តំណាងគណបក្ស សម រង្ស៊ី នៅស្រុកព្រៃកប្បាស ខេត្តតាកែវ ទាមទារដកសមាជិកខ្លួនមួយរូប ចេញពីតំណែងជំទប់ទី១ ប៉ុន្តែមេឃុំមកពីគណបក្សប្រជាជនកម្ពុជា បានប្រឆាំងការទារដកតំណែងនោះ។ មានការចោទប្រកាន់ថា សមាជិកគណបក្ស សម រង្ស៊ី រូបនោះ បានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងពេលបោះឆ្នោតរើសសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ខណ្ឌ ស្រុក ក្នុងពេលកន្លងទៅ។
ទំនាស់ស្នើសុំប្ដូរតំណែងជំទប់ទី១គណបក្ស សម រង្ស៊ី នៅឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ កំពុងតែមានភាពចម្រូងចម្រាស។ ទំនាស់នេះ កើតឡើងក្រោយពីក្រុមប្រឹក្សាស្រុកគណបក្ស សម រង្ស៊ី បានដាក់ពាក្យទៅមេឃុំក្ដាញ់ កាលពីថ្ងៃទី១០ ខែមិថុនា ដើម្បីសុំឲ្យប្ដូរតំណែងជំទប់ទី១ ឈ្មោះ ហ៊ត ទូច ទៅអ្នកលេខរៀងបន្ទាប់ ប៉ុន្តែមេឃុំមិនព្រមប្រថាប់ត្រាការស្នើសុំរបស់គណបក្សនោះទេ។
សមាជិកក្រុមប្រឹក្សាស្រុកព្រៃកប្បាស មកពីគណបក្ស សម រង្ស៊ី លោក សៅ សាម អះអាងនៅថ្ងៃទី១ ខែកក្កដា ថា លោករង់ចាំចម្លើយ និងក្រដាសប្រថាប់ត្រាយល់ព្រមផ្ទេរតំណែងជំទប់ទី១ ឃុំក្ដាញ់ ឈ្មោះ ហ៊ត ទូច មកពីគណបក្ស សម រង្ស៊ី ដែលសង្ស័យថា លោក ហ៊ត ទូច បានធ្វើឲ្យបាត់សំឡេងឆ្នោតនៃសមាជិកគណបក្សសង្គ្រោះជាតិ ពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីខែមុន៖ «ព្រោះគាត់ខុសវិន័យគណបក្ស ដោយសារគាត់មិនស្មោះត្រង់ជាមួយគណបក្ស។ អ៊ីចឹង គណបក្សក៏បញ្ចប់តួនាទីគាត់ លុបឈ្មោះគាត់ពីបញ្ជីឈ្មោះគណបក្ស»។
ជំទប់ទី១ ឃុំក្ដាញ់ លោក ហ៊ត ទូច បដិសេធការដកតំណែង និងចោទគាត់ថា គាំទ្រគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ត ទូច បានលើកឡើងថា គាត់បានបម្រើគណបក្ស សម រង្ស៊ី តាំងពីដំបូងប្រថុយនឹងគ្រោះថ្នាក់សព្វបែបយ៉ាង។ នៅពេលបោះឆ្នោត ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ កាលពីខែឧសភា លោកបានបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ។ ស្រាប់តែលោករងនូវការចោទថា មិនបោះឆ្នោតជូនគណបក្សសង្គ្រោះជាតិ ហើយមានការសុំដកតំណែងលោកពីជំទប់ទី១ ទើបលោកសុំឲ្យរកភស្តុតាងបញ្ជាក់ឲ្យច្បាស់អំពីបញ្ហានេះ៖ «ខ្ញុំបោះឲ្យសង្គ្រោះជាតិ ហើយ មិនមែនមិនបោះទេ ប៉ុន្តែបើតាមពិត ខ្ញុំគ្រាន់តែគណបក្ស សម រង្ស៊ី នៅចាំផ្ទះទេ មិនមែនគណបក្សសង្គ្រោះជាតិ ទេ ប៉ុន្តែខ្ញុំស្តាប់ការណែនាំរបស់គណបក្ស សម រង្ស៊ី ហៅឲ្យជួយគណបក្សសង្គ្រោះជាតិ បានខ្ញុំបោះឲ្យហ្នឹង»។
ប្រធានគណបក្ស សម រង្ស៊ី លោក គង់ គាំ ថ្លែងថា លោកមិនបានដឹងរឿងនោះទេ ប៉ុន្តែនៅពេលបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ គណបក្សនេះបានឲ្យសមាជិកក្នុងតំណែងឃុំ សង្កាត់ ប្រើសញ្ញាសម្គាល់សម្រាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ អ្នកមិនបានគូសតាមសញ្ញាសម្គាល់នោះ គឺមិនបានបោះឆ្នោតឲ្យគណបក្សសង្គ្រោះជាតិ ទេ។
ពាក់ព័ន្ធបញ្ហានេះ មេឃុំក្ដាញ់ លោក គង់ លី ថ្លែងថា លោកបានទទួលលិខិតសុំប្ដូរតំណែងជំទប់ទី១ របស់គណបក្ស សម រង្ស៊ី ហើយកាលពីថ្មីៗនេះ។ លោកបានប្រជុំសមាជិកក្នុងឃុំ ពិភាក្សាការដកតំណែងជំទប់ទី១នោះ ប៉ុន្តែសាមីខ្លួនប្ដឹងទាស់ ទាមទារឲ្យរកភស្តុតាងបញ្ជាក់កំហុស។ ម្យ៉ាងទៀត សមាជិកក្រុមប្រឹក្សាក្នុងឃុំនេះ បានគាំទ្រឲ្យ លោក ហ៊ត ទូច នៅបន្តធ្វើការដដែល ទើបលោកមិនបានប្រថាប់ត្រាយល់ព្រមការស្នើសុំរបស់គណបក្ស សម រង្ស៊ី៖ «ប្ដឹងមិនទុកចិត្តនឹងការដកឈ្មោះហ្នឹង ហើយមិនចូលមកដោះស្រាយ ដឹងតែដកហ្មង អ៊ីចឹងផ្តាច់ការនៅតែផ្តាច់ការដដែលអ៊ីចឹង។ សុំកុំផ្តាច់ការ ដោះស្រាយគ្នាទៅ បើសិនជានៅតែរកឃើញកំហុសខុសឆ្គង អាហ្នឹងអត់អីទេ រឿងពួកនេះ វាមិនពិបាកទេ ប៉ុន្តែគ្រាន់តែថាគេប្ដឹងតវ៉ាឲ្យខ្ញុំលុបគេឯណាឲ្យខ្ញុំដូរគេឯណា បើម្ចាស់គេតវ៉ាហ្នឹង»។
នាយកប្រតិបត្តិអង្គការនិកហ្វិច (Nicfec) ឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា លោក ហង្ស ពុទ្ធា ពន្យល់ថា មិនអាចមានសកម្មជនគណបក្សមួយក្នុងតំណែង ជ្រៀតជ្រែកការងារគណបក្សមួយដែលដកសេចក្តីទុកចិត្តសមាជិករបស់គេនោះទេ។ ការស្នើសុំដក ឬប្ដូរតួនាទី ត្រូវតែអនុវត្តតាមគណបក្សគេសម្រេច។
ប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី ខេត្តតាកែវ លោក ម៉ៅ សុផល ថ្លែងថា ការសុំដកតំណែងនេះ មកពីគណបក្សយល់ថា លោក ហ៊ត ទូច អនុវត្តផ្ទុយពីការណែនាំរបស់គណបក្ស។
ឃុំក្ដាញ់ មានគណបក្សចំនួន៣ កំពុងធ្វើការគ្រប់គ្រងឃុំនោះ គឺគណបក្សប្រជាជនកម្ពុជា ជាប់ជាមេឃុំគណបក្ស សម រង្ស៊ី ជាប់ជំទប់ទី១ គណបក្សសិទ្ធិមនុស្ស ជាប់ជំទប់ទី២ និងសមាជិកក្រុមប្រឹក្សាឃុំ ២នាក់ទៀត មកពីគណបក្សប្រជាជនកម្ពុជា សរុប ៥នាក់ ជាមន្ត្រីឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ៕
No comments:
Post a Comment