A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Saturday 6 September 2014

Land dispute victims from Phnom Preuk and Sampov Loun districts inBattambang threatened to protest again អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ភ្នំព្រឹក​និង​សំពៅលូន​ខេត្ត​បាត់ដំបង​ព្រមាន​តវ៉ា​ជា​ថ្មី​ទៀត

ជម្លោះ​ដីធ្លី បាត់ដំបង ៦២០
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ កាន់​បដា​ក្នុង​ពេល​តវ៉ា​នៅ​ក្រោម​ដើម​ពោធិ៍ ឲ្យ​អាជ្ញាធរ​ខេត្ត​ជួញ​ដោះស្រាយ នា​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៤។
RFA/Morm Moniroth
ប្រជាពលរដ្ឋ​ជាង ១៣០​នាក់ មក​ពី​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ជា​ស្រុក​ជាប់​ព្រំដែន​កម្ពុជា​ថៃ បាន​ឡើង​មក​តវ៉ា​នៅ​សាលា​ខេត្ត ដើម្បី​ស្នើ​ឲ្យ​អាជ្ញាធរ​ជំនាញ​របស់​រដ្ឋាភិបាល ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ពួក​គាត់ ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ។
ករណី​វិវាទ​នេះ កើត​មាន​ឡើង​ក្រោយ​ពី​ក្រុមហ៊ុន សួន មានសម្បត្តិ ចូល​ទៅ​វិនិយោគ បន្ទាប់​ពី​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍន៍​ពី​រដ្ឋាភិបាល ក្រោម​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច កាល​ពី​ឆ្នាំ​២០១១ មក។ បន្ទាប់​ពី​តវ៉ា​បាន​ប្រហែល ២០​នាទី មន្ត្រី​សាលា​ខេត្ត បាន​អនុញ្ញាត​អោយ​តំណាង​ពលរដ្ឋ​ចំនួន ៦​នាក់ ចូល​ទៅ​ជួប​ពិភាក្សា​ពី​ការ​ទាមទារ​របស់​ពួក​គាត់។
តំណាង​ប្រជាពលរដ្ឋ​មក​ពី​ស្រុក​សំពៅលូន និង​ស្រុក​ភ្នំព្រឹក ដែល​ឡើង​មក​តវ៉ា​នៅ​ព្រឹក​ថ្ងៃ​ទី​៥ កញ្ញា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​រវាង​តំណាង​អ្នក​មាន​ជម្លោះ​ដីធ្លី​ជាមួយ​មន្ត្រី​ជំនាញ​ថ្នាក់​ខេត្ត មិន​ទទួល​បាន​លទ្ធផល​អ្វី​នោះ​ទេ ដោយ​តំណាង​របស់​ខេត្ត​សន្យា​ថា នឹង​ផ្ដល់​ចម្លើយ​ក្រោយ​ពី​ប្រជុំ​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ខេត្ត​ចប់​សព្វគ្រប់ ជុំវិញ​បញ្ហា​នេះ​ជា​មុន​សិន។
តំណាង​ប្រជាពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​អ្នក​ទាំង ៦​នាក់ ដែល​ត្រូវ​បាន​កោះ​ហៅ ដើម្បី​ជួប​ពិគ្រោះ​យោបល់​នោះ លោក ស៊ឹង ហៀង ព្រមាន​នៅ​ថ្ងៃ​ទី​៥ កញ្ញា ក្រោយ​ចេញ​ពី​បន្ទប់​ប្រជុំ​ថា ប្រសិន​បើ​សេចក្ដី​សម្រេច​ដែល​ធ្វើ​ឡើង​នៅ​ពេល​នេះ មិន​អាច​ទទួល​យក​បាន​ទេ ក្រុម​អ្នក​តវ៉ា​នឹង​ឡើង​មក​ម្ដង​ទៀត ឬ​បើ​មិន​ដូច្នេះ​ទេ ប្រជាពលរដ្ឋ​នឹង​បន្ត​រក​កិច្ច​អន្តរាគមន៍​នៅ​ថ្នាក់​ជាតិ​វិញ៖ «សំឡេង»។
ការ​ចរចា​រវាង​តំណាង​ពលរដ្ឋ និង​មន្ត្រី​សាលា​ខេត្ត​នោះ បាន​កើត​ឡើង​ភ្លាមៗ​នៅ​ពេល​ប្រជាពលរដ្ឋ​ប្រមូល​ផ្ដុំ​គ្នា​ក្នុង​រយៈពេល​ខ្លី នៅ​ក្រោម​ដើម​ពោធិ៍​ក្បែរ​សាលា​ខេត្ត​បាត់ដំបង។ ដោយ​ឡែក​កម្លាំង​មាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​វិញ ពុំ​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​ស្អេកស្កះ​ដូច​មុន​ទៀត​ឡើយ ក្រៅ​ពី​មាន​កម្លាំង​នគរបាល​ប៉ុន្មាន​នាក់​នៅ​ចាំ​ឃ្លាំ​មើល​សន្តិសុខ​ប៉ុណ្ណោះ។
និយាយ​ពី​ទិដ្ឋភាព​នៅ​ក្រោម​ដើម​ពោធិ៍​ឯណេះ​វិញ ក្រៅ​ពី​មាន​អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស និង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​ចាំ​សង្កេតការណ៍​ហើយ លើស​ពី​នេះ​ទៀត ថែម​ទាំង​មាន​ក្រុម​អ្នក​តំណាង​រាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​ប្រឆាំង ថ្លែង​សារ​នយោបាយ​ថែម​ទៀត។

អ្នកស្រី មូរ សុខហួរ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បាត់ដំបង ដែល​មាន​វត្តមាន​ដែរ​នោះ និយាយ​ថា អ្នក​នយោបាយ​គួរ​បែរ​មក​គិតគូរ​ពី​សុខ​ទុក្ខ​របស់​ប្រជាពលរដ្ឋ​វិញ​ម្ដង។ ជាង​នេះ​ទៀត អ្នកស្រី​អំពាវនាវ​សូម​ឲ្យ​បញ្ឈប់​វប្បធម៌​ប្រើ​ប្រព័ន្ធ​តុលាការ ប្រឆាំង​លើ​ពលរដ្ឋ​របស់​ខ្លួន ក្នុង​ជម្លោះ​ដីធ្លី​ត​ទៅ​ទៀត។
ប្រជាពលរដ្ឋ​ទាំង​ជាង ១០០​នាក់ ទាមទារ​លក្ខខណ្ឌ​ខុសៗ​គ្នា។ អ្នក​រងគ្រោះ​ក្នុង​ហិង្សា​ដីធ្លី​ប្រមាណ ៧០៣​ហិកតារ ចំនួន ១៧៦​គ្រួសារ នៅ​ស្រុក​ភ្នំព្រឹក គឺ​ស្នើ​ឲ្យ​អាជ្ញាធរ​ចុះ​វាស់វែង​ដី​ឡើង​វិញ ហើយ​ប្រគល់​ដី​ឲ្យ​គ្រប់​ចំនួន ដែល​ពួក​គាត់​កាន់​កាប់​ជាក់ស្ដែង។ ដោយ​ឡែក​ប្រជាពលរដ្ឋ ៤៦​គ្រួសារ ដែល​មាន​ដី​ទំនាស់​ប្រមាណ ១០០​ហិកតារ ជាមួយ​ក្រុមហ៊ុន សួន មានសម្បត្តិ ដូច​គ្នា​ដែរ​នោះ នៅ​ស្រុក​សំពៅលូន ទាមទារ​ឲ្យ​អាជ្ញាធរ​ប្រគល់​ប្លង់​កម្មសិទ្ធិ និង​ច្រាន​ចោល​បទ​ចោទ​ទាំង​ឡាយ​ណា ប្រឆាំង​សកម្មជន​ដីធ្លី ព្រម​ទាំង​ស្នើ​ឲ្យ​តុលាការ ដោះ​លែង​អ្នក​កំពុង​ជាប់​ពន្ធនាគារ​មាន​សេរីភាព​វិញ។
វិទ្យុ​អាស៊ីសេរី ព្យាយាម​សុំ​ការ​បំភ្លឺ​ជាច្រើន​ដង​តាម​ទូរស័ព្ទ​ពី​ម្ចាស់​ក្រុមហ៊ុន សួន មានសម្បត្តិ តែ​ទូរស័ព្ទ​ពុំ​មាន​អ្នក​ទទួល នៅ​ថ្ងៃ​ទី​៥ កញ្ញា។
តាម​ការ​អះអាង​របស់​ពលរដ្ឋ​ពាក់ព័ន្ធ​វិវាទ​នេះ អោយ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ ក្រុមហ៊ុន សួន មានសម្បត្តិ នេះ បាន​ទទួល​វិនិយោគ​ក្រោម​គោល​នយោបាយ​សម្បទាន​ដី​សេដ្ឋកិច្ច។ ការ​អភិវឌ្ឍ​ដែល​មាន​ផ្ទៃ​ដី​ជាង ៤​ពាន់​ហិកតារ​នេះ (៤.០៩៥​ហិកតារ) បាន​ធ្វើ​ឲ្យ​ស្រុក​ចំនួន​២ គឺ​ស្រុក​សំពៅលូន និង​ស្រុក​ភ្នំព្រឹក រង​ផល​ប៉ះពាល់។ ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​ថា បាន​ចូល​ឈូស​ឆាយ​លើ​ដី​កម្មសិទ្ធិ ដែល​បាន​កាន់​កាប់​តាំង​ពី​ឆ្នាំ​២០០០ និង​ព្យាយាម​ឲ្យ​ម្ចាស់​ដី​ទទួល​យក​គោលការណ៍​ប្លង់​កម្មសិទ្ធិ​ដែល​ចេញ​ដោយ​ក្រុមហ៊ុន​ទាំង​បង្ខំ។
ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​ស្រុក​សំពៅលូន លោក ជា សម្បត្តិ មាន​ជំនឿ​ថា បញ្ហា​នេះ​អាច​នឹង​ត្រូវ​ដោះស្រាយ​បាន និង​ឈាន​ទៅ​បញ្ចប់​វិវាទ​ក្នុង​ពេល​ខាង​មុខ​នេះ។ ប៉ុន្តែ លោក​បញ្ជាក់​ថា នៅ​ពេល​នេះ ស្ថាប័ន​ជំនាញ​ថ្នាក់​ខេត្ត​កំពុង​ធ្វើ​កិច្ចការ​នេះ​នៅ​ឡើយ៖ «សំឡេង»។
បុគ្គលិក​ផ្នែក​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​បាត់ដំបង លោក ហេង សាយហុង ចាត់​ទុក​ថា បញ្ហា​ដែល​នៅ​បន្ត​ចាក់ស្រេះ​នេះ ដោយសារ​អ្នក​ដោះស្រាយ គឺ​មាន​ជាប់​ពាក់ព័ន្ធ​ផល​ប្រយោជន៍​រៀងៗ​ខ្លួន និង​អំពើ​ពុក​រលួយ​ជា​ប្រព័ន្ធ។ ហេតុ​នេះ លោក​អះអាង​ថា បើ​ទោះ​ជា​យន្តការ​ល្អ​ឥត​ខ្ចោះ​យ៉ាង​ណា ក៏​មិន​អាច​បញ្ចប់​បញ្ហា​នេះ​បាន​ឡើយ៖ «សំឡេង»។
អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ថា ប្រសិន​បើ​បញ្ហា​ដីធ្លី​នៅ​តែ​បន្ត​មាន​ភាព​ចម្រូងចម្រាស​ដូច​នេះ បដិវត្ត​ដីធ្លី​ទំនង​ជា​អាច​កើត​ឡើង៕

No comments: