A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Sunday 20 July 2014

Actor Sophorn Lary blacklisted for arrest [due to his support for the opposition CNRP] សោភ័ណ្ឌ ឡារី ស្ថិត​ក្នុង​ការ​តាម​ចាប់​ខ្លួន

សោភ័ណ្ឌ ឡារី លើក​ទង់​គណបក្ស​សង្គ្រោះជាតិ នៅពេល​ឃោសនា​ការ​បោះឆ្នោត​កន្លងមក  ។
សោភ័ណ្ឌ ឡារី លើក​ទង់​គណបក្ស​សង្គ្រោះជាតិ នៅពេល​ឃោសនា​ការ​បោះឆ្នោត​កន្លងមក ។ សហការី
នៅ​ថ្ងៃ​ទី​២១ កក្កដា​ខាង​មុខ​នេះ ខ្ញុំ​នឹង​តវ៉ា​ឲ្យ​ទូត​វៀតណាម​សុំទោស និង​ឲ្យ​គេ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ដី​កម្ពុជាក្រោម គឺជា​ដី​របស់​ខ្មែរ...
តារា សម្តែង​រូបសង្ហា សោភ័ណ្ឌ ឡារី ដែល​មាន​ឈ្មោះ​កំណើត​ថា សោភ័ណ្ឌ រិទ្ធី ត្រូវ​បាន​ក្រុម​សន្តិសុខ​សាលារាជធានី​ព្រួត​គ្នា​វាយ​សន្លប់​បាត់​ស្មារតី​កាលពី​ការ​ប៉ះទង្គិច​គ្នា​កាលពី​ថ្ងៃ​អង្គារ ទី​១៥ កក្កដា ហើយ​នៅពេល​នេះ ឡារី កំពុង​លាក់​ខ្លួន​នៅ​កន្លែង​សុវត្ថិភាព​មួយ​។ ឡារី បាន​បញ្ជាក់​ថា ចាប់​តាំងពី​រូប​គេ​លេច​មុខ​ប្រឆាំង​នឹង​ភាព​អសកម្ម​ក្នុង​សង្គម​មក​រូប​គេ​បាន​ទទួល​រង​ការ​គំរាម​សម្លាប់​ជា​បន្តបន្ទាប់។
ជាមួយ​នឹង​ការ​បារម្ភ​ពី​សុវត្ថិភាព ស្រប​ពេល​ដែល​រដ្ឋាភិបាល​ប្រកាស​ចាប់​ខ្លួន​យុវជន​២៥​រូប​បន្ថែម​នោះ តារាសម្តែង​រូប​នេះ​បាន​បញ្ជាក់​ថា៖​«​ខ្ញុំ​មិន​ដឹង​ថា ក្នុង​ចំណោម​២៥​នាក់​នោះ មាន​រូប​ខ្ញុំ​ដែរ ឬ​អត់​ទេ តែ​នៅពេល​នេះ ខ្ញុំ​កំពុង​រស់នៅ​កន្លែង​សុវត្ថិភាព​មួយ ដើម្បី​ការពារ​ខ្លួន...​តែ​យ៉ាង​ណា​ខ្ញុំ​នៅ​តែ​បន្ត​ការ​តវ៉ា ហើយ​នៅ​ថ្ងៃ​ទី​២១​កក្កដា​ខាង​មុខ​នេះ ខ្ញុំ​នឹង​តវ៉ា​ឲ្យ​ទូត​វៀតណាម សុំទោស និង​ឲ្យ​គេ​បញ្ជាក់​ឲ្យ​ច្បាស់​ថា ដី​កម្ពុជា​ក្រោម​គឺជា​ដី​របស់​ខ្មែរ»។
សោភ័ណ្ឌ ឡារី  ថតរូប​ជាមួយ​ប្តី​ប្រពន្ធ​លោក សម រង្ស៊ី ។
សោភ័ណ្ឌ ឡារី ថតរូប​ជាមួយ​ប្តី​ប្រពន្ធ​លោក សម រង្ស៊ី ។ សហការី
តាំងពី​តូច​មក​តារា​រូប​នេះ​មិន​ធ្លាប់​បាន​ចូល​ប្រឡូក​ក្នុង​រឿង​នយោបាយ​ឡើយ ទោះបី​ជា​រូប​គេ​ធ្លាប់​ឆ្លងកាត់​ជីវិត​ដ៏ក្រ​លំបាក​វេទនា​ជាច្រើន​អន្លើ​ក្តី ដូចជា ជីវិត​ជា​អ្នក​រត់តុ កម្មករសំណង់ ស៊ីឈ្នួល​លី​ស៊ីម៉ងត៍ និង​ជីវិត​ជា​អ្នក​សុំទាន​គេ​ជាដើម មុន​នឹង​រូប​គេ​មាន​វាសនា​ក្លាយ​ជា​តារាសម្តែង​មាន​មុខមាត់​ម្នាក់​នៅពេល​នេះ​។ ប៉ុន្តែ​ក្រោយ​បើក​ភ្នែក​ចាប់​កំណើត​នៅលើ​ផែនដី សោភ័ណ្ឌ ឡារី បាន​ដឹងឮ​ពី​ភាព​ឈឺចាប់​ដ៏ធំ​មួយ​នៅក្នុង​គ្រួសារ​ខ្លួន​បាត់​ទៅ​ហើយ គឺ​ដី​របស់​ជីតាទួត​របស់​គេ​ប្រមាណ​១០​ហិកតា​នៅ​ខេត្ត​ស្វាយរៀង ត្រូវ​បាន​អាជ្ញាធរ​យួន​លេបត្របាក់​យក​ទាំង​ស្រុង។
ឡារី បាន​ចូល​ប្រឡួក​នៅក្នុង​វិស័យ​សិល្បៈ​នៅ​ចុង​ឆ្នាំ​២០០៦ តែ​យ៉ាង​ណា​ជីវិត​ជា​តារា​របស់​គេ​មិន​អាច​ផ្តល់​លទ្ធភាព​ឲ្យ​រូប​គេ​ធូរធារ​នោះ​ឡើយ ពោល​គឺ​ដោយសារ​វិស័យ​សិល្បៈ​កម្ពុជា​នៅ​មាន​ភាព​អន់ថយ ដែល​ធ្វើឲ្យ​សិល្បករ​មាន​តម្លៃ​ខ្លួន​មិន​ស្មើ​ខោអាវ​មួយ​កំប្លេ​ផង​។
តារា​វ័យ​២៩​ឆ្នាំ​រូប​នេះ​និយាយ​ថា៖​«​ក្រោយ​ស៊ីដេក អត់ឃ្លាន​តាម​សំយាប​ផ្ទះ​គេ ខ្ញុំ​ក៏​បាន​ចូល​សិល្បៈ តែ​វា​មិន​បាន​ឲ្យ​យើង​ធូរធារ​នោះ​ទេ ព្រោះ​ថត​មួយ​ដង​តម្លៃ​ខ្លួន​២០-៣០​ដុល្លារ ហើយ​មួយ​ខែ​ថត​បាន​៤-៥​ដង​ហ្នឹង»។
ក្រោយ​ចូល​សិល្បៈ​អស់​ជាច្រើន​ឆ្នាំ ទើប​តែ​នៅក្នុង​អាណត្តិ​ទី​៥​នេះ​ប៉ុណ្ណោះ ដែល​គេ​បាន​ឃើញ​តារាសម្តែង​សោភ័ណ្ឌ ឡារី លេចមុខ​ធ្លោ​នៅក្នុង​រឿង​នយោបាយ​របស់​គណបក្ស​សង្គ្រោះជាតិ ខណៈ​តារា​កម្ពុជា​ស្ទើរ​១០០​ភាគរយ​បាន​ចូល​ខ្លួន​ផ្សព្វផ្សាយ និង​ដើរ​តាម​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។
Content image - Phnom Penh Post
តារាសម្តែង​កំព្រា​ឪពុក​តាំងពី​អាយុ​៩​ឆ្នាំ សោភ័ណ្ឌ ឡារី បាន​និយាយ​ថា៖​«​តាមពិត ដំបូង​ឡើយ ខ្ញុំ​មិន​បាន​ចូលរួម​ក្នុង​ចលនា​បក្ស​សង្គ្រោះជាតិ​ទេ ខ្ញុំ​គ្រាន់តែ​យក​អំណោយ​សប្បុរស​របស់​បងប្អូន​អាមេរិក​ទៅ​ចែកជូន​ជន​ក្រីក្រ និង​អ្នក​រងគ្រោះ​ដោយ​ទឹកជំនន់​សោះ តែ​បែរ​ជា​គេ​មក​ចោទ​ខ្ញុំ​ថា ខ្ញុំ​ជា​សកម្មជន​បក្ស​សង្គ្រោះជាតិ តែ​ខ្ញុំ​ក៏​មិន​ថា​អី​ដែរ។ លុះ​ក្រោយមក​ខ្ញុំ​ក៏​បាន​សម្រេច​ចូលរួម​ចលនា​ទាមទារ​យុត្តិធម៌​នានា​របស់​បក្ស​សង្គ្រោះជាតិ នៅពេល​ខ្ញុំ​បាន​មើល​ឃើញ​ពី​ភាព​អសកម្ម និង​អយុត្តិធម៌​ជាច្រើន​បាន​កើតឡើង​ក្នុង​សង្គម​កម្ពុជា​»។
តារាសម្តែង​រូប​នេះ​បាន​បន្ត​ថា៖​«​ខ្ញុំ​ជា​តារាសម្តែង​ម្នាក់ តែ​បើ​ដក​ពាក្យ​ថា «តារា» ចេញ ខ្ញុំ​គឺជា​ពលរដ្ឋ​សាមញ្ញ​ម្នាក់ អ៊ីចឹង​ខ្ញុំ​ក៏​មាន​សិទ្ធិ​ដូចជា​ពលរដ្ឋ​ដទៃ​ដែរ។ ខ្ញុំ​មើល​ឃើញ​ភាព​ឈឺចាប់​របស់​ប្រជាជន​ខ្មែរ​ច្រើន​ពេក ទើប​ខ្ញុំ​សម្រេច​ចិត្ត​ថា ខ្ញុំ​នឹង​ធ្វើ​អ្វី​មួយ​ដើម្បី​ជាតិ​ទាំងមូល ពិសេស​អាជីព​សិល្បៈ​របស់​ខ្ញុំ​»។
យ៉ាងណា​មិញ ការ​ចេញ​មុខ​របស់ ឡារី មិន​គាំទ្រ​គោលនយោបាយ​របស់​រដ្ឋាភិបាល ក៏​មិន​បាន​ផ្តល់​ផល​ល្អ​ឲ្យ​រូប​គេ​ដែរ។ រូប​គេ​ត្រូវ​បាន​ស្ថានីយទូរទស្សន៍ ក្រុមហ៊ុន​ថតស្ប៉ត​ពាណិជ្ជកម្ម ក៏​ដូចជា​ផលិតកម្ម​នានា បញ្ឈប់​មិន​ឲ្យ​ចេញ​មុខ​ទៀត​ផង។
តារា​ដែល​រងទុក្ខ​ធំ​ដោយសារ​ម្តាយ​ធ្លាក់​ខ្លួន​ពិការ​ដៃ​រូប​នេះ​និយាយ​ថា៖​«​ខ្ញុំ​លែង​មាន​ឱកាស​ចេញ​មុខ​លើ​ឆាក​ទូរទស្សន៍​អី​ទៀត​ហើយ គេ​បិទ​ខ្ញុំ​តែ​ម្តង​។ ខ្ញុំ​ទូរស័ព្ទ​សួរ​ប៉ុស្តិ៍​ទូរទស្សន៍​នានា​ដែរ តែ​គេ​ប្រាប់​ថា មាន​គេ​ចេញ​លិខិត​មិន​ឲ្យ​ខ្ញុំ​ឡើង​ឆាក​ទៀត​ទេ»។
ប៉ុន្តែ អ្វី​ដែល​ពិសេស​នោះ គឺ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ឡារី បាន​ទទួល​រង​ការ​គំរាម​អាយុជីវិត​ជា​បន្តបន្ទាប់។ តារា​រូប​នេះ​និយាយ ថា៖ «​បើ​និយាយ​ពី​គេ​គំរាម​វិញ គឺ​ច្រើន​លើក​ណាស់ គ្រប់​រូបភាព គេ​តាម​ខ្ញុំ​ដល់ៗ​ផ្ទះ ។ ខ្ញុំ​មិន​ដឹង​ថា ពួកគេ​ខាង​ណា​ច្បាស់​ទេ តែ​ខ្ញុំ​ក៏​មិន​ព្រម​ឈប់​សកម្មភាព​របស់​ខ្ញុំ​ដែរ​»។
តារា​រូប​នេះ​ក៏​មាន​ក្តីបារម្ភ​រឿង​សុវត្ថិភាព​ផ្ទាល់​ខ្លួន​ដែរ តែ​រូប​គេ​ប្តេជ្ញា​ថា រូប​គេ​នឹង​មិន​ឈប់​ដាច់​ខាត។ ឡារី និយាយ​ថា៖ «​ខ្ញុំ​ក៏​មាន​ការ​បារម្ភ​ដែរ ព្រោះ​ខ្ញុំ​មាន​ម្តាយ និង​ប្អូន ត្រូវ​មើលថែ តែ​ឪពុក​ម្តាយ​របស់​ខ្ញុំ​បង្កើត​មក មិន​ឲ្យ​ខ្ញុំ​ក្បត់​ឧត្តមគតិ​ខ្លួនឯង​ទេ។ តែ​ដើម្បី​សុវត្ថិភាព​នៅពេល​នេះ ខ្ញុំ​ក៏​បាន​ដាក់​ពាក្យបណ្តឹង​ចូល​ទៅ​កាន់ UN អង្គការ​លីកាដូ និង​អាដហុក​រួចរាល់​ហើយ​ដែរ​»។
តារា​រូប​នេះ​បញ្ជាក់​ថា៖​«​ទោះបី​ជា​គេ​គំរាម​អាយុជីវិត​ខ្ញុំ​យ៉ាង​ណា ក៏​ខ្ញុំ​មិន​ឈប់​ដាច់​ខាត។ ខ្ញុំ​ចង់​ទាមទារ​ឲ្យ​មាន​យុត្តិធម៌​នៅក្នុង​សង្គម​ខ្មែរ និង​ចង់​ឲ្យ​ប្រជាពលរដ្ឋ ក៏​ដូចជា​អ្នកសិល្បៈ ពិសេស​សមាគមសិល្បៈ​គិតគូរ​ពី​សិល្បករ​ដូច​រូប​ខ្ញុំ និង​ក្រោក​ឈរ​ទាំងអស់​គ្នា​ប្រឆាំង​នឹង​ភាព​សាហាវ​ឃោរឃៅ​ក្នុង​សង្គម​ខ្មែរ​សព្វថ្ងៃ​»៕

No comments: