដាច់ខាតនូវអំពើឃោរឃៅ និងអមនុស្សធម៌របស់ក្រុមទាហានថៃ ដែលបាញ់សម្លាប់ស្ត្រីខ្មែរម្នាក់ក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី៩ ខែធ្នូ ខណៈជនរងគ្រោះឆ្លងដែនចូលក្នុងទឹកដីថៃ ដើម្បីដកដំឡូង និងរើសផ្សិត ដោយមិនដឹងថា ខ្លួនបានឆ្លងខ្សែបន្ទាត់ព្រំដែន។ បួនថ្ងៃក្រោយមក ទាហានការពារព្រំដែនថៃ ខេត្តសុរិន្ទ បានបញ្ជូនសាកសពស្ត្រីខ្មែររងគ្រោះរូបនោះត្រឡប់មកឱ្យក្រុមគ្រួសារវិញ ក្នុងក្រុងសំរោង នៃខេត្តឧត្តរមានជ័យ។
ក្រសួងការបរទេសកម្ពុជា ទាមទារឲ្យសមត្ថកិច្ចប្រទេសថៃ បើកការស៊ើបអង្កេតឲ្យបានស៊ីជម្រៅអំពីករណីនេះ ដើម្បីនាំខ្លួនជនដៃដល់មកផ្ដន្ទាទោសតាមផ្លូវច្បាប់។ រដ្ឋាភិបាលកម្ពុជា ក៏ទទូចឲ្យអាជ្ញាធរថៃ បញ្ឈប់សកម្មភាពព្រៃផ្សៃប្រឆាំងនឹងពលរដ្ឋខ្មែរស្លូតត្រង់ ហើយគោរពនូវកិច្ចព្រមព្រៀងនៃមេដឹកនាំប្រទេសទាំងពីរ បញ្ឈប់បាញ់សម្លាប់ពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់កាលពីពេលថ្មីៗនេះ។
លោក នី ចរិយា បន្តថា នៅពេលកម្ពុជា ប្ដឹងទៅតុលាការអន្តរជាតិហើយនោះ មូលហេតុនៃការបាញ់សម្លាប់ពលរដ្ឋខ្មែរនៅតាមព្រំដែនខ្មែរ-ថៃ នឹងត្រូវបង្ហាញជាការពិត៖ «ហើយប្រសិនបើជាថៃ មិនព្រមនឹងបង្ហាញឆន្ទៈរបស់ថៃ ក្នុងន័យរើសអើងប្រកាន់ពូជសាសន៍សម្លាប់ហ្នឹង។ សម្លាប់ដោយរើសអើង»។
របាយការណ៍អង្គការសង្គមស៊ីវិលបង្ហាញថា ចាប់ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៤ នេះ មានពលរដ្ឋខ្មែរចំនួន ១២៣នាក់ ត្រូវទាហានថៃ បាញ់សម្លាប់។ លោក នី ចរិយា ក៏ស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធានការជាក់លាក់មួយចំនួន ប្រឆាំងនឹងមន្ត្រីយោធានៅតាមតំបន់ព្រំដែនដែលបានជួលពលរដ្ឋខ្មែរឲ្យឆ្លងចូលព្រំដែនថៃ ដើម្បីកាប់ឈើខុសច្បាប់នោះ។ ទន្ទឹមគ្នានេះ រដ្ឋាភិបាលកម្ពុជា ក៏ត្រូវផ្តល់ការងារគ្រប់គ្រាន់ឲ្យពលរដ្ឋ ដើម្បីជៀសវាងការឆ្លងដែនទៅប្រទេសថៃ ខុសច្បាប់ បណ្ដាលឲ្យមានការបាញ់សម្លាប់។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា កម្ពុជា មិនទាន់បានដាក់ពាក្យបណ្ដឹងទៅស្ថាប័នណាផ្សេងនៅឡើយទេ ក្រៅពីការតវ៉ាតាមផ្លូវទូត។ លោកបន្តថា ការតវ៉ាផ្នែកទូតជាជម្រើសមួយសមស្របប្រឆាំងទៅនឹងការបាញ់សម្លាប់ពលរដ្ឋខ្មែរ៖ «កន្លងមក យើងអត់បានធ្វើទៅស្ថាប័នណា ក្រៅពីកំណត់ទូតតវ៉ារវាងប្រទេស និងប្រទេស។ សូមបញ្ជាក់ថា កន្លងមកធ្វើកំណត់ទូតទៅ គេក៏បានបំភ្លឺពីមូលហេតុនៃការឡើងនេះដែរ»។
ស្ថានទូតថៃ ប្រចាំនៅកម្ពុជា មិនទាន់ឆ្លើយតបលិខិតការទូតរបស់កម្ពុជា តវ៉ាប្រឆាំងការបាញ់សម្លាប់ពលរដ្ឋខ្មែរនេះនៅឡើយទេ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ធ្នូ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសកម្ពុជា ឲ្យដឹងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងដឹកនាំប្រតិភូមួយក្រុមទៅប្រទេសថៃ ដើម្បីចូលរួមកិច្ចប្រជុំមហាអនុតំបន់ទន្លេមេគង្គ នៅទីក្រុងបាងកក (Bangkok) នៅថ្ងៃទី២០ ធ្នូ ខាងមុខនេះ។ មិនទាន់មានព័ត៌មានថា តើ លោក ហ៊ុន សែន នឹងលើកយកបញ្ហាបាញ់សម្លាប់ពលរដ្ឋខ្មែរនេះ ទៅពិភាក្សាជាមួយភាគីថៃ នៅឡើយទេ៕
2 comments:
ICC won't solves your killing issues along the border,the solution is killing Siamese soldiers who shot and killed Khmer un-arms.Stop Siamese from killing Khmer by kills them back!
Begin of Drgunzet's comment.
Look Khmer, you and the Thais have been accusing each other in copying culture. I will say this:
Khmer, stop copying the Thai's martial arts and dance.
Thais, stop copying the Khmer's murderous and barbaric culture.
You both must copy the superior Chinese culture.
-Drgunzet-
Post a Comment