A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Friday 19 December 2014

Cambodian Center for Human Rights distributes videos about land disputes in Cambodia [CCHR ចែក​ចាយ​វីដេអូ​រឿង​ជម្លោះ​ដីធ្លី]

លោក លី ស្រ៊ាខេង ពេល​បញ្ជូន​ពី​ពន្ធនាគារ​មក​សាលា​ដំបូង​រាជធានី​កាល​ពី​ដើម​ខែ​នេះ។
លោក លី ស្រ៊ាខេង ពេល​បញ្ជូន​ពី​ពន្ធនាគារ​មក​សាលា​ដំបូង​រាជធានី​កាល​ពី​ដើម​ខែ​នេះ។ ហុង មិនា
ភ្នំពេញៈ ខ្សែ​វីដេអូ​សហគមន៍​ចំនួន ៥ ពាក់​ព័ន្ធ​នឹង​ស្ថានភាព​ទំនាស់​ដីធ្លី​នៅ​កម្ពុជា ត្រូវ​បាន​ដាក់​បញ្ចាំង និង​ចែកចាយ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​ម្សិល​មិញ ក្នុង​គោល​បំណង​លើក​កម្ពស់​ការ​យល់​ដឹង​ពី​សិទ្ធិ​ដីធ្លី និង​បង្ហាញ​ពី​ស្ថានភាព​អសន្តិសុខ​នៃ​ទំនាស់​ដីធ្លី​នៅ​កម្ពុជា។
ខ្សែ​វីដេអូ​ខ្លី​នេះ ត្រូវ​បាន​រៀបរៀង​ឡើង ដោយ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) ដែល​បង្ហាញ​ពី​ប្រវត្តិ​សង្ខេប​នៃ​សហគមន៍​រង​ផល​ប៉ះពាល់ ដោយ​សារ​ជម្លោះ​ដីធ្លី សាវតារ​នៃ​ការ​យាយី ការ​បំភិត​បំភ័យ និង​វាយ​ប្រហារ ក្នុង​គោល​បំណង​បង្ខំ​ឲ្យ​ពលរដ្ឋ​ចេញពី​ដីធ្លី​របស់​ពួកគេ ដើម្បី​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ការ​ធ្វើ​អាជីវកម្ម​លើ​ធនធាន​រ៉ែ​ធម្មជាតិ​របស់​កម្ពុជា។
តួអង្គ​នៃ​ខ្សែ​វីដេអូ​ឯកសារ​នេះ រួម​មាន លោក លី ស្រ៊ាខេង នៅ​តំបន់​បឹងកក់ ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​ទំនាស់​ជាមួយ​ក្រុមហ៊ុន ឃុន សៀរ អ៊ិចផត អ៊ីមផត អ្នក​ស្រី កែវ សុភី សហគមន៍​ពី ខេត្ត​សៀមរាប ដែល​ត្រូវ​បាន​មន្ត្រី​យោធា​រឹប​អូស​យក​ដី កាល​ពី ឆ្នាំ​២០០៣ លោក សោម សុវណ្ណនី សហគមន៍​ពី ខេត្ត​ក្រចេះ ត្រូវ​បាន​អាជ្ញាធរ​បណ្តេញ​យក​ទីតាំង​ដី សាង​សង់​សាកល​វិទ្យាល័យ​មួយ លោក វ៉ែន វ៉ន សហគមន៍​ជន​ជាតិ​ភាគ​តិច​ជង តំបន់​អារ៉ែង ខេត្ត​កោះកុង ដែល​ដី និង​ជីវភាព​របស់​គាត់​រង​ការ​គំរាម​កំហែង​ដោយ​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី និង​លោក ម៉ាង លីហួរ សហគមន៍​ពី ខេត្ត​ឧត្តរ​មាន​ជ័យ ដែល​ត្រូវ​បាន​ទាហាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​លំនៅឋាន​កាល​ពី ឆ្នាំ​២០០៩។
ជន​រង​គ្រោះ​ដោយ​សារ​ជម្លោះ​ដីធ្លី​នៅ​តំបន់​បឹងកក់ លោក លី ស្រ៊ាខេង បាន​រៀបរាប់​ថា ខ្សែ​វីដេអូ​ឯកសារ​របស់​លោក គឺ​ចងក្រង​ឡើង ដោយ​ខ្សែ​អាត់​វីដេអូ​ខ្លី​ដែល​ក្រុម​គ្រួសារ​លោក​ថត​បាន​ខ្លះ និង​វីដេអូ​មន្ត្រី​សិទ្ធិ​មនុស្ស។
លោក​បាន​បញ្ជាក់​ថា៖ «វីដេអូ​នេះ មាន​សកម្មភាព​របស់​អាជ្ញាធរ​មូលដ្ឋាន​គំរាម វាយ​ដំ និង​ចង់​សម្លាប់​ក្រុម​គ្រួសារ​ខ្ញុំ ហើយ​ក្រុម​ក្មេង​ទំនើង ដែល​ត្រូវ​បាន​គេ​ជួល​មក​ធ្វើ​បាប​ពួក​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ»។

លោក លី ស្រ៊ាខេង ដែល​ទើប​តែ​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ ដោយ​សារ​តែ​រឿង​ជម្លោះ​ដីធ្លី​នេះ បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ចង់​បង្ហាញ​ដល់​ពិភពលោក​ថា ខ្មែរ​គឺ​ពិបាក​អ៊ីចឹង តែ​ខ្ញុំ​នៅ​តែ​ជម្នះ​ពួក​យើង​ត្រូវ​ក្រោក​ឡើង​តស៊ូ កុំ​នៅ​ស្ងៀម មិន​អាច​ឲ្យ​គេ​គាប​សង្កត់​បាន​ទេ»
សម្រាប់​វីដេអូ​របស់​សហគមន៍​ជន​ជាតិ​ភាគ​តិច តំបន់​អារ៉ែង ខេត្ត​កោះកុង វិញ បាន​បង្ហាញ​ពី​របៀប​របប​នៃ​ការ​រស់​នៅ មុខ​របរ​ចិញ្ចឹម​ជីវិត ការ​ថែរក្សា​ប្រពៃណី និង​បរិស្ថាន​ក្នុង​តំបន់​ជុំវិញ​អារ៉ែង។ តំណាង​សហគមន៍​លោក វ៉ែន វ៉ន បាន​ថ្លែង​ថា៖ «ពួក​យើង ក៏​បាន​លើក​បង្ហាញ​ពី​ការ​ជម្លៀស​ចេញ​ទាំង​បង្ខំ ដោយ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ។ ពួក​យើង​មិន​ចង់​បាត់បង់​នូវ​តំបន់​ធម្មជាតិ​នេះ ដោយ​សារ​ទំនប់​វារី​អគ្គិសនី​នោះ​ទេ»។
អ្នក​សម្រប​សម្រួល​គម្រោង​កំណែ​ទម្រង់​ដីធ្លី​របស់ CCHR លោក វណ្ណ សូផាត បាន​ឲ្យ​ដឹង​ថា ខ្សែ​វីដេអូ​ឯកសារ​ចំនួន ៥ នេះ ចំណាយ​ថវិកា​ជិត ៦ ពាន់​ដុល្លារ ក្នុង​ការ​ចង​ក្រង និង​ជា​ឯកសារ​ចែក​ចាយ ដើម្បី​បង្កើន​ការ​យល់​ដឹង​ដល់​ប្រជា​ពលរដ្ឋ​ពី​សិទ្ធិ​ដីធ្លី និង​ការ​តស៊ូ​មតិ​រក​ដំណោះ​ស្រាយ។
លោក​បាន​បន្ត​ថា៖ «តាម​គម្រោង គឺ​យើង​នឹង​បង្កើត​វីដេអូ​ឯកសារ​នេះ ឲ្យ​បាន ៣០ រឿង នៅ ឆ្នាំ​២០១៧ ដែល​មាន​គ្រប់​ប្រភេទ​នៃ​ជម្លោះ​ដីធ្លី​នៅ​កម្ពុជា»៕

No comments: