A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Monday 14 April 2014

The opposition party plans to raise the issue of Cambodia's loss of maritime boundaries at the Council of Asian Liberal and Democrats meeting in Hong Kong បក្ស​ប្រឆាំង​គ្រោង​យក​បញ្ហា​បាត់​បង់​ព្រំដែន​ទឹក​ទៅ​ជជែក​ក្នុង​កិច្ច​ប្រជុំ​នៅ​ហុងកុង

ដោយ ហង្ស សាវយុត 2014-04-12
ប្រជុំ​បក្ស​នយោបាយ​អាស៊ី ៦១០
កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​គណបក្ស​នយោបាយ​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី មក​ពី ៩​ប្រទេស រយៈពេល ៤​ថ្ងៃ នា​ទីក្រុង​សៀមរាប នៅ​ថ្ងៃ​ទី​១២ ខែ​មេសា ឆ្នាំ​២០១៤។
RFA/Hang Savyouth
គណបក្ស​ប្រឆាំង​នៅ​ប្រទេស​កម្ពុជា គ្រោង​នឹង​លើក​យក​បញ្ហា​បាត់​បង់​ព្រំដែន​ទឹក ដោយសារ​ប្រទេស​វៀតណាម ទៅ​ដាក់​ជជែក​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​នៃ​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី របស់​តំបន់​អាស៊ី នា​ទីក្រុង​ហុងកុង នៅ​ពេល​ខាង​មុខ។ ការ​បង្ហើប​ឱ្យ​ដឹង​នេះ នៅ​ស្រប​ពេល​គណបក្ស​នយោបាយ​ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី​ចំនួន ៩​ប្រទេស កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ទីក្រុង​សៀមរាប។
លោក សម រង្ស៊ី ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ កំពុង​ដឹក​នាំ​កិច្ច​ប្រជុំ​គណបក្ស​នយោបាយ ដែល​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី មក​ពី​ប្រទេស​តំបន់​អាស៊ី​អាគ្នេយ៍ និង​ខ្លះ​ទៀត​មក​ពី​តំបន់​អាស៊ី​បូព៌ា​ផង។
ការ​ជួប​ប្រជុំ​រយៈពេល ៤​ថ្ងៃ នៅ​ក្នុង​ខេត្ត​សៀមរាប គឺ​គណបក្ស​នយោបាយ​មក​ពី​ប្រទេស​ថៃ ប្រទេស​ភូមា ហ្វីលីពីន សិង្ហបុរី ម៉ាឡេស៊ី តៃវ៉ាន់ ហុងកុង សិរីលង្កា និង​ម៉ុងហ្គោលី បាន​ពិភាក្សា​គ្នា​លើ​បញ្ហា​ជាច្រើន ដូច​ជា ការ​ប្រែប្រួល​អាកាសធាតុ​ដោយសារ​ការ​បំផ្លាញ​បរិស្ថាន ការ​បំផ្លាញ​ព្រៃ​ឈើ ការ​ប៉ះពាល់​ដល់​ជីវភាព​របស់​ប្រជាពលរដ្ឋ​តាម​ទន្លេ​មេគង្គ ដោយសារ​សាងសង់​ទំនប់​វារីអគ្គិសនី រួម​និង​កិច្ច​ការពារ​ទៅ​លើ​ជនជាតិ​ភាគ​តិច ដែល​កំពុង​ទទួល​រង​ការ​រំលោភ​សិទ្ធិ​ដោយសារ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច ក្នុង​តំបន់​ពួក​គេ​រស់​នៅ​ទៅ​ឱ្យ​ក្រុមហ៊ុន​ផង។
បណ្ដា​គណបក្ស​នយោបាយ​ដែល​ជា​សមាជិក​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី ក៏​បាន​ផ្ដួចផ្ដើម​របៀបវារៈ​ស្ដីពី​ទំនាស់​នៅ​ដែន​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង ដើម្បី​ត្រៀម​ដាក់​ជជែក​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ទីក្រុង​ហុងកុង នា​ពេល​ខាង​មុខ​ដែរ។
ពាក់ព័ន្ធ​នឹង​បញ្ហា​ជម្លោះ​ដែន​ទឹក​នោះ មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​កម្ពុជា បាន​ឱ្យ​ដឹង​ថា គេ​ក៏​នឹង​លើក​យក​បញ្ហា​បាត់​បង់​ដែន​កោះ​មួយ​ចំនួន ដោយសារ​វៀតណាម ទៅ​ដាក់​ជជែក​ដែរ។ អគ្គនាយក​ទំនាក់ទំនង​សាធារណៈ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អ្នកស្រី មូរ សុខហួរ។ អ្នកស្រី​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១២ ខែ​មេសា ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ដែល​បោះ​បង់​ចោល​ជំហរ​ការពារ​បូរណភាព​ទឹក​ដី​ទាំង​ដែន​គោក ដែន​ទឹក និង​អាកាស​ទេ។ អ្នកស្រី មូរ សុខហួរ បាន​បញ្ជាក់​ថា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នឹង​លើក​យក​បញ្ហា​បាត់​បង់​ដែន​ទឹក ដោយសារ​វៀតណាម ទៅ​ដាក់​ជជែក​នៅ​ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​នៃ​សមាជិក​ក្រុម​ប្រឹក្សា​ប្រជាធិបតេយ្យ​សេរី​អាស៊ី នៅ​ទីក្រុង​ហុងកុង នា​ពេល​ខាង​មុខ។
ទោះ​យ៉ាង​ណា គណបក្ស​សង្គ្រោះ​ជាតិ នៅ​មិន​ទាន់​បញ្ជាក់​ឱ្យ​ច្បាស់​ថា តើ​គេ​នឹង​លើក​បញ្ហា​តំបន់​មួយ​ណា​ឱ្យ​ប្រាកដ​ទេ?៖ «ពេល​ជួប​គ្នា​នៅ​ហុងកុង យើង​នឹង​លើក​នៅ​ហុងកុង។ ដោយសារ​លោក​ប្រធាន​អត់​បាន​មាន​ប្រសាសន៍​ឱ្យ​ច្បាស់ ប៉ុន្តែ​រឿង​កោះត្រល់ រឿង​កោះ​ដទៃ​ទៀត ដែល​គណបក្ស​សង្គ្រោះ​ជាតិ តែង​តែ​និយាយ យើង​អត់​មាន​បោះ​ចោល​ទេ នៅ​ក្នុង​បញ្ជី​ដដែល ប៉ុន្តែ​អំបាញ់មិញ​លោក​ប្រធាន​អត់​បាន​លើក​មក​ច្បាស់ ខ្ញុំ​អត់​ទាន់​ហ៊ាន ខ្ញុំ​មិន​អាច​និយាយ​បាន»
មន្ត្រី​រដ្ឋាភិបាល​ហាក់​មិន​បង្ហាញ​ប្រតិកម្ម​ខ្លាំងក្លា​តប​ត​ទៅ​នឹង​គណបក្ស​ប្រឆាំង ដែល​គ្រោង​នឹង​លើក​យក​បញ្ហា​បាត់​បង់​ដែន​ទឹក​ទៅ​ជជែក​នោះ​ទេ។
អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា ការ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​លើក​យក​បញ្ហា​បាត់​បង់​ដែន​ទឹក​ទៅ​ដាក់​ជជែក​នោះ គឺ​គ្រាន់​តែ​ជា​ឆន្ទៈ​នៃ​អ្នក​ដែល​មិន​ស្ថិត​នៅ​ក្នុង​អំណាច​រដ្ឋ​ប៉ុណ្ណោះ៖ «អា​ហ្នឹង​ជា​សិទ្ធិ​សេរីភាព​របស់​គាត់។ ចំពោះ​រាជ​រដ្ឋាភិបាល​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​ជាតិ តំបន់ ហើយ​និង​អន្តរជាតិ ដែល​យើង​ត្រូវ​ធ្វើ។ ចំពោះ​យើង​ជា​ស្ថាប័ន​ជាតិ ហើយ​ក៏​ជា​ស្ថាប័ន​មួយ​ភ្ជាប់​ជាមួយ​តំបន់ ជាមួយ​អន្តរជាតិ យើង​មិន​អាច​ធ្វើ​អ្វី​ក្រៅ​ពី​ច្បាប់​ដែល​បាន​ចែង​នោះ​ទេ»
កាល​ពី​ខែ​សីហា ឆ្នាំ​២០១៣ កន្លង​ទៅ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា នៅ​ប្រទេស​បារាំង លោក ស៊ាន ប៉េងសែ ធ្លាប់​អះអាង​ថា កោះ​មួយ​ចំនួន​ដែល​ធ្លាក់​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម គឺ​ដោយសារ​តែ​សន្ធិសញ្ញា​ព្រំដែន​បន្ថែម​រវាង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា នៅ​ក្នុង​អំឡុង​ឆ្នាំ​១៩៨២ ដែល​កាល​ណោះ​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម។
ក៏ប៉ុន្តែ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា ការ​បាត់​បង់​ព្រំដែន​ទឹក ដូច​ជា កោះ​ត្រល់ និង​កោះ​មួយ​ចំនួន​ទៀត​នៅ​ប៉ែក​ខាង​ត្បូង​ខ្សែ​បន្ទាត់​ប្រេវីយេ ទៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៩៣៩។ កាល​ណោះ គឺ​ជា​ការ​ដឹក​នាំ​របស់​របប​មុនៗ មិន​មែន​ជា​របប​ដែល​លោក​គ្រប់គ្រង​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: