A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Wednesday 2 April 2014

Mu Sochua determined to go to the banned Freedom Park លោកស្រី​មូរ សុខ​ហួរ ប្តេជ្ញា​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​រៀងរាល់​ព្រឹក ដើម្បី​រំលឹក​គុណ​អ្នកគាំទ្រ និង​អប់រំ​សមត្ថកិច្ច​​

ដោយ៖​ តាំង វី​ដា​​ | ថ្ងៃពុធ ទី2 ខែមេសា ឆ្នាំ2014, VOD

លោកស្រី មូរ សុខហួរ បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជា​ស្ត្រី​មួយរូប ប្តេជ្ញា​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​ជា​រៀងរាល់ថ្ងៃ ដើម្បី​រំលឹក​គុណ​ដល់​អ្នកគាំទ្រ​គណបក្ស​នេះ និង​អប់រំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​បិទ​ទីលាន​ប្រជាធិបតេយ្យ មិន​ឲ្យ​ពលរដ្ឋ​ប្រមូលផ្តុំ​នៅ​ទីនោះ។
​លោកស្រី មូរ សុខ​ហួរ បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មណ្ឌល​បាត់ដំបង ដែល​មាន​យុវជន​គាំទ្រ​គណបក្ស​នេះ​ប្រមាណ ៣០​នាក់ អមដំណើរ​ជា​មួយ​នោះ ឲ្យដឹងថា លោកស្រី នឹង​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ជា​រៀងរាល់ថ្ងៃ​នៅ​ម៉ោង ៨​ព្រឹក ដើម្បី​រំលឹក​គុណ​ដល់​អ្នកគាំទ្រ ដែល​បាន​ចូលរួម​បាតុកម្មអហិង្សា​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យមាន​ការកែទម្រង់​ប្រព័ន្ធ​បោះឆ្នោត និង​បោះឆ្នោត​ឡើងវិញ នា​ពេលកន្លងមក​។​
លោកស្រី មូរ សុខ​ហួរ បន្តថា ការ​ទៅ​កាន់​ទីលាន​ប្រជាធិបតេយ្យ ជា​រៀងរាល់​ព្រឹក​នេះ​ដែរ ក៏​ក្នុង​គោលបំណង​ដើម្បី​អប់រំ​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​តែងតែ​បិទ​ច្រក​ចេញចូល​ទីលាន​ប្រជាធិបតេយ្យ និង​បង្ក្រាប​ទៅលើ​ក្រុម​បាតុករ និង​ប្រជាពលរដ្ឋ អំពី​សិទ្ធិ​សេរីភាព​ក្នុង​ការប្រមូលផ្តុំ និង​បញ្ចេញមតិ​ «ស្មារតីរបស់យើងនៅពេលនេះ នៅទីលានប្រជាធិបតេយ្យហើយ ប្រជាពលរដ្ឋរាប់លាននាក់ គាំទ្រយើង ថាយើងនៅទីលានប្រជាធិបតេយ្យ ទីលានប្រជាធិបតេយ្យជារបស់យើង ប៉ុណ្ណឹងគឺជាសារគ្រប់គ្រាន់ហើយ ប្រសិនជាលោក ហ៊ុន សែន គាត់ស្តាប់ឮ គាត់នឹងបើកទីលានប្រជាធិបតេយ្យ យុទ្ធសាស្ត្រគាត់ ជាយុទ្ធសាស្ត្របិទ»។
​ទោះជា​យ៉ាងណា គោលបំណង​ដែល​ទៅកាន់​ទីលាន​ប្រជាធិបតេយ្យ​នេះ របស់​បេក្ខជន​ជាប់ឆ្នោត​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ត្រូវ​បាន​បរាជ័យ​ជាថ្មី ដោយសារ​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់ បានដាក់រ​បាំងបិទ​ច្រកចេញ​ចូល​ទីលាន​ប្រជាធិបតេយ្យ នៅ​ព្រឹក​នេះ​។​
នៅពេល​ដែល​អ្នកស្រី​កំពុង​មាន​វត្តមាន​នៅ​ទីលាន​ប្រជាធិបតេយ្យ ក៏​មាន​យុវជន​ម្នាក់​ឈ្មោះ វណ្ណី បាន​ចេញ​មុខ​ប្រាប់​ទៅ​អ្នកស្រី ឲ្យ​បញ្ឈប់​ការប្រមូលផ្តុំ​នេះដែរ ដោយ​អះអាង​ថា ប្រជាពលរដ្ឋ​មិន​ចង់ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើបាតុកម្ម​នោះ​ទេ ហើយ​ថា​ការធ្វើ​បាតុកម្ម​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​នា​ពេលកន្លងមក គឺ​គ្រាន់តែ​ជា​កលល្បិច​នយោបាយ​របស់​បក្សប្រឆាំង​នេះ​ប៉ុណ្ណោះ​ «រួចចុះឆន្ទៈរាស្ត្រដូចខ្ញុំនេះ ឥឡូវគាត់យកឆន្ទៈរាស្ត្រដើម្បីធ្វើបាតុកម្ម ចុះខ្ញុំមានសិទ្ធិជាឆន្ទៈរាស្ត្រ ខ្ញុំសូមឲ្យគាត់ផ្អាកធ្វើបាតុកម្មបានអត់ នេះបើគាត់ធ្វើតាមឆន្ទៈរាស្ត្រមែន»។
លោក វណ្ណី ជាអ្នកស្នើឲ្យលោកស្រី មូរ​ សុខហួរ បញ្ឈប់ការប្រមូលផ្តុំរបស់គណបក្សសង្គ្រោះជាតិ (រូបថត៖ តាំង វីដា)
សម្រាប់​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យដឹងថា ទីលាន​ប្រជាធិបតេយ្យ នឹង​ត្រូវ​បើក​ឲ្យមាន​ការប្រមូលផ្តុំ លុះណាតែ​សង្គម​កម្ពុជា មាន​ស្ថិរភាព​នឹងនរ​ឡើងវិញ​។ លោក​យល់ថា សកម្មភាព​របស់​លោក​ស្រី មូរ សុខ​ហួរ គឺ​ចេតនា​បង្កជម្លោះ​រវាង​គណបក្ស​នយោបាយ​ទាំងពីរ​ «ដោះស្រាយការងារ ដោះស្រាយតាមចិញ្ចើមថ្នល់ ដោះម៉េចនឹងចេញ បើមិនចូលសភា។ ខ្ញុំយល់ថា ទៅប្រជុំមានប្រយោជន៍ជាង ទៅទីលានប្រជាធិបតេយ្យហ្នឹង។ ហើយបើទៅទីលានប្រជាធិបតេយ្យ បានន័យថាម៉េច? បានន័យថា គាត់អត់ការងារធ្វើចេះតែសន្សំរឿងទៅ»។

អ្នកវិភាគ​នយោបាយ​លោក បណ្ឌិត សុខ ទូច យល់ថា  ចំពោះ​ស្ថានភាព​ជាក់ស្តែង​នៅពេលនេះ ទីលាន​ប្រជាធិបតេយ្យ គប្បី​បើក​ទូលាយ​​ឲ្យ​មាន​ការប្រមូលផ្តុំ​បញ្ចេញម​តិ ស្របតាម​គោលការណ៍​ លទ្ធិប្រជាធិបតេយ្យ​។​
កាលពី​ថ្ងៃ​ទី​៤ ខែ​មករា ឆ្នាំ​២០១៤ ក្រសួងមហាផ្ទៃ បាន​ចេញ​បម្រាប​ ហាមឃាត់​ការប្រមូលផ្តុំ នៅលើ​ទីលាន​ប្រជាធិតេយ្យ ដែល​មាន​មនុស្ស​ចាប់​១០​នាក់​ឡើយ​ទៅ ក្រោម​ហេតុផល​ស្តារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម​ឡើងវិញ​។
ក្រោយ​ការ​ដាក់​បម្រាម​នេះ កម្លាំង​សមត្ថកិច្ច​ជាច្រើន​រយ​នាក់ ត្រូវបាន​ដាក់ពង្រាយ លើ​បរិវេណ​ទីលាន​ប្រជាធិបតេយ្យ ហើយ​រាល់​ការប៉ុនប៉ង​ប្រមូលផ្តុំ​របស់​ប្រជាពលរដ្ឋ និង​កម្មករ​រោងចក្រ គឺ​ត្រូវបាន​រារាំង រហូត​ឈានដល់​ការប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​៕
កែតម្រូវ ៖ លោកស្រី មូរ សុខហួរ ទៅកាន់ទីលានប្រជាធិបតេយ្យ ដើម្បីទាមទារសិទ្ធិសេរីភាព ទីលានប្រជាធិបតេយ្យ មិន​មែន​រហូត​ដល់​​មាន​ជំនួប​កំពូល និង​មាន​ដំណោះស្រាយ​លើ​បញ្ហា​នយោបាយ​នៅ​កម្ពុជា​ ដូចបានការចុះផ្សាយមុនទេ។​
សូមសរសេរមកកាន់លោក តាំង វីដា តាមរយៈ vida@vodhotnews.com

No comments: