A Change of Guard

សូមស្តាប់វិទ្យុសង្គ្រោះជាតិ Please read more Khmer news and listen to CNRP Radio at National Rescue Party. សូមស្តាប់វីទ្យុខ្មែរប៉ុស្តិ៍/Khmer Post Radio.
Follow Khmerization on Facebook/តាមដានខ្មែរូបនីយកម្មតាម Facebook: https://www.facebook.com/khmerization.khmerican

Thursday 10 April 2014

International organisations urge America to investigate election irregularities in Cambodia អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​អាមេរិក​ស៊ើប​អង្កេត​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា

ដោយ តាំង សារ៉ាដា 2014-04-09
បាតុកម្ម បោះ​ឆ្នោត ខ្មែរ​អាមេរិក ៦១០
១៩-សីហា-២០១៣៖ ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​មុខ​ការិយាល័យ​អង្គការ​សហប្រជាជាតិ នា​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក ទាមទារ​ឲ្យ​ជួយ​​ដោះស្រាយ​បញ្ហា​ភាព​មិន​ប្រក្រតី​នៃ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី​៥ ឆ្នាំ​២០១៣។
RFA/Taing Sarada
អង្គការ​មូលនិធិ​បេតិកភណ្ឌ​ពិភពលោក ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន (Washington) ស្នើ​ដល់​បណ្ដា​ប្រទេស​ដែល​ជា​ម្ចាស់​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ រួម​មាន សហរដ្ឋ​អាមេរិក ជប៉ុន ឥណ្ឌូនេស៊ី អូស្ត្រាលី អង់គ្លេស បារាំង និង​បណ្ដា​ប្រទេស​ជាច្រើន​ទៀត ដើម្បី​ត្រួត​ពិនិត្យ​មើល និង​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​តាម​លទ្ធិប្រជាធិបតេយ្យ។
របាយការណ៍​របស់​អង្គការ​មូលនិធិ​បេតិកភណ្ឌ​ពិភពលោក ចំនួន ១១​ទំព័រ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​មីនា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក បង្កើត​គណៈកម្មាធិការ​ឯករាជ្យ​មួយ ដើម្បី​ស៊ើប​អង្កេត​លើ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣។ ម្យ៉ាង​ទៀត សហរដ្ឋ​អាមេរិក ត្រូវ​ចេញ​មុខ​រិះគន់​ជា​សាធារណៈ​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស​របស់ លោក ហ៊ុន សែន។
របាយការណ៍​នោះ​សរសេរ​ថា បើ​ទោះ​បី​កម្ពុជា តូច និង​មាន​សេដ្ឋកិច្ច​កំពុង​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​យ៉ាង​ណា​ក៏ដោយ ក៏​ប្រទេស​កម្ពុជា តែង​តែ​ជា​ចំណុច​កណ្ដាល​នៃ​នយោបាយ​ពិភពលោក។
ប្រធាន​មូលនិធិ​សង្គ្រោះ​ជាតិ​ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋ​អាមេរិក លោក ទូច វិបុល អះអាង​ថា របាយការណ៍​របស់​អង្គការ​មូលនិធិ​ពិភពលោក គឺ​ជា​មូលដ្ឋាន​សំខាន់​មួយ​សម្រាប់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ទាំងអស់ ក្នុង​ការ​ដាក់​សម្ពាធ​ដល់​តំណាង​រាស្ត្រ​របស់​ខ្លួន​ឲ្យ​យក​ចិត្ត​ទុក​ដាក់​បន្ថែម​ទៀត​ដល់​ប្រទេស​កម្ពុជា៖ «អ្វី​ដែល​យើង​អាច​ក្រេប​ជញ្ជក់​ពី​របាយការណ៍​នោះ​បាន គឺ​ថា​ក្នុង​នាម​យើង​ជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដែល​រស់​នៅ​តាម​បណ្ដា​ប្រទេស​នានា​យក​នូវ​ខ្លឹមសារ​ដ៏​សំខាន់ៗ​នៃ​របាយការណ៍​នេះ ផ្ញើ​ជូន​តំណាង​រាស្ត្រ​របស់​យើង តំណាង​ព្រឹទ្ធសភា​របស់​យើង​ឲ្យ​បាន​យល់​ជ្រួតជ្រាប​អំពី​សារសំខាន់​នៃ​ប្រទេស​កម្ពុជា ពីព្រោះ​ក្នុង​របាយការណ៍​នេះ​គេ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា កម្ពុជា ជា​ប្រទេស​មួយ​ដ៏​សំខាន់ ដែល​ជា​ផល​ប្រយោជន៍​សំខាន់​របស់​សហរដ្ឋ​អាមេរិក ពីព្រោះ​ថា​ខ្ញុំ​ផ្ទាល់​ក៏​ដូច​ជា​ក្រុម​ការងារ​មួយ​ចំនួន ដែល​បាន​ទៅ​ជួប​ជាមួយ​តំណាង​រាស្ត្រ​ក៏ដោយ ឬ​ព្រឹទ្ធសភា​អាមេរិក ក៏ដោយ គឺ​ថា​សំណួរ​ដែល​តែង​តែ​ដិត​ជាប់​នឹង​ខួរ​ក្បាល​របស់​យើង គឺ​ថា តើ​កម្ពុជា មាន​អ្វី​សម្រាប់​សហរដ្ឋ​អាមេរិក? ដូច​យើង​បាន​ដឹង​ហើយ​ថា សហរដ្ឋ​អាមេរិក ដែល​ចុះ​ជួយ​បណ្ដា​ប្រទេស​នានា ដូច​ជា នៅ​ប្រទេស​អ៊ីរ៉ាក់ (Iraq) អាហ្វហ្គានីស្ថាន (Afghanistan) និង​បណ្ដា​ប្រទេស​ដទៃ​ទៀត គឺ​គេ​សម្លឹង​ឃើញ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ជា​ធំ»
ទោះ​បី​ជា​យ៉ាង​ណា​ក្តី អ្នក​នាំ​ពាក្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ លោក សន ម៉ាឃីនតូស (Sean Macintosh) បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ពុធ នេះ​ថា សហរដ្ឋ​អាមេរិក តែង​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​បំផុត​សម្រាប់​បញ្ហា​កម្ពុជា ជាពិសេស​ការ​ព្រួយ​បារម្ភ​អំពី​តម្លាភាព​នៃ​ការ​បោះ​ឆ្នោត៖ «សហរដ្ឋ​នៅ​តែ​បន្ត​បង្កើន​ទំនាក់ទំនង​ល្អ​របស់​ខ្លួន​ជាមួយ​ពលរដ្ឋ​ខ្មែរ ហើយ​បញ្ហា​លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស គឺ​ជា​អត្ថិភាព​ខ្ពស់​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ក្នុង​ការ​យក​ចិត្ត​ដាក់​ដល់​កម្ពុជា»
របាយការណ៍​របស់​អង្គការ​បេតិកភណ្ឌ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា ចាប់​តាំង​ពី​សង្គ្រាម​វៀតណាម ឈាន​ដល់​របប​ខ្មែរ​ក្រហម​រហូត​ដល់​ការ​ឈ្លាន​ពាន​របស់​វៀតណាម និង​សង្គ្រាម​ដទៃ​ទៀត​ដែល​តែង​មាន​ការ​ជាប់​ពាក់ព័ន្ធ​យ៉ាង​ជ្រៅ​ពី​មហា​អំណាច​នានា ហើយ​ថា​បញ្ហា​របស់​កម្ពុជា គឺ​តែង​នៅ​ជា​ចំណុច​កណ្ដាល​របស់​សហរដ្ឋ​អាមេរិក ក្នុង​ការ​ប្រើប្រាស់​ឥទ្ធិពល​របស់​ខ្លួន​ក្នុង​តំបន់។ ដូច្នេះ​ហើយ ស្ថិរភាព និង​ការ​វិវឌ្ឍ​នយោបាយ​របស់​កម្ពុជា គឺ​ជា​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក។
អង្គការ​មូលនិធិ​បេតិកភណ្ឌ​លើក​ឡើង​ថា លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា នឹង​ជួយ​បង្កើត​នូវ​ការ​ផ្សារភ្ជាប់​ផល​ប្រយោជន៍ និង​តម្លៃ​នយោបាយ​ក្នុង​តំបន់​របស់​សហរដ្ឋ​អាមេរិក ហើយ​ដែល​វា​ក៏​ជា​ប្រយោជន៍​យូរ​អង្វែង​របស់​សហរដ្ឋ​អាមេរិក។
លើស​ពី​នេះ កម្ពុជា ជា​ផ្នែក​មួយ​របស់​អាស៊ាន (ASEAN) ដែល​ក្នុង​លក្ខន្តិកៈ​របស់​ខ្លួន​ចែង​ថា ទោះ​បី​ជា​ប្រទេស​នេះ​តូច ឬ​ធំ គឺ​មាន​សំឡេង​ស្មើ​គ្នា។ ហើយ​ថា នេះ​ក៏​ជា​ផល​ប្រយោជន៍​របស់​សហរដ្ឋ​អាមេរិក ផង​ដែរ​ក្នុង​ការ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អាស៊ាន។
សហរដ្ឋ​អាមេរិក ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស ផង​ដែរ ដូច្នេះ​នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សហរដ្ឋ​អាមេរិក នាំ​មុខ​គេ​ក្នុង​ការ​ពង្រីក និង​ពង្រឹង​សិទ្ធិ​មនុស្ស និង​សេរីភាព​នានា​នៅ​កម្ពុជា។ ហើយ​នយោបាយ​របស់​សហរដ្ឋ​អាមេរិក អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា មាន​ការ​ប្រែប្រួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

No comments: