A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 10 August 2014

Singer/actor Heng Bunleap lost millions in dishonest business deals ហេង ប៊ុនលាភ បង់​ទ្រព្យ​រាប់​លាន​ដុល្លារ

តារាចម្រៀង និង​សម្តែង​លោក ហេង ប៊ុនលាភ និង​ភរិយា បណ្តើរ​គ្នា​ចូល​កម្មវិធី​សិល្បៈ​កន្លងមក។
តារាចម្រៀង និង​សម្តែង​លោក ហេង ប៊ុនលាភ និង​ភរិយា បណ្តើរ​គ្នា​ចូល​កម្មវិធី​សិល្បៈ​កន្លងមក។ រូបថត សហការី
ទោះបី​ពេលវេលា​រំលង​អស់​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ក្តី ប៉ុន្តែ​តារាចម្រៀង​ម្ចាស់​បទ «​ទឹកភ្នែក​ស្វាមី​ស្រី​ឡង់សេ» និង​ជា​តារាសម្តែង​ដ៏​មាន​កេរ្តិ៍ឈ្មោះ​លោក ហេង ប៊ុនលាភ ហាក់​នៅ​តែ​តុកស៊ិច​ជុំវិញ​រឿងរ៉ាវ​នៃ​ការ​ខាតបង់​ប្រាក់​តម្លៃ​រាប់​ម៉ឺន​រាប់​លាន​ដុល្លារ ដោយសារ​តែ​ការ​រកស៊ី​មិន​ស្មោះត្រង់​នឹង​គ្នា។
លោក ហេង ប៊ុនលាភ ជា​អតីត​ប្រុសស្អាត​ចំណាត់​ថ្នាក់​លេខ​២ កាលពី​ឆ្នាំ​២០០១ ហើយ​លោក​ក៏​បាន​ក្លាយ​ខ្លួន​ជា​តារាចម្រៀង​ក្នុង​ផលិតកម្ម SSB ដោយ​មាន​លោក ហ្វៃ សំអាង ជា​អ្នក​ផ្ចុងផ្តើម។ ក្នុង​រយៈពេល​ដ៏ខ្លី លោក ហេង ប៊ុនលាភ ក៏​បាន​ផ្តើម​ភាព​ល្បីល្បាញ​តាមរយៈ​ទឹកដម​សំនៀង​ដ៏ស្រទន់​មាន​មន្តស្នេហ៍ ហើយ​បទ​ល្បីៗ​របស់​លោក​មាន​ដូចជា «​ទឹកភ្នែក​ស្វាមី​ស្រី​ឡង់សេ» «ជីដូន​កាកី» «សឹក​ហួស​ព្រោះ​ស្នេហ៍» និង​បទ​ចុងក្រោយ​ជាច្រើន​ទៀត​។
ខណៈពេល​ដែល​ទីផ្សារ​ចម្រៀង និង​សម្តែង​កាន់តែ​មាន​សន្ទុះ ស្រាប់តែ​លោក ហេង ប៊ុនលាភ បាន​សម្រេច​ចិត្ត​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​កូនស្រី​ស្រស់សោភា​របស់​ថៅកែ​ឡូនេសាទ​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់ កាលពី​អំឡុង​ឆ្នាំ​២០០៧ ហើយ​លោក​ក៏​បាន​ផ្អាក​ការងារ​សិល្បៈ ស្រវា​ចាប់​យក​ជំនួញ​ដែល​មាន​ចំណូល​ខ្ពស់​ជាង​សិល្បៈ។
គួរ​បញ្ជាក់​ថា ក្រោយ​រៀបអាពាហ៍ពិពាហ៍ នា​ពេល​បច្ចុប្បន្ន​នេះ លោក ប៊ុនលាភ ទទួល​បាន​បុត្រា​ចំនួន​ពីរ​នាក់។
លោក ហេង ប៊ុនលាភ។
លោក ហេង ប៊ុនលាភ។ សេត គឹមសឿន
នៅក្នុង​រយៈកាល​ក្រោយ​រៀបការ ហើយ​ធីប​ចោល​សិល្បៈ​នោះ បើ​តាម​អ្នកសិល្បៈ​ដូច​គ្នា​បាន​ទម្លាយ​ឲ្យ​ដឹង​ថា តារាចម្រៀង និង​សម្តែង ហេង ប៊ុនលាភ ស្ទើរតែ​ក្លាយ​ជា​សេដ្ឋី​ដីធ្លី​វ័យក្មេង​ដ៏​មាន​ឥទ្ធិពល​ម្នាក់ ដោយសារ​តែ​លោក​មាន​ជំនួញ​ជាច្រើន​ក្នុង​ដៃ ពិសេស​នោះ គឺ​ជំនួញ​ដីធ្លី ដែល ហេង ប៊ុនលាភ ខ្លួនឯង​បាន​ហៅថា «​ជំនួញ​ព្រះធរណី»។
ខណៈ​ពេល​ដែល​ចំណូល​ហូរ​ចូល​ដូច​ហែក​ដំបូល​ច្រក ស្រាប់តែ​រំលង​បាន​ប៉ុន្មាន​ឆ្នាំ​ទស្សនិកជន​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅពេល​ដែល​លោក ហេង ប៊ុនលាភ បាន​លេចមុខ​ជាថ្មី​លើ​វិថី​សិល្បៈ តែ​ពួកគេ​មើល​តារា​រូប​នេះ​ស្ទើរតែ​មិន​ស្គាល់​ដោយសារ​តែ​លោក ហេង ប៊ុនលាភ ធ្លាក់​ខ្លួន​ស្គមស្គាំង​យ៉ាង​ខ្លាំង​មិន​ដឹង​មូលហេតុ​។ លោក ហេង ប៊ុនលាភ ហាក់​បៀមទុក្ខ មិន​ព្រម​និយាយ​ស្តី​ជុំវិញ​ការ​ធ្លាក់​ខ្លួន​ស្គម​ឈឺ​នោះ​ទេ។
ដោយ​រក្សា​អាថ៌កំបាំង​នៃ​ការ​ធ្លាក់​ខ្លួន​អស់​រយៈពេល​ជាច្រើន​ឆ្នាំ ទើប​តែ​ពេល​នេះ លោក ហេង ប៊ុនលាភ បាន​ទម្លាយ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា នៅក្នុង​អំឡុង​ពេល​នេះ លោក​ខាតបង់​ឡុង​ចុង​រឿង​ជំនួញ​ដីធ្លី​រាប់​លាន​ដុល្លារ។
ក្នុង​អារម្មណ៍​ហាក់​ដូចជា​ឆ្អែត​ចិត្ត​ទាំង​មិន​នឹក​ស្មាន លោក ហេង ប៊ុនលាភ និយាយ​ថា៖​«​នៅក្នុង​អំឡុង​ខ្ញុំ​ផ្អាក​សិល្បៈ​នោះ ខ្ញុំ​មាន​ជំនួញ​ជាច្រើន​មុខ ហើយ​ជំនួញ​ធំ​នោះ​គឺ​ដីធ្លី​។ តែ​នៅពេល​នេះ ខ្ញុំ​មាន​ជំនួញ​តូចតាច​តិចតួច​ប៉ុណ្ណោះ។ នោះ​គឺ​ដោយសារ​តែ​ខ្ញុំ​បាន​ខាតបង់​យ៉ាង​ធំ​លើ​ជំនួញ​ព្រះធរណី​នេះ»។
លោក​បន្ត​ថា៖​«​នៅពេល​នោះ​ ខ្ញុំ​ធ្វើ​ជំនួញ​ដីធ្លី​តម្លៃ​រាប់​លាន​ដុល្លារ​ជាមួយ​បរទេស ពេល​យើង​ទៅ​មើល​ដី​ម្តងៗ​សុទ្ធតែ​ជួល​អេឡេកុកទ័រ ជិះ​មួយ​ម៉ោង ២-៣​ពាន់​ដុល្លារ​ឯណោះ ព្រោះ​ដី​រាប់​ម៉ឺន​ហិកតា តែ​ខ្ញុំ​បាន​ខាត​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ការ​រកស៊ី​មិន​មាន​ភាព​ស្មោះត្រង់​នឹង​គ្នា»។
លោក​បន្ត​ទៀត​ថា៖​«​នៅពេល​នោះ ខ្ញុំ​បាន​សម្ងំ​លាក់​ខ្លួន​ជាច្រើន​ឆ្នាំ ទើប​បាន​គ្រាន់​បើ​បន្តិច​នៅពេល​នេះ ហើយ​ឥឡូវ​ខ្ញុំ​មាន​ជំនួញ​តូចតាច​ប៉ុណ្ណោះ»។
លោក​បញ្ជាក់​ថា៖​«​នៅពេល​នេះ ខ្ញុំ​ពិបាក​រកស៊ី​ណាស់ ព្រោះ​ធ្លាប់តែ​កាន់​លុយ​ធំ...»។

ជាមួយ​នឹង​ទុក្ខកង្វល់​តុកស៊ិច​នោះ លោក ហេង ប៊ុនលាភ បាន​លេចមុខ​ជាថ្មី​នៅលើ​វិថីសិល្បៈ​សម្តែង ដែល​នៅពេល​នេះ​លោក​កំពុង​ថត​ភាពយន្ត​ភាគ​ឲ្យ​ផលិតកម្ម​រ៉ុក រឿង «​ទឹកចិត្ត​ប្រពន្ធ​»។
លោក​និយាយ​ថា៖​«​នៅពេល​នេះ ខ្ញុំ​ចង់​លម្ហែ​ឲ្យ​បាត់​តុកស៊ិច​ខ្លះ។ ខ្ញុំ​មក​ថតកុន​វិញ ខ្ញុំ​បាន​ជួប​មិត្តភកិ្ត ថតសម្តែង​ទៅ​ហាក់​ធូរ​អារម្មណ៍​ម្យ៉ាង​ដែរ ហើយ​បាន​ចំណូល​បន្ថែម​ផង»។
តែ​ទោះបី​ជា​យ៉ាង​ណា​លោក​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​មិន​អាច​មក​លេង​សិល្បៈ​១០០​ភាគរយ​ទេ ខ្ញុំ​នៅ​ជាប់​ការងារ​ផ្ទាល់​ខ្លួន​ជាច្រើន​ទៀត​ត្រូវ​មើល​ការ​ខុស​ត្រូវ ពិសេស​មុខ​ជំនួញ​នៅ​សេសសល់​របស់​ខ្ញុំ​»៕

1 comment:

Anonymous said...

He is a nice looking Cambodian man.