A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 19 October 2014

Vietnamese fishermen illegally enter Cambodian territorial waters to fish in Preah Sihanouk province ជនជាតិ​វៀតណាម​ចូល​ចាប់​ត្រី​ក្នុង​ដែន​នេសាទ​សមុទ្រ​ខេត្ត​ព្រះសីហនុ​យ៉ាង​អនាធិបតេយ្យ

នេសាទ​សមុទ្រ​ខុស​ច្បាប់ ៦២០-១
សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។
Photo/Provided
ប្រជា​នេសាទ និង​សង្គម​ស៊ីវិល ខេត្ត​ព្រះសីហនុ អះអាង​ថា ទូក​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ របស់​ជនជាតិ​វៀតណាម រាប់​សិប​គ្រឿង បាន​ចូល​មក​ចាប់​មច្ឆា(ត្រី)សមុទ្រ​គ្រប់​ប្រភេទ​យ៉ាង​អនាធិបតេយ្យ ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ ហើយ​គ្មាន​សមត្ថកិច្ច​បង្ក្រាប​ឬ​ទប់ស្កាត់​ទេ។
ករណី​នេះ​សមត្ថកិច្ច​ជំនាញ​ដែនសមុទ្រ ថ្លែង​ថា​នឹង​ពិនិត្យ ចំពោះ​បទល្មើស​នេសាទ​ទាំងនេះ ដើម្បី​ចាត់វិធានការ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។
ប្រជា​នេសាទ​ឈ្មោះ អ៊ឹង ដាន់ រស់នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ស្ថិត​ក្នុង​ចំណោម​អ្នកនេសាទ​សមុទ្រ​ច្រើន​ទៀត បាន​អះអាង​ថា ទូក​អូស​គូ និង​ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម មិន​តិច​ជាង ១​រយ​គ្រឿង​ទេ ក្នុង​១​យប់ៗ បាន​ចូល​មក​នេសាទ​ខុសច្បាប់​ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ ។
លោក​បន្ត​ថា​បទល្មើស​ទាំងនេះ បាន​ធ្វើ​សកម្មភាព​ចន្លោះ​ពី​កោះរ៉ុង ទៅ​កោះតាង ប៉ុន្តែ​នៅ​ពេល​ថ្ងៃ ទូក​នេសាទ​ល្មើស​ទាំងនោះ បាន​ចូល​មក​ចត​នៅ​ជុំវិញ​បរិវេណ​កោះតាង។ ហើយ​ថា​មន្ត្រី​ជំនាញ​មិន​ពិបាក​រក​ទេ បើ​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​បង្ក្រាប។
អ្នកនេសាទ​រូប​នេះ​បន្ថែម​ថា​ពេល​រូបលោក​និង​អ្នកនេសាទ ដទៃ​ទៀត ចេញ​ទៅ​នេសាទ​សមុទ្រ​នៅ​ពេល​យប់ គឺ​ឃើញ​ទូក​នេសាទ​គូ និង​ទូក​ភ្លើង​ដែល​ប្រើ​ឧបករណ៍​ល្មើស​ទាំងនោះ ធ្វើ​សកម្មភាព​រាល់​យប់ ដោយ​មិន​ឃើញ​សមត្ថកិច្ច​ចុះ​បង្ក្រាប​ទេ។
ប្រជា​នេសាទ​ស្រុក​ស្ទឹងហាវ ឲ្យ​ដឹង​ទៀត​ថា មច្ឆា​សមុទ្រ​គ្រប់​ប្រភេទ ទំនងជា​នឹង​ត្រូវ​ផុត​ពូជ បើ​មន្ត្រី​ជំនាញ គ្មាន​វិធានការ​បង្ក្រាប​ទូក​ភ្លើង និង​ទូក​គូ​ធំៗ របស់​ជនជាតិ​វៀតណាម ចូល​នេសាទ ក្នុង​ដែន​សមុទ្រ​ខេត្ត​ព្រះសីហនុ​ឲ្យ​មាន​ប្រសិទ្ធភាព​៖ «ទូក​អូស​គូ​ខាង​វៀតណាម​មក​ច្រើន​ណាស់ គឺ​មុខ​មង​វា​ជាប់​ប្រហែល ៣​រយ​ម៉ែត្រ​ឯណោះ។ នៅ​បន្ទាប់ពី​កោះតាង​ហ្នឹង​មាន​ច្រើន គឺ​មាន​ជាប់​ប្រហែល ៣០ ទៅ ៤០​គូរ​ឯណោះ​។ បើ​ទូក​ភ្លើង​វិញ​រាប់មិនអស់​ទេ នៅ​ពេល​យប់​ទូក​នេះ​ចេញ​មក​ហើយ មាន​ភ្លើង​ភ្លឺ​ពេញ​សមុទ្រ គឺ​ពេល​បើកភ្លើង​បែក​ភ្នែក​អស់ហើយ​ត្រី វា​ព័ទ្ធ​យក​អស់​ហើយ​ៗ​យើង​រកស៊ី​ទៅ​ខាង​តំបន់​ហ្នឹង​មិន​បាន​ទេ។ ច្រើន​ណាស់​ទូក​ភ្លើង​ហ្នឹង​រាប់មិនអស់​ទេ គឺ​រាប់​រយ​គ្រឿង ចាប់ពី​កោះ​ប្ញស្សី​ជាដើម​មក​ឃើញ​ហើយ»។
ប្រជា​នេសាទ​ផ្សេងទៀត នៅ​ឃុំ​អូត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា ការដែល​ជនជាតិ​វៀតណាម អាច​ចូល​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ ដោយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច ទំនងជា​មានការ​ឃុបឃិត​ពី​សមត្ថកិច្ច​ជំនា​ញ​ស្ថាប័ន​មួយ​ចំនួន នៅ​ពីក្រោយ​បទល្មើស​នេះ។ មិន​ខុស​អ្វី​ពី​ពាក្យ​ដែល​ថា «បើ​ខ្មោច​ស្រុក​មិន​ឲ្យ​ដៃ​ខ្មោច​ព្រៃ​មិន​ហ៊ាន​ទេ»។
បញ្ហា​នេះ​ដែរ លោក អ៊ុំ ដេង ប្រធាន​សហគមន៍​នេសាទ​ឃុំ​អូត្រេះ ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ខុសច្បាប់ មាន​ដូច​ជា​ទូក​គូ និង​ទូក​ភ្លើង​ធំៗ របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ចូល​ធ្វើ​សកម្មភាព​ពេលយប់ នៅ​ក្នុង​ដែនសមុទ្រ ខេត្ត​ព្រះសីហនុ គ្មាន​ការ​បង្ក្រាប​ពិតមែន។ ប៉ុន្តែ​លោក​ក៏​មិន​ដឹង​ពី​មូល​ហេតុអ្វី ដែល​មន្ត្រី​ជំនាញ​ខេត្ត​ព្រះសីហនុ គ្មាន​វិធានការ​បង្ក្រាប​ទៅលើ​បទល្មើស​នេសាទ​សមុទ្រ​នេះ​ទេ។ គ្រាន់តែ​ដឹង​ថា បទល្មើស​ដោយ​ប្រើ​ទូក​គូ និង​ទូក​ភ្លើង​ធំៗ របស់​អ្នកនេសាទ​វៀតណាម មាន​ចំនួន​រាប់​រយ​គ្រឿង បាន​ធ្វើ​សកម្មភាព​នេសាទ​អនាធិបតេយ្យ៖ «បើ​តាម​ខ្ញុំ​ឃើញ​ទូក​គូ​ហ្នឹង​ប្រហែលជា ៣០​គ្រឿង ហើយ​ទូក​ភ្លើង​ហ្នឹង​ព្រោងព្រាត​ទាំងអស់។ ហើយ​បើ​តាម​ខ្ញុំ​ធ្លាប់​ទៅ​ឃើញ​ទូក​ភ្លើង​ខ្ញុំ​មិន​ហ៊ាន​វ៉ៃ​ឲ្យ​ច្រើនពេក​ទេ គឺ​មាន​ចំនួន​ពី ៨០ ទៅ ៩០​គ្រឿង គឺ​ភ្លឺ​ពេញ​ផ្ទៃ​សមុទ្រ​ទាំងអស់​។ ហើយ​អា​បញ្ហា​ភ្លើង​ហ្នឹង គឺ​ត្រី​ទាំងអស់​ទាំង​តូច​ធំ បាន​ទៅ​រោម​ភ្លើង​ដើម្បី​វា​មក​ស៊ី​សត្វល្អិត ហើយ​ត្រី​តូច​វា​ស៊ី​ត្រី​តូច អា​ធំ​វា​ស៊ី​អា​ធំ​បន្ត​គ្នា​អញ្ចឹង​ទៅ រហូតដល់​គេ​ព័ទ្ធ​ម៉ា​អួនៗ​វា​ហ្នឹង​មាន​ត្រី​រាប់​សិប​តោន»។

លោក អ៊ុំ ដេង អះអាង​ថា​បទល្មើស​ទូក​នេសាទ​វៀតណាម ចូល​នេសាទ​ក្នុង​ដែនសមុទ្រ​នា​ខេត្ត​ព្រះសីហនុ មន្ត្រីរាជការ​ថ្នាក់ក្រោម និង​ពលរដ្ឋ​រស់​នៅ​ក្នុង​ខេត្ត​នេះ បាន​ដឹងឮ​គ្រប់ៗ​គ្នា ប៉ុន្តែ​មិន​ដឹង​ថា មាន​អ្វី​នៅ​ពីក្រោយ​បទល្មើស​នេះ​ទេ ទើប​សមត្ថកិច្ច​មិន​បង្ក្រាប​បទល្មើស​នេះ​ទៅវិញ។
ទាក់ទិន​បទល្មើស​នេះ លោក ពុំ ស៊ីថា ប្រធាន​អធិការដ្ឋាន​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ នៃ​ប្រទេស​កម្ពុជា ដែល​មាន​ស្នាក់​ការ ឬ​ការិយាល័យ នា​ខេត្ត​ព្រះសីហនុ បាន​គេចវេះ​មិន​ធ្វើ​អត្ថាធិប្បាយ ជុំវិញ​បទល្មើស​នេះ​ទេ តាម​ទូរស័ព្ទ ដោយ​និយាយ​ខ្លី​ថា​ច្រឡំ​លេខ។ ទោះ​យ៉ាង​ណា លោក ស៊ិន ផល្គុន អនុប្រធាន​អធិការដ្ឋាន​បង្ក្រាប​បទ​ល្មើស​លើ​ផ្ទៃ​សមុទ្រ ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា​មន្ត្រី​ជំនាញ​កំពុង​ចុះ​បង្ក្រាប​បទល្មើស​នេះ បន្ទាប់ពី​បាន​ទទួល​ព័ត៌មាន​ពី​សហគមន៍ មន្ត្រី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន។
លោក​រអ៊ូរទាំ​ថា​ដោយសារ​តែ​មន្ត្រី​ជំនាញ​លោក​មិន​មាន​មធ្យោបាយ ឬ​នាវា​ល្បាត​សមុទ្រ​ឲ្យ​ទំនើបៗ ទើប​បទល្មើស​កើតមាន​អនាធិបតេយ្យ ហើយ​មិន​មាន​វិធានការ​បង្ក្រាប​ឲ្យ​បាន​ទាន់​ពេល។ ប៉ុន្តែ​លោក​ថា នឹង​ពិនិត្យ​ជុំវិញ​បទល្មើស ដែល​អ្នកនេសាទ​ជនជាតិ​វៀតណាម ចូល​មក​នេសាទ​ខុសច្បាប់ ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​អនាគត៖ «បើសិនជា​លោក​ជ្រាប​ថា​នាវា​របស់​អធិការកិច្ច​ជលផល​ខ្ញុំ​ហ្នឹង អា​ល្បឿន​ក៏​វា​យឺត ហើយក៏​ចាស់​ទ្រុឌទ្រោម។ និយាយ​រួម​មធ្យោបាយ​ក៏​លំបាក​ព្រោះ​នានា​នេះ ត្រូវ​គេ​ប្រើ​នៅមុន​ឆ្នាំ​១៩៧៩​ទៅទៀត។ ពី​មុន​នាវា​នេះ​គេ​ធ្វើ​សម្រាប់​នេសាទ។ ទោះ​បី​យ៉ាង​ណា​ក៏ដោយ យើង​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព​ដើម្បី​ការពារ ។ បទបញ្ជា​ពី​ថ្ងៃ​ម្សិលមិញ ហ្នឹង​គឺ​អនុញ្ញាត​ឲ្យ​នាវា​ហ្នឹង​ចេញ​ប្រតិបត្តិការ។ យើង​ដឹង​ព័ត៌មាន​ពី​សង្គម​ស៊ីវិល និង​អ្នកសារព័ត៌មាន​មួយ​ចំនួន បំពេញ​ការងារ​បទល្មើស​ហ្នឹង»។
បញ្ហា​នេះ​ដែរ លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា ឬ​ហៅ​កាត់​ស៊ីអិនរ៉ូ (CNRO) ប្រចាំ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា អ្នកនេសាទ​ជនជាតិ​វៀតណាម បាន​ប្រើ​ទូក​ភ្លើង និង​ទូក​គូ​រាប់​សិប​គ្រឿង ចូល​ធ្វើ​សកម្មភាព​ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ នៅ​ពេលយប់​ពិតមែន។
នេសាទ​សមុទ្រ​ខុស​ច្បាប់ ៦២០
សកម្មភាព​អនាធិបតេយ្យ ទូក​ភ្លើង​របស់​អ្នកនេសាទ​ជនជាតិ​វៀតណាម ប្រើ​ឧបករណ៍​ល្មើស​ច្បាប់ នៅ​ក្នុង​ដែន​សមុទ្រ ខេត្ត​ព្រះសីហនុ នៅថ្ងៃទី១៣ ខែ​តុលា ឆ្នាំ​២០១៤។ Photo/Provided

លោក​អះអាង​ថា​បទល្មើស​នេសាទ​នេះ លោក​មាន​ឯកសារ និង​ភស្តុតាង​គ្រប់គ្រាន់ សម្រាប់​ផ្តល់​ជូន​មន្ត្រី​ជំនាញ បើ​សិន​មន្ត្រី​ជំនាញ​ណាមួយ​ហ៊ាន ចេញមុខ​បដិសេធន៍ ឬ​មិន​ទទួលស្គាល់ បទល្មើស​ទូក​នេសាទ​វៀតណាម ចូល​ធ្វើ​សកម្មភាព​ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ៖ «លើ​ផ្ទៃ​សមុទ្រ​ហ្នឹង​នៅ​ពេល​យប់​ហាក់បីដូចជា​ទីក្រុង នៅ​លើ​ផ្ទៃ​សមុទ្រ​អ៊ីចឹង។ ពេល​នោះ​មច្ឆា​ជាតិ​ទាំងឡាយ​ត្រូវ​ខូច​ភ្នែក​ទាំងអស់។ និយាយ​រួម​ត្រី​ដែល​គេ​បាញ់​ភ្លើង​ហ្វារ​ដាក់​ហ្នឹង​ត្រូវ​ខូច​ភ្នែក ឬ​បែក​ភ្នែក ហើយ​ត្រូវ​គេ​ព័ទ្ធ​មង​យក​ទាំង​ត្រី​តូច ត្រី​ធំ គឺ​គ្មាន​ត្រា​ប្រណី​ទេ។ ហើយ​គ្មាន​សមត្ថកិច្ច​ណា​ទៅ​បង្ក្រាប​បទល្មើស​នេសាទ ដែល​កំពុងតែ បង្ក​ភាព​អនាធិបតេយ្យ នៅ​ក្នុង​សមុទ្រ​កម្ពុជា​ទេ» ។
លោក សុខ សុខុម ប្រធាន​អង្គការ​ស៊ីអិនរ៉ូ ខេត្ត​ព្រះសីហនុ មាន​ការ​ភ្ញាក់ផ្អើល និង​រន្ធត់ កាល​បើ​ចុះ​អង្កេត​ផ្ទាល់ ហើយ​ឃើញ​ទូក​ភ្លើង​ធំៗ របស់​អ្នកនេសាទ​វៀតណាម​រាប់​សិប​គ្រឿង ចូល​នេសាទ​ខុសច្បាប់ ក្នុង​ដែនសមុទ្រ ខេត្ត​ព្រះសីហនុ នៅ​ពេល​យប់ ហើយ​គ្មាន​ការ​បង្ក្រាប​ពី​សមត្ថកិច្ច។
លោក​ថា​បទល្មើស​នេសាទ​ដោយ​ប្រើ​ទូក​ភ្លើង និង​ទូក​អូស​គូ ដើម្បី​នេសាទ​មច្ឆា​សមុទ្រ របស់​អ្នកនេសាទ​វៀតណាម ស្ទើរ​ក្លាយទៅជា​ទីក្រុង​បណ្ដែត​ទឹក​ដ៏​ប្រណិត​មួយ នៅ​លើ​ផ្ទៃ​សមុទ្រ ខេត្ត​ព្រះសីហនុ ព្រោះ​មាន​ភ្លើង​ចម្រុះ​ពណ៌ ភ្លឺ​ចែងចាំង​លើ​លំហ​សមុទ្រ៖ «នេះ​គឺ​ជា​ភាព​អនាធិបតេយ្យ​មួយ​ខាង​បរទេស​មក​លើ ដែនដី​សមុទ្រ​កម្ពុជា របស់​យើង​នេះ។ តើ​សមត្ថកិច្ច​ដែល​មាន​តួនាទី នៅ​លើ​ដែនសមុទ្រ​ហ្នឹង នៅឯណាហេតុ​អី​មិន​ទៅ​បង្ក្រាប បទល្មើស​ភាព​អនាធិបតេយ្យ​នេសាទ​នៅ​ក្នុង​ដែនសមុទ្រ​កម្ពុជា​ពេលនេះ។ ក្នុងនាម​ពលរដ្ឋ​ខ្មែរ​ឈឺចាប់​ណាស់ ដែល​គេ​មក​បំពាន​រៀប​នេះ​។ សមត្ថកិច្ច​ជំនាញ​មាន​តាំង​ថ្នាក់​ជាតិ ថ្នាក់​កណ្ដាល និង​ថ្នាក់ក្រោម​ជាតិ។ តើ​សមត្ថកិច្ច​ហ្នឹង​នៅឯណា​ម្ដេច​មិន​មក​បង្ក្រាប​បទល្មើស​នៅ​លើ​ផ្ទៃ​សមុទ្រ​នេះ ឬមួយ​ករណី ដែល​គេ​មក​ប្រព្រឹត្ត​បទល្មើស​នៅ​លើ​ដែនសមុទ្រ​ប្រទេស​កម្ពុជា​នេះ បាន​លាប​សក្ការ​សម្រាប់​អស់លោក បានជា​អស់លោក​មិន​មក​បង្ក្រាប?»។
ទាក់ទិន​បញ្ហា​នេះ លោក ឈិត សុខុន អភិបាលខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា នឹង​សហ​ការណ៍​រាល់​ការ​ផ្ដល់​ព័ត៌មាន​ជុំវិញ​បទល្មើស​ផ្សេងៗ ដើម្បី​ឈាន​ដល់​លុបបំបាត់ ឬ​បង្ក្រាប​ឲ្យ​មាន​ប្រសិទ្ធភាព។ លោក​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​ផ្នែក​ពាក់ព័ន្ធ​ជួយ​ផ្ដល់​ព័ត៌មាន​ពិត នៃ​ប្រភេទ​បទល្មើស​ផ្សេងៗ ឬ​ទីតាំង​បង្ក​ល្មើស ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ងាយ​បញ្ជូន​កម្លាំង​បង្ក្រាប​ឲ្យ​ចំ​គោលដៅ។
យ៉ាងណាក៏ដោយ​ប្រជា​នេសាទ និង​សហគមន៍​នេសាទ​ខេត្ត​ព្រះសីហនុ មាន​រំពឹង​តិចតួច ចំពោះ​ចំណាត់​ការ ឬ​វិធានការណ៍​បង្ក្រាប របស់​សមត្ថកិច្ច​ជំនាញ​ខេត្ត​ព្រះសីហនុ ព្រោះ​យល់ថា បទល្មើស​នេសាទ​សមុទ្រ ដែល​អាច​ធ្វើ​សកម្មភាព​នៅ​ក្នុង​ដែនសមុទ្រ ខេត្ត​ព្រះសីហនុ គឺ​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន ក្នុង​ខេត្ត​នេះ​ជា​អ្នក​បើកដៃ ឬ​នៅ​ពីក្រោយ​បទល្មើស​ទាំងនេះ ទើប​កន្លង​មក​គ្មាន​ការ​បង្ក្រាប​ឬ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព

No comments: